អន្តរជាតិ
ទោះកូរ៉េខាងជើងមិនឆ្លើយតប កូរ៉េខាងត្បូងនៅតែចង់ចរចាអន្តរកូរ៉េដដែល
× កូរ៉េខាងត្បូងមិនទាន់ទទួលបានចម្លើយពីកូរ៉េខាងជើងលើសំណើសុំចរចាយោធា និងកាកបាទក្រហមនៅឡើយទេ។ ប៉ុន្តែកូរ៉េខាងត្បូងសង្ឃឹមថា កូរ៉េខាងជើងនឹងឆ្លើយតបក្នុងពេលឆាប់ៗខាងមុខមិនខាន។ ក្រុងសេអ៊ូលក៏ប្រកាសដែរថា បើទោះជាព្យុងយ៉ាងនៅតែធ្វើមិនដឹងមិនលឺក៏ដោយ ក៏ខ្លួននៅបន្តជំរុញទំនាក់ទំនងអន្តរកូរ៉េដដែល ជាមួយនឹងគោលដៅរក្សាស្ថិរភាព និងបញ្ចប់វិបត្តិឧបទ្វីបកូរ៉េតាមផ្លូវសន្តិភាព។
អស់ពេល៥ថ្ងៃមកហើយដែលកូរ៉េខាងត្បូងដាក់សំណើផ្លូវការទៅកាន់កូរ៉េខាងជើងដើម្បីរៀបចំជំនួបយោធា និងកាកបាទក្រហមរវាងកូរ៉េខាងទាំងពីរ។ ប៉ុន្តែគេមិនទាន់ឃើញមានការឆ្លើយតបណាមួយពីសំណាក់កូរ៉េខាងជើងនៅឡើយទេនៅថ្ងៃទី២១ ខែកក្កដានេះ។ កូរ៉េខាងត្បូង ដែលរង់ចាំចម្លើយទាំងអន្ទះអន្ទែងនោះ ហាក់អស់សង្ឃឹមនឹងទទួលចម្លើយពីកូរ៉េខាងជើង តែបានអះអាងថា ការមិនអើពើរបស់កូរ៉េខាងជើង នឹងមិនប៉ះពាល់ការប្រឹងប្រែងដើម្បីរក្សាទំនាក់ទំនងអន្តរកូរ៉េឡើយ។
ទាំងកំពុងរង់ចាំការឆ្លើយតបនោះ រដ្ឋាភិបាលកូរ៉េខាងត្បូងនិយាយដែរថា ខ្លួននឹងមិនដាក់សំណើទៅកាន់កូរ៉េខាងជើងម្ដងទៀតទេ ព្រោះសំណើចាស់ដែលសុំចរចាផ្នែកយោធាមិនទាន់មានចម្លើយនៅឡើយ។ ចំណែកឯកូរ៉េខាងជើងវិញ ក៏នៅតែបន្តភាពស្ងៀមស្ងាត់របស់ខ្លួនដដែល ហើយមិនក៏បាននិយាយថាទទួលយកសំណើកូរ៉េខាងត្បូង ឬក៏ទាត់ចោល ឬក៏ទទួលយកសំណើ ហើយបដិសេធមួយទៀតដែរ។
នៅថ្ងៃទី២១ ខែកក្កដានេះ ក្រសួងបង្រួបបង្រួមកូរ៉េរបស់កូរ៉េខាងត្បូង ក៏បានទទូចឲ្យកូរ៉េខាងជើងទទួលយកសំណើទាំងពីររបស់ខ្លួន។ យោធាកូរ៉េខាងត្បូងចង់ជួបយោធាកូរ៉េខាងជើងនៅថ្ងៃទី២១ ខែកក្កដានេះ ដើម្បីបន្ថយកម្ដៅតានតឹងតាមព្រំដែនអន្តរកូរ៉េ និងជំនួបរវាងស្ថាប័នមនុស្សធម៌នៅថ្ងៃទី១ ខែសីហា ដើម្បីរៀបចំការជួបជុំគ្រួសារកូរ៉េទាំងពីរឡើងវិញ។ ប៉ុន្តែសំណើទីមួយបានមកដល់ថ្ងៃកំណត់ទៅហើយ នៅសល់តែសំណើទីពីរ។
យោងតាមទីភ្នាក់ងារព័ត៌មាន Yonhap អ្នកនាំពាក្យក្រសួងខាងលើនិយាយថា កូរ៉េខាងត្បូងនឹងមិនឲ្យជំហររបស់ខ្លួនវៀចវេរដោយសារការស្ងៀមស្ងាត់របស់កូរ៉េខាងជើងទេ តែកូរ៉េខាងត្បូងនឹងបន្តការព្យាយាមរបស់ខ្លួនក្នុងគោលដៅពង្រឹងទំនាក់ទំនងកូរ៉េទាំងពីរជាជំហានៗ និងដោយអាកប្បកិរិយាមិនឆេវឆាវទេ។ អ្នកនាំពាក្យដដែលរំពឹងថាកូរ៉េខាងជើងនឹងឆ្លើយតបសំណើចរចារបស់ខ្លួនឲ្យឆាប់តាមតែអាចធ្វើបាន។
អ្វីគួរឲ្យកត់សម្គាល់នោះ ខណៈដែលរដ្ឋាភិបាលកូរ៉េខាងជើងមិនទាន់ឆ្លើយសំណើកូរ៉េខាងត្បូងនោះ សារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun បានចាត់ទុកសំណើរបស់កូរ៉េខាងត្បូងជារឿងគ្មានប្រយោជន៍។ គ្មានប្រយោជន៍ត្រង់ថា កូរ៉េខាងត្បូងចង់ចរចា ប៉ុន្តែបែរជាបន្តដាក់ទណ្ឌកម្មលើកូរ៉េខាងជើងដដែល។ តាមពិតនេះជាជំហររបស់កូរ៉េខាងត្បូង ដែលចង់ចរចាផង ចង់ដាក់សម្ពាធលើកូរ៉េខាងជើងផង សំដៅធ្វើរំសាយនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ៕
Tag:
កូរ៉េខាងត្បូង
កូរ៉េខាងជើង
នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com