ជាតិ
ឱកាសសម្រាប់អ្នកដែលចង់ស្គាល់ និងចង់ប្រកបអាជីពជាអ្នកកាសែត
× ក្លិបអ្នកកាសែតកម្ពុជា (Club of Cambodian Journalists) នឹងបន្តបើកវគ្គបណ្តុះបណ្តាលថ្មីទៀតដែលនឹងចាប់ផ្តើមនៅថ្ងៃទី៥ខែសីហាខាងមុខនេះ សម្រាប់អ្នកដែលចង់យល់ពីការងាររបស់អ្នកកាសែត និងអ្នកដែលចង់ក្លាយជាអ្នកកាសែតអាជីព។
វាគឺជាវគ្គបណ្តុះបណ្តាលបង់ថ្លៃដែលមានរយៈពេល១២០ម៉ោង ដោយផ្តល់ការសិក្សារៀងរាល់ថ្ងៃសៅរ៍។ រយៈពេលនៃការសិក្សាចំនួន១២០ម៉ោងនេះ អ្នកសិក្សាត្រូវបង់ថ្លៃចំនួន៧៥ដុល្លារ។ ប៉ុន្តែសមាជិកក្លិបអ្នកកាសែតកម្ពុជា នឹងទទួលបានការចុះថ្លៃចំនួន២០ដុល្លារ ហើយសម្រាប់អ្នកចុះឈ្មោះជាក្រុមចាប់ពី៣នាក់ឡើងទៅ ពួកគេនឹងទទួលបានចុះថ្លៃ១៥ដុល្លារ។ សម្រាប់មនុស្សម្នាក់ដែលមកចុះឈ្មោះចូលរៀនក្នុងចំណោម៣៥នាក់ដំបូង ពួកគេនឹងទទួលបានការចុះថ្លៃ ចំនួន១០ដុល្លារ។
ការសិក្សានឹងផ្តោតទៅលើជំនាញសរសេរ ការយកព័ត៌មានសម្រាប់វិទ្យុ កាសែត សារព័ត៌មានអនឡាញ និងទូរទស្សន៍ រួមទាំងជំនាញថតរូបសារព័ត៌មានផង ដោយមានការដឹកនាំបង្រៀនដោយអ្នកកាសែតមានពិសោធន៍។ គ្រូឧទ្ទេសដែលសុទ្ធសឹងតែជាអ្នកអាជីពមានដូចជា លោក ប៉ែន បូណា និពន្ធនាយកនៃទូរទស្សន៍ PNN, លោក ពុយ គា តំណាងការិយាល័យព័ត៌មានជប៉ុន Kyodo ប្រចាំកម្ពុជា, លោក លាង ដឺលុច អគ្គនាយកសារព័ត៌មានថ្មីៗ និង លោក ងួន សេរ័ត្ន សាស្ត្រាចារ្យសារព័ត៌មាន ជាដើម។
អ្នកដែលចាប់អារម្មណ៍នឹងវគ្គបណ្តុះបណ្តាលនេះ សូមទាក់ទង កញ្ញា ស៊ុំ ដានី តាមរយៈលេខទូរសព្ទ ០៧៧ ៤៨០ ១៧១ ឬ ០៧៦ ៥៩៩២ ៦៥៧ ៕
© រក្សាសិទ្ធិដោយ thmeythmey.com