ជាតិ
សម្តេច ហ៊ុន សែន ចំណាយ​ថវិកា ៥ ម៉ឺន​ដុល្លារ ដើម្បី​ជួយ​សង់​ចេតិយ លោក កែម ឡី​
22, Jul 2017 , 1:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ បានប្រកាស​ឧបត្ថម្ភ​ថវិកា​៥​ម៉ឺន​ដុល្លារ ជូន​ក្រុមគ្រួសារ​លោក​បណ្ឌិត​កែម ឡី ដើម្បី​សាងសង់​ចេតិយ​តម្កល់​ធាតុ​លោក កែម ឡី​។ កាលពីពេល​កន្លងទៅ សម្តេច ហ៊ុន សែន ក៏​ធ្លាប់បាន​ចូល​បុណ្យ ១ ម៉ឺន​ដុល្លារ ដើម្បី​ឲ្យ​គ្រួសារ​លោក​សព​ចាត់ចែង ក្នុង​ពិធី​រម្លឹក​ខួប​មួយឆ្នាំ​នៃ​មរណភាព​លោក កែម ឡី ផងដែរ​។



​នៅ​ថ្ងៃទី​២២ ខែកក្កដា​នេះ សម្តេច ហ៊ុន សែន បានប្រកាសឧបត្ថម្ភ​ថវិកា​៥​ម៉ឺន​ដុល្លារ​ ដល់​គ្រួសារ​លោក កែម ឡី ដើម្បី​សាងសង់​ចេតិយ តម្កល់​ធាតុ​លោក​បណ្ឌិត កែម ឡី ដែល​ត្រូវបាន​ឃាតករ​បាញ់សម្លាប់​កាល​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។

​សម្តេច ហ៊ុន សែន បានប្រកាស​តាមរយៈ​អង្គភាព​ព័ត៌មាន Fresh news ថា ប្រសិនបើ​ក្រុមគ្រួសារ​សព​លោក កែម ឡី រក​ថវិកា​ពី​សប្បុរសជន​ជួយ​មិនបាន ឬ​ថវិកា​ដែល​គណៈកម្មការ​ប្រមូល​ដើម្បី​សាងសង់​ជាង​មួយឆ្នាំ​កន្លងមក​មិន​គ្រប់​ចំនួន​នោះ សម្តេច នឹង​ជួយឧបត្ថម្ភ​ថវិកា​ជា​បន្តបន្ទាប់​ទៀត រហូត​ដំណើរការ​សាងសង់​ចេតិយ​សម្រេច​ជា​ស្ថាពរ​។ បើតាម​សារព័ត៌មាន Fresh news ដដែល ការណ៍​ដែល​ប្រមុខ​រដ្ឋាភិបាល ប្រកាស​ផ្តល់​ថវិកា​៥​ម៉ឺន​ដុល្លារ​នេះ គឺ​បន្ទាប់ពី​លោក កែម រិ​ទ្ធិ​សិទ្ធ ប្អូនប្រុស​បង្កើត​របស់ លោក កែម ឡី បាន​អំពាវនាវ​រក​ថវិកា ដើម្បី​សង់​ចេតិយ​ជូន​ប្រុស​របស់ខ្លួន​។

​សូមបញ្ជាក់ថា លោក​បណ្ឌិត កែម ឡី ដែល​គេ​ស្គាល់​ថា ជា​អ្នកស្រាវជ្រាវ​សង្គម និង​នយោបាយ ព្រមទាំង​ជា​វាគ្មិន​ដ៏​ល្បី​ល្បាយ​ម្នាក់ ត្រូវបាន​ឃាតករ​បាញ់សម្លាប់​កាលពី​ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ​២០១៦ ។ ករណី​ឃាតកម្ម​កណ្តាល​រាជធានី​ភ្នំពេញ​នេះ សមត្ថកិច្ច បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ អឿ​ត អាង ហៅ ជួប សម្លាប់ ហើយ​កាលពី​ខែឧសភា ឆ្នាំ ២០១៧ តុលាការ​ដំបូង​រាជធានី​ភ្នំពេញ បាន​កាត់ទោស​ជនសង្ស័យ​រូ​នេះ ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត ពីបទ ឃាតកម្ម​គិតទុក​ជាមុន និង​ការកាន់កាប់​អាវុធ​ខុសច្បាប់​៕


Tag:
 ​ហ៊ុន សែន​
  កែម ឡី​
© រក្សាសិទ្ធិដោយ thmeythmey.com