ជាតិ
សុវត្តិភាព ចរាចរណ៍
ចាប់ពី​ខែសីហា តទៅ ម៉ូតូ​ទាំងអស់ នឹងត្រូវ​អ៊ុត QR Code លើ​ស្លាក​លេខ
22, Jul 2017 , 11:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ញ្ជូ​ន លោក ស៊ុន ចាន់ថុល បាន​ថ្លែងថា ចាប់ពី​ខែសីហា​តទៅ ម៉ូតូ​ទាំងអស់ នឹងត្រូវ​បំពាក់ QR Code នៅលើ​ស្លាក​លេខ ដូចដែល​ក្រសួង​កំពុង​បំពាក់ QR Code លើ​ស្លាក​លេខ​រថយន្ត​ដូច្នេះ​ដែរ​។



​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងថា បន្ទាប់ពី​ក្រសួង​បំពាក់ RQ Code នៅលើ​ស្លាក​លេខ​រថយន្ត​រួចរាល់ ស្លាក​លេខ​ម៉ូតូ ក៏​នឹងត្រូវ​បំពាក់ QR Code ដូច​ឡាន​ដែរ​។ លោក​បន្តថា បច្ចុប្បន្ននេះ កម្ពុ​ជាមាន​ម៉ាស៊ីន​អ៊ុត QR Code មួយគ្រឿង ហើយពីរ​គ្រឿង​ទៀត បាន​ដឹក​មកដល់​កំពង់ផែ​កម្ពុជា​ហើយ ដើម្បី​ធ្វើ​ការងារ​នេះ​។ លោក​រដ្ឋមន្ត្រី​បញ្ជាក់​ដូច្នេះ​ថា​៖«​ចាប់ពី​ខែ​៨ ឬ​ខែ​៩ យើង​នឹង​អ៊ុត​QR Code លើ​ម៉ូតូ​ដែរ ។ សព្វថ្ងៃនេះ ម៉ូ​តូច​ទាំងអស់​មាន ៣,៣​លាន​គ្រឿង​»​។

​លោក​រដ្ឋមន្ត្រី ពន្យល់ថា QR Code មិន​បង្ហាញ​ពី​អត្តសញ្ញាណ​ម្ចាស់​យានយន្ត ឬ​អាសយដ្ឋាន​ម្ចាស់​យានយន្ត​នោះទេ ប៉ុន្តែ QR Code ដែលជា​ប្រព័ន្ធ​ដ៏​ទំនើប​មួយ​នេះ នឹង​បង្ហាញ​ពី​ពណ៌ លេខ​កូដ​រថយន្ត និង​ម៉ាក​រថយន្ត​ជាដើម​។ លោក​បន្ថែមថា ការដាក់ QR Code នេះ គឺ​ដើម្បី​កុំ​ឲ្យ​ជនខិលខូច​មួយចំនួន លួច​ស្លាក​លេខ​ឡាន ឬ​ម៉ូតូ​ដទៃ យកទៅ​បំពាក់​លើ​រថយន្ត​ឬ​ម៉ូតូ​របស់ខ្លួន​ដើម្បី​គេច​ពី​ការបង់ពន្ធ​ជូន​រដ្ឋ​។​«​យើង​ប្រើប្រាស់​ប្រព័ន្ធ​នេះ ក៏​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​អ្នក​ដែល​នាំចូល​ឡាន​មក មិន​បង់ពន្ធ ឬ​យក​ស្លាក​លេខ​ឡាន​ដែល​គេ​បង់ពន្ធ​ហើយ យកទៅ​បំពាក់​លើ​ឡាន​មួយទៀត​។ វា​មាន​សារសំខាន់​ណាស់ ក្នុងការ​ប្រមូល​ពន្ធ​ចូលជាតិ​យើង​»​។  

​សូមបញ្ជាក់ថា បើតាម​លោក​រដ្ឋមន្ត្រី នៅ​កម្ពុជា មាន​រថយន្ត ដែល​បាន​ចុះបញ្ជី​រួចរាល់ ប្រមាណ​៥០​ម៉ឺន​គ្រឿង និង​ម៉ូតូ​៣,៣​លាន គ្រឿង​៕   


Tag:
 ម៉ូតូ​
 ​ ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com