បទយកការណ៍ / បទសម្ភាសន៍
យ៉ាងហោចណាស់ មានទឹកប្រាក់ជាង១០០លានដុល្លារក្នុងមួយឆ្នាំដែលចរាចរណ៍ក្នុងអាជីវកម្មចុងភៅ
× វិស័យផ្តត់ផ្គង់សេវាសម្រាប់អាពាហ៍ពិពាហ៍ ជាពិសេសផ្នែកម្ហូបអាហារ (ចុងភៅ) កាន់តែមមាញឹកឡើង នៅពេលដែលកម្ពុជាត្រូវបានមើលឃើញថា មានកំណើនប្រជាសាស្ត្រ និងកំណើននៃកម្មវិធីជាច្រើន។ ក្រៅពីពិធីអាពាហ៍ពិពាហ៍ វាក៏នៅមានកម្មវិធីបុណ្យជាប្រពៃណីជាច្រើនផ្សេងទៀតដែលតម្រូវឲ្យសេវាកម្មផ្គត់ផ្គង់អាហារកាន់តែមានទំហំធំ។ តើអ្វីខ្លះជាចំនុចប្រកួតប្រជែងនៅក្នុងវិស័យនេះ? តើវិស័យនេះបានចូលរួមចំណែកច្រើនប៉ុណ្ណាក្នុងសេដ្ឋកិច្ចកម្ពុជា?
សូមលោកអ្នកអានបទសម្ភាសរវាងលោក លាង ដឺលុច អគ្គនាយកនៃសារព័ត៌មានថ្មីៗ និងលោក ទូច រដ្ឋា នាយកគ្រប់គ្រងទូទៅនៃអាជីវកម្ម សេង ហុកហេង៖
លោក លាង ដឺលុច៖ តើលោក រដ្ឋាអាចដឹងទេថា នៅក្នុងរាជធានីភ្នំពេញនេះ មានអាជីវកម្មចុងភៅ ប្រហែលប៉ុន្មាន?
លោក ទូច រដ្ឋា៖ ជាដំបូងខ្ញុំចង់បញ្ជាក់ថា ជាទូទៅអាជីវកម្មរបស់ពួកយើងបានផ្តល់សេវាលើសពីចុងភៅ។ បានន័យថា វាមានសេវាផ្សេងៗទៀតដូចជា សេវាកាហ្វេ រចនារោង ម៉ាស៊ីនត្រជាក់ចល័តជាដើម។ ត្រឡប់មកសំណួររបស់លោកវិញ វាមានជាង១០០អាជីវកម្មចុងភៅនៅភ្នំពេញ។
លោក លាង ដឺលុច៖ តើអាជីវកម្មប្រភេទនេះ មានការប្រកួតប្រជែងតានតឹងយ៉ាងណាខ្លះ?
លោក ទូច រដ្ឋា៖ តាមពិត អាជីវកម្មនេះមានការប្រកួតប្រជែងខ្លាំងមែនទែន ហើយខ្ញុំគិតថា ចំនួនអាជីវកម្មក៏នឹងអាចធ្លាក់ចុះវិញដែរ ដោយសារតែការប្រកួតប្រជែងនេះ។ របរនេះ យើងមិនត្រឹមគិតតែអំពីអនាម័យ និងសេវាប៉ុណ្ណោះទេ។ នៅពីក្រោយបញ្ហាពីរនេះ គឺគំនិតច្នៃប្រឌិត នានាជាច្រើនទៀត។ អតិថិជនតែងចង់បានសេវាមួយដែលប្លែកហើយល្អ។ ឧទាហរណ៍ដូចជា ការរៀបចំតុបតែងរោងការ ឆាក ការច្នៃម៉ូតកំណាត់ផ្សេងៗ។ បន្ទាប់មកគឺគុណភាពនៃសម្ភារនេះឯង ដែលទាមទារឲ្យជាម្ចាស់សេវាត្រូវធ្វើផ្លាស់ប្តូរញឹកញាប់ និងថ្មីរហូត។ បើយើងធ្វើបច្ចុប្បន្នភាពបានលឿនប៉ុណ្ណា នោះយើងនឹងចាប់យកបានទីផ្សារបានច្រើន និងមុនគេ។
លោក លាង ដឺលុច៖ លោកនិយាយអំពីគំនិតច្នៃប្រឌិត ពិសេសអំពីការតុបតែងនានា។ តើគេបានគំនិតទាំងនោះមកពីណា?
លោក ទូច រដ្ឋា៖ ពួកយើងមានក្រុមការងារដែលទទួលបន្ទុកលើផ្នែកនេះ។ ព្រោះយើងត្រូវការគំនិតច្រើន។ គ្មានសាលាបនណ្តុះបណ្តាលវិជ្ជាជំនាញផ្នែកនេះទេ ប៉ុន្តែខ្ញុំគ្រាន់តែអាចបង្ហើបបានថា កិច្ចការនេះវាស្ថិតនៅក្នុងក្របខណ្ឌនៃជំនាញបដិសណ្ឋារកិច្ច និងទេសចរណ៍។ ម្យ៉ាងវិញទៀត ក្នុងសម័យអ៊ីនធឺណិតនេះ អ្វីៗគឺនៅក្នុងនោះទាំងអស់។
លោក លាង ដឺលុច៖ ដោយសារតែលោកស្ថិតនៅក្នុងវិស័យនេះយូរឆ្នាំ តើលោកអាចប៉ាន់ស្មានបានទេថា តើមានទឹកប្រាក់ទំហំប៉ុណ្ណាដែលបានចរាចរណ៍នៅក្នុងវិស័យនេះក្នុងមួយឆ្នាំៗ? ហើយថា តើវាបានជួយអ្វីខ្លះដល់សេដ្ឋកិច្ចកម្ពុជា?
លោក ទូច រដ្ឋា៖ ជាការពិត ខ្ញុំមិនមែនអ្នកសេដ្ឋកិច្ចទេ ខ្ញុំគ្រាន់តែអាចប៉ាន់ស្មានបានខ្លះ។ ខ្ញុំថា នៅទូទាំងប្រទេសទឹកប្រាក់ដែលចរាចរណ៍ក្នុងវិស័យនេះមានប្រហែលជាង១០០លានដុល្លារក្នុងមួយឆ្នាំ ហើយគ្រាន់តែនៅក្នុងភ្នំពេញ វាមានពី៥០ទៅ៦០លានដុល្លារហើយ។
លោក លាង ដឺលុច៖ ខ្ញុំឆ្ញល់អំពីការទទួលផលពីអាជីវកម្មនេះវិញ។ ខ្ញុំទទួលស្គាល់ថា អាជីវកម្មបានផ្តល់កម្លាំងពលកម្ម ផ្តល់ផលទៅដល់អ្នកធ្វើសិប្បកម្មផលិតរោង កៅអី តុ ជាដើម។ ប៉ុន្តែអ្វីដែលខ្ញុំចង់ដឹងវិញ គឺទាក់ទងនឹងការផ្គត់ផ្គង់បន្លែ ត្រី សាច់ និងម្ហូបនានា។ សព្វថ្ងៃ កម្ពុជានាំចូលបន្លែ ត្រី សាច់ ពីប្រទេសជិតខាង។ ពេលខ្លះ អ្នកមានទ្រព្យសម្បត្តិបានបញ្ជាទិញមុខម្ហូបថ្លៃៗដែលត្រូវតែនាំចូលពីបរទេសទៀត។ ដូច្នេះ តើបានន័យថា អាជីវកម្មចុងភៅនេះ ហាក់កំពុងតែផ្តល់ផលទៅប្រទេសជិតខាងវិញច្រើនដែរមែនទេ?
លោក ទូច រដ្ឋា៖ ឆ្លើយទៅនឹងសំណួរនេះ វាពាក់ព័ន្ធនឹងអ្នកផ្គត់ផ្គង់របស់ខ្ញុំវិញ។ អ្នកផ្គត់ផ្គង់ក៏ជួបឧបសគ្គក្នុងការរកផលិតផលក្នុងស្រុក។ ហើយខ្ញុំក៏ត្រូវប្រយ័ត្នប្រយែងអំពីលទ្ធភាពនៃការផ្គត់ផ្គង់ ទាំងគុណភាព ទាំងបរិមាណ និងឲ្យទាន់ពេលវេលា។ ដូច្នេះពួកខ្ញុំ ត្រូវបង្កើតនីតិវិធីផ្តត់ផ្គង់សម្ភារ។ យើងទទួលបានការត្អូញត្អែរ ដែលថាពិបាករកផលិផលក្នុងស្រុកដែលមានគុណភាព។
ភាគច្រើនគ្រឿងទេស គ្រឿងផ្សំ និងមានផលិតផលមួយចំនួន ដែលត្រូវតែនាំចូលពីបរទេស។ ប៉ាវហ៊ឺ ព្រុយត្រី មានគ្រឿងផ្សំផ្សេង គ្រឿងកំប៉ុង ផ្សិត សុទ្ធតែជាផលិតផលនាំចូល គ្មានរោងចក្រកែច្នៃនៅស្រុកយើងទេ។ មិនមែនតែខាងខ្ញុំទេ ប៉ុន្តែតាមសណ្ឋាគារក៏ប្រើប្រាស់ផលិផលនាំចូលដូចគ្នាដែរ។
លោក លាង ដឺលុច៖ តើអាជីវកម្ម សេង ហុក ហេង របស់លោកទូច រដ្ឋា បានផ្តល់ការងារប៉ុន្មាននាក់?
លោក ទូច រដ្ឋា៖ យើងមានកម្លាំងពលកម្មក្នុងដៃ៣៥០នាក់។ ពួកគេមិនទទួលប្រាក់ខែទេ តែទទួលបានកម្រៃនៅពេលមានការងារ។ ពួកគេមិនទាន់មានបរិញ្ញាបត្រទេ។ ខ្ញុំបានព្យាយាមឲ្យពួកគេអាចទទួលបានកម្រៃសមរម្យដើម្បីបង្កើនគុណភាពរស់នៅរបស់ពួកគេ៕
© រក្សាសិទ្ធិដោយ thmeythmey.com