ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
លោក អ៊ែ​ល សារឿន វ័យ​៦៩​ឆ្នាំ តស៊ូ​ប៉ះ​កង់​ជាង​៣០​ឆ្នាំ ដើម្បី​​ឲ្យកូនរៀន​ដល់​មហាវិទ្យាល័យ
24, Jul 2017 , 8:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោកតា អ៊ែ​ល សារឿន ដែលមាន​វ័យ​ចំណាស់​ទៅហើយនោះ បាន​ប្រក​បរបរ ប៉ះ​កង់​នៅ​ភ្នំពេញ​ជាង​៣០​មកហើយ ដើម្បី​ចិញ្ចឹម​កូន​៥​នាក់​។ កូនស្រី​៤​នាក់ និង​ប្រុស​ម្នាក់​សុទ្ធសឹង​ទទួលបាន​ការសិក្សា​ត្រឹមត្រូវ​។ កូនស្រី​ច្បង​របស់​លោកតា កំពុង​រៀន​ឆ្នាំ​ទី​២ នៅ​សាកលវិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។



​លោកអ្នក​ដែល​ធ្លាប់​ធ្វើដំណើរ​ឆ្លងកាត់​ម​ហា​វិថី​សហព័ន្ធរុស្ស៊ី  ប្រហែលជា​ធ្លាប់​បានឃើញ​បុរស​ចំណាស់​ម្នាក់ ដែល​ប្រក​បរបរ​ប៉ះ​កង់ ម៉ូតូ នៅក្បែរ​ខ្លោងទ្វារ​ចូល​វត្ត​បារមី​រង្គ​ដ្ឋ​បូរី ហៅ​វត្ត​ដំរី​ស ដែល​ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ បុរស​រូបនេះ ឈ្មោះ​អ៊ែ​ល សារឿន មាន​អាយុ​៦៩​ឆ្នាំ​ហើយ​។ វ័យ​ចំណាស់​នេះ​ទៅហើយ ប៉ុន្តែ លោក សារឿន មិនទាន់​ដកខ្លួន​រួច​ពី​ការទទួលខុសត្រូវ​ចិញ្ចឹម និង​រកប្រាក់​ផ្គត់ផ្គង់​ការសិក្សា​កូនៗ​នៅឡើយ​។ លោក សារឿន ក៏​មិនមាន​ពេលវេលា​ទៅ​វត្ត​សុំ​សីល ដូច​ចាស់​ដែលមាន​ជីវភាព​ធូរធារ​ដទៃទៀត​ដែរ បើ​ទោះ​ខ្លួន​មានមុខ​របរ​ក្បែរ​វត្ត​ក៏ដោយ​។​



​ដ្បិត​របរ​ប៉ះ​កង់​ម៉ូតូ មិនបាន​ធ្វើ​ឲ្យ​ជីវភាព​របស់គាត់​ប្រសើរ និង​បាន​ទៅ​វត្ត ប៉ុន្តែ​លោក អ៊ែ​ល សារឿន  កំពុង​ទំនុកបម្រុង​កូន​៥​នាក់ ឲ្យ​រៀនសូត្រ​បាន​ត្រឹមត្រូវ តាមរយៈ​របរ​ប៉ះ​កង់ ម៉ូតូ​នេះ​។ ពាក់​អាវដៃវែង​ពណ៌​ទឹក​ប៊ិក​ចាស់ ស្លៀកខោ​ជើងវែង​ពណ៌​ខ្មៅ និង​ពាក់មួក​ដើម្បី​ការពារ​កម្តៅថ្ងៃ​ផង លោក សារឿន បាន​ឲ្យ​ដឹងថា កូនស្រី​ច្បង​របស់ខ្លួន​ម្នាក់ កំពុង​រៀន​ឆ្នាំ​ទី​២ នៅក្នុង​សាកលវិទ្យាល័យ​មួយ​នៅ​ភ្នំពេញ កូន​ខ្លះទៀត កំពុង​រៀន​នៅ​វិទ្យាល័យ និង​ខ្លះ​ត្រៀមប្រឡង​បាក់​ឌុប​ឆ្នាំនេះ​ផង​។ មាន​សម្បុរ​ខ្មៅ ម្រាមដៃ​ក្រើម​ចេញ​សរសៃ​រវាម និង​មាន​សក់ស្កូវ​ផង លោក អ៊ែ​ល សារឿន  បញ្ជាក់ថា​៖«​ខ្ញុំ​ក្រ តែ​ខ្ញុំ​មិន​ចង់​ឲ្យ​កូន​ល្ងង់​នោះទេ​។ ខ្ញុំ​សុខចិត្ត​លំបាក​ខ្លួន ហូប​តែ​បាយកក ដើម្បី​ឲ្យ​ពួកគេ​បាន​រៀន​»​។ 

​ខុសពី​ឪពុកម្តាយ​មួយចំនួន ដែល​មិនសូវ​ខ្វល់ខ្វាយ​ពី​អនាគត​របស់​កូនៗ លោកតា សារឿន មិន​ចង់​ឲ្យ​កូន​ធ្វើការ​ផ្សេង​ឡើយ ដ្បិត​លោកតា​ចង់​ឲ្យ​ពួកគេ​ផ្តោតលើ​ការសិក្សា ដើម្បី​មានការ​ងារ​ល្អ​នៅ​ថ្ងៃ​អនាគត​។ 



​នៅពេល​គាត់​កំពុងនិយាយ​រៀបរាប់​ពី​ខ្សែជីវិត​របស់ខ្លួន មាន​អតិថិជន​ជា​ហូរហែ​ចូល​សប់​កង់ សប់​ម៉ូតូ  ផងដែរ​។ ក្រោម​កំដៅថ្ងៃ ដី​ហុយ ប្រឈម​នឹង​ចរាចរណ៍​ខ្វែងខ្វាត់ តែ​លោកតា​នៅតែ​តស៊ូ​ដើម្បី​កូន​។  លោកតា តែងតែ​ទទួលបាន​ការស្រឡាញ់​រាប់អាន​ពី​នគរបាល​ចរាចរណ៍ ឬ​អាជ្ញាធរ ឬ​ចៅអធិការ​វត្ត​ដំរី​ស ដោយ​ពួកគេ​មិន​ដេញ ឬ​យកលុយ​ពី​លោកតា​ឡើយ​។ នោះ លោក អ៊ែ​ល សារឿន បន្តថា​៖«​កូនស្រី​ខ្ញុំ​វា​ចង់​ឲ្យ​ធ្វើការ​ផង និង​រៀន​ផង តែ​ខ្ញុំ​មិន​ចង់​ឲ្យ​វា​ធ្វើ​ទេ ព្រោះ​ខ្លា​ចរៀន​មិន​ចូល​»​។

​ទោះ​ហត់នឿយ​រកប្រាក់​ទំនុកបម្រុង​កូនៗ​ទាំង​៥​នាក់ បុរស​ចំណាស់​មិន​ត្អូញត្អែរ​ឡើយ មានតែ​សប្បាយចិត្ត ព្រោះ​លោក​អះអាង​កូនៗ​របស់ខ្លួន​ដើរ​តាម​គន្លង​ធម៌ ហើយ​ពួកគេ​តែងតែ​ជួយ​ការងារ​ខ្លួន នៅពេល ទំនេរ​ពី​ការសិក្សា​។   



​លោកតា​ប្រក​បរបរ​នេះ តាំងពី​សប់​កង់​ដោយ​ស្នប់​ដៃ រហូត​មាន​លុយ​ទិញ​ម៉ាស៊ីន​សប់ ដើម្បី​សម្រួល​កម្លាំង​បាន​ខ្លះ​។ ម៉ោង​៤​ទៀបភ្លឺ​លោកតា​បាន​យក​រទេះរុញ​មាន​ធុង​ខ្យល់​យ៉ាង​ធំ​មួយ ដែល​លោកតា​ទិញ​អស់​មាស​២​តម្លឹង​កន្លះ​កាលពី​ឆ្នាំ​១៩៨៤ មក​ដាក់​នៅមុខ​វត្ត​ដំរី​ស​ជា​រៀងរាល់ថ្ងៃ​។ រាល់ថ្ងៃ​សីល​ម្តងៗ លោកតា​ដែលមាន​សម្លៀកបំពាក់​ចាស់​រូបនេះ បានត្រឹមតែ​សម្លឹង​ទៅ​ចាស់ៗ​ដទៃទៀត​យួរ​ចានស្រាក់​ទៅ​វត្ត​ជាមួយ​គ្រួសារ​យ៉ាង​រីករាយ​។ ប៉ុន្តែ លោកតា​វិញ ដ្បិតតែ​នៅមុខ​ខ្លោងទ្វារវត្ត​រាល់ថ្ងៃ ប៉ុន្តែ លោកតា​មិន​ហ៊ាន​ឈប់សម្រាក ដើម្បី​យក​ពេល​ទៅ​វត្ត​ដូច​ចាស់ៗ​ផ្សេង​ទៀតឡើយ​។    ទឹកមុខ​ស្រពាប់​ស្រពោន លោកតា សារឿន និយាយ​ទាំង​សំឡេង​តិចៗ​ដូច្នេះ​ថា​៖«​បើ​ឈប់​តែ​១​ថ្ងៃ កូន​នឹង​អត់លុយ​ទៅ​រៀន ព្រោះ​មួយថ្ងៃ​រកបាន​តែ​៣​ទៅ​៤​ម៉ឺន​។ ខ្ញុំ​ចង់ទៅ​វត្ត​ដូច​គេ​ដែរ ព្រោះ​ពី​ដើម​ខ្ញុំ​ធ្លាប់​បួស​រៀន​នៅ​វត្ត​»​។  

​អតីត​អ្នក​ខេត្តកំពង់ស្ពឺ​រូបនេះ បាន​នាំ​គ្រួសារ​មក​រស់នៅ​ភ្នំ​ពេ​ញេះ ក្រោយ​របប​ប៉ុលពត​បាន​ដួលរលំ​។ មានផ្ទះ និង​ដី​៣​គុណ ៦​ម៉ែត្រ នៅ​ភ្នំពេញ​តាំងពី​យូរ​មកហើយ​តែ​គ្មាន​ប្លង់​កម្មសិទ្ធិ លោកតា សារឿន និង​ប្រពន្ធ ដែល​ធ្វើការ​នៅ​កន្លែង​សាសនា​គ្រឹ​ស្ត បាន​ពួតដៃគ្នា ប្រឹងប្រែង​គ្រប់បែបយ៉ាង​ដើម្បី​ចិញ្ចឹម​កូន​ឲ្យ​ទទួលបាន​ការសិក្សា​ល្អ​។



​ថ្វី​ត្បិត​លោកតា​ក្រ​មែន ប៉ុន្តែ​លោកតា​បាន​ប្រកាន់​ភ្ជាប់​នូវ​សីលធម៌ និង​ភាពស្មោះត្រង់​ចំពោះ​មុខរបរ​របស់ខ្លួន មិន​បោកប្រាស់​គេ ដើម្បី​តែ​ក្រពះ​នោះឡើយ​។ លោក សារឿន ថ្លែង​ដូច្នេះ​៖ «​តា​អត់​ហៅ​គេ​ឲ្យ​ចូល​ទេ តា​ក៏​អត់​មាន​ល្បិច​អី​ដែរ​។ បើ​បែក​១​បំណះ ម្ចាស់​គេ​ឲ្យ​ប៉ះ គឺ​ប៉ះ តែបើ​គេ​ដូរ​ពោះវៀន គឺ​ដូរ​តាម​គេ​។ ដូច្នេះ ទើប​អ្នកដំណើរ គេ​ឧស្សាហ៍​មករ​កតា គេ​អាណិត​ស្រឡាញ់​តា គេ​ហៅ​តែ​តា​ដំរី​ស​ទេ​»​។​

​សារឿន បាន​បញ្ជាក់ថា លោក​នឹង​ប្រកប​របរ​នេះ រហូតដល់​ខ្លួន​អស់កម្លាំង​ងើប​លេង​រួច​។ នៅពេលនោះ​ហើយ ដែល​បុរស​វ័យ​៦៩​ឆ្នាំ​រូបនេះ ក៏​ទំនង​សង្ឃឹមថា​អាច​ផ្ញើ​ជីវិតចុងក្រោយ​លើ​កូនៗ​ទាំង​៥ ដែល​ខ្លួន​ខំប្រឹង​តស៊ូ​រកប្រាក់​ឲ្យ​រៀនសូត្រ មិន​ហ៊ាន​ឈប់សម្រាក​ទៅ​វត្ត​ដូច​ចាស់ៗ​ដទៃ​នៅពេល​នេះឯង​៕




Tag:
 អ៊ែ​ល សារឿន​
 ​ ប៉ះ​កង់​
 ​​​ អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com