អន្តរជាតិ
ហ្វីលីពីន​៖ សង្គ្រាម​ប្រឆាំង​ភេរវកម្ម​ក្រុង Marawi ឆ្លង​ចូល​ខែ​ទី​បី ខណៈ​ជាង​៥០០​នាក់​ស្លាប់​
24, Jul 2017 , 10:19 pm        
រូបភាព
រូបភាព៖ Inquirer
រូបភាព៖ Inquirer
​សមរភូមិ​ប្រឆាំង​ក្រុម​ភេរវជន​នៅ​ក្រុង​ម៉ា​រ៉ាវី ឈានចូល​ដល់​ខែ​ទី​បី​ហើយ​។ មនុស្ស​យ៉ាងហោចណាស់ ៥០០​នាក់​ស្លាប់​ក្នុងចំណោម​នោះ​មាន​ជន​ស៊ីវិល​៤៥​នាក់ និង​កងកម្លាំងប្រដាប់អាវុធ​១០៥​នាក់​ផងដែរ​។ គេ​រំពឹងថា ការប្រយុទ្ធ​គ្នា​នេះ​អាច​នឹងត្រូវ​បន្ត​អូសបន្លាយ​ជាច្រើន​ខែ​ទៅមុខទៀត​ព្រោះ​ប្រធានាធិបតី​ហ្វីលីពីន​បានដាក់​បទបញ្ជា​ឲ្យ​ទាហាន​បញ្ចៀស​ឲ្យ​បានការ​វាយប្រហារ​ដែល​អាច​គំរាមកំហែង​ជីវិត​ជន​ស៊ីវិល​។ បន្ថែម​ពី​នោះ​លោក​ក៏បាន​ស្នើ​ឲ្យ​សភា​ផ្តល់​សិទ្ធិ​ឲ្យ​លោក​បន្ត​អនុវត្ត​ច្បាប់អាជ្ញាសឹក​នៅ​មិន​ដា​ណាវ​រហូតដល់​ចុងឆ្នាំ​ផងដែរ​។



​ថ្ងៃ​២៣ ខែឧសភា ក្រុម​ភេរវជន Maute ដែលមាន​ភក្តីភាព​ចំពោះ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ​នោះបាន​វាយប្រហារ​និង​ដណ្តើម​កាន់កាប់​ទីក្រុង​ម៉ា​រ៉ាវី​ស្ថិតនៅ​កោះ​មិន​ដា​ណាវ​។ បើ​គិត​មកដល់​ឥឡូវនេះ សមរភូមិ​ប្រយុទ្ធ​នេះ​មាន​អាយុកាល​ជាង​ពីរ​ខែ​ហើយ​។ ប៉ុន្តែ​កងកម្លាំង​សន្តិសុខ​ហ្វីលីពីន​នៅ​បន្ត​ហ៊ុមព័ទ្ធ និង​ប្រយុទ្ធ​សស្រាក់សស្រាំ​ដើម្បី​កម្ចាត់​ក្រុម​ភេរវជន​នៅឡើយ​។ ទាហាន​នៅ​បន្ត​ប្រើប្រាស់​ការបាញ់​ផ្លោង​កាំភ្លើង​ធំ និង​វាយប្រហារ​តាមផ្លូវ​អាកាស​រៀងរាល់​ថ្ងៃ​ដើម្បី​កម្ទេច​សម្បុក​ក្រុម​ភេរវជន​។​

​យ៉ាងណាក៏ដោយ ក្រសួងការពារជាតិ​ហ្វីលីពីន ម៉ា​រ៉ាវី បាន​អះអាងថា ការប្រយុទ្ធ​កាន់តែ​លំបាក ហើយ​កងកម្លាំង​រដ្ឋាភិបាល​មិនមាន​ច​ម្រើ​ស​ច្រើន​ទេ​ក្នុងការ​ប្រយុទ្ធ ព្រោះតែ​ជន​ស៊ីវិល​ជាច្រើន​នាក់​បន្ត​ស្ថិតក្នុង​កណ្តាប់ដៃ​ក្រុម​សកម្មប្រយុទ្ធ​នៅឡើយ​។ វា​មាន​ជម្រើស​តែ​ពីរ​ប៉ុណ្ណោះ​ទុក​ឲ្យ​ការប្រយុទ្ធ​បន្ត​អូសបន្លាយ ឬ​សម្រុក​ប្រយុទ្ធ​ដោយ​មិន​គិតពី​សុវត្ថិភាព​របស់​ជន​ស៊ីវិល​។​

១. ឌូ​ទើ​តេ ថា ទោះ​ត្រូវ​ចំណាយពេល​យូរ​ក៏ដោយ តែ​មិន​ត្រូវធ្វើ​ឲ្យ​ជន​ស៊ីវិល​ស្លាប់​ឡើយ

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP  របាយការណ៍​រដ្ឋាភិបាល​បង្ហាញថា ក្រុម​ភេរវជន​នៅ​សេសសល់​និង​កំពុង​បន្ត​ប្រយុទ្ធ​អាចមាន​ចំនួន ៧០​នាក់ ខណៈដែល​អ្នកស្លាប់​កើន​ឡើងដល់​ច្រើនជាង ៥០០​នាក់​។ ក្នុងចំណោម​អ្នកស្លាប់​នោះ​មាន ប្រជាជន​ស៊ីវិល ៤៥​នាក់ និង​ទាហាន​រដ្ឋាភិបាល​ចំនួន ១០៥​នាក់​ផងដែរ​។​

​មកដល់​បច្ចុប្បន្ន គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ មាន​យុទ្ធសាស្ត្រ​អ្វីដែល​ដុំកំភួន​ឡើយ​សម្រាប់​កម្ចាត់​ក្រុម​ភេរវជន​ដែល​នៅ​សេសសល់​ឡើយ​។ ចំណែក​កាលបរិច្ឆេទ​ចុងក្រោយ​នៃ​ការដណ្តើម​ទីក្រុង​ទាំងស្រុង​យកមក​វិញ​នោះ​ត្រូវបាន​ផ្លាស់ប្តូរ​ជា​បន្តបន្ទាប់​។  ប៉ុន្តែ​លោក ឌូ​ទើ​តេ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន បានដាក់​បញ្ជា​ឲ្យ​ទាហាន​ហ្វីលីពីន​ប្រុងប្រយ័ត្ន និង​ត្រូវ​ធានា​ឲ្យ​បាន​ថា គ្មាន​ជន​ស៊ីវិល​ស្លាប់​ទៀតឡើយ ទោះជា​ត្រូវ​ចាំ​យូរ​ក៏ដោយ​។  លោក​បាន​បន្ថែម​ដូ​ច្នះ​ថា​៖«​ខ្ញុំ​បាន​ប្រាប់​ពួកគេ​កុំ​ឲ្យ​វាយប្រហារ​។ អ្វី​ដេ​ល​សំខាន់​ពេលនេះ​គឺ​យើង​មិន​ចង់​ឲ្យ​មាន​មនុស្ស​ស្លាប់​ទៀត​ទេ​។ បើសិនជា​យើង​ត្រូវ​រង់ចាំ​ដល់​មួយឆ្នាំ យើង​ក៏ត្រូវ​ចាំ​មួយឆ្នាំ​ដែរ​»​។​

​យ៉ាងណាក៏ដោយ រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន​លោក Delfin Lorenzana បាន​លើកឡើងថា ចំណាត់ការ​សំខាន់​រប​ស់​រដ្ឋាភិបាល​នៅពេលនេះ គឺ​ពង្រឹង​ការ​ប្រមែរ​ប្រមូល​របាយការណ៍​ចារកម្ម​នៅក្នុង​តំបន់ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​កំណត់​ទីតាំង​ហ្វឹកហ្វឺន និង​ការ​ចល័ត​របស់​ក្រុម​ភេរវជន​ក្នុង​តំបន់​។ ប៉ុន្តែ​លោក​បន្ថែមថា កងទ័ព​ហ្វីលីពីន​ត្រូវការ​ឧបករណ៍​ទំនើបៗ​ពង្រឹង​ការ​ប្រមែរ​ប្រមូល​ព័ត៌មាន​ចារកម្ម រួមទាំង​យន្តហោះ​ដ្រូ​ន​ផងដែរ​។​

«​យើង​ត្រូវការ​ឧបករណ៍​សម្រាប់​ទាក់ទង ឧបករណ៍​សម្រាប់​ឃ្លាំមើល​និង​ត្រួតពិនិត្យ​ទូរ​សព្ទ​ក្រុម​បច្ចាមិត្ត​។ យើង​ក៏​ការ​យន្តហោះ​ដ្រូ​ន​ដូចគ្នា​»​។ រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន​ខាងលើ​ប្រាប់​ទៅកាន់​សភា​ហ្វីលីពីន​។​

២. កម្ចាត់​មេខ្លោង​ក្រុម Maute បង្អាក់​ការជ្រើសរើស​ក្រុម​សកម្មប្រយុទ្ធ​ក្នុង​តំបន់​

​តាមពិតទៅ ចារកម្ម​ឬ​ពង្រឹង​ការប្រើ​ប្រកាស់​កម្លាំង​ទ័ព​មិន​គ្រប់គ្រាន់​ឡើយ​សម្រាប់​ការដោះស្រាយ​បញ្ហា​ភេរវកម្ម​នេះ​។ នេះ​ក៏ដោយ​សារ ក្រុម​ភេរវជន​នៅតែ​អាចមាន​លទ្ធភាព​ពង្រីក​បណ្តាញ ជ្រើសរើស​សមាជិក​ថ្មី និង​ផ្សព្វផ្សាយ​មនោគមន៍វិជ្ជា​របស់គេ​បាន​យ៉ាង​ងាយស្រួល​។  អ្នកជំនាញ​បាន​ផ្តល់យោបល់​ថា ហ្វីលីពីន​ត្រូវផ្តោត​ការយកចិត្តទុកដាក់​លើ​ប្រភព​ចម្បង​នៃ​បញ្ហា​ទើប​ប្រសើរ​។ បច្ចុប្បន្ន ជម្លោះ​នៅ​ម៉ា​រ៉ាវី​កំពុង​ក្លាយជា​រឿង​ដែល​អូសទាញ​ក្រុម​ជ្រុលនិយម​ឯទៀត​ពី​ក្នុង​តំបន់​ឲ្យ​ឆ្លងដែន​ចូលទៅ​ចូលរួម និង​ប្រយុទ្ធ​ជាមួយ​ក្រុម​ភេរវជន Maute ដែលមាន​ភក្តីភាព​ជាមួយ​ក្រុម​ដែ​ស្ហ​ដែរ​។​

​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ប្រចាំ​សាកលវិទ្យាល័យ De La Salle លោក Richard Javad Heydarian បាន​លើកឡើងថា រដ្ឋាភិបាល​ហ្វីលីពីន​ចាំបាច់​ត្រូវ​កម្ចាត់​មេខ្លោង​ក្រុម​ភេរវជន Maute ឲ្យ​បាន ដើម្បី​ធានាថា ចលនា​ផ្សព្វផ្សាយ​មនោគមន៍វិជ្ជា​និង​រើស​ក្រុម​សកម្មប្រយុទ្ធ​ក្នុងប្រទេស​ត្រូវបាន​កាត់​ផ្តាច់​។​

​លោក​ក៏បាន​ផ្តល់យោបល់​ផងដែរ​ថា ក្រុម​ប្រដាប់អាវុធ​ដែល​ទាមទារ​ផ្តាច់ខ្លួន​នៅ​កោះ​មិន​ដា​ណាវ​គួរ​ប្រញាប់ប្រញាល់​សហការ​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ប្រឆាំង​ចលនា​ជ្រុលនិយម ហើយ​ទាហាន​ហ្វីលីពីន​ក៏​គួរ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត​ដែលមាន​សមត្ថភាព​យោធា​ខ្ពស់​ដូចជា​អាមេរិក និង​អូស្ត្រាលី​ផងដែរ​។ ប្រទេស​ទាំងពីរ​នេះ​បានផ្តល់​ជំនួយ​ដល់​ទាហាន​ហ្វីលីពីន​រួចហើយ​ទាំង​បច្ចេកទេស និង​ប្រឹក្សា​យោបល់​ក្នុង​ការបំពេញ​ប្រតិបត្តិការ រួមទាំង​ជួយ​បញ្ជូន​យន្តហោះ​ឈ្លបយកការណ៍​ជាដើម​ទៅ​គាំទ្រ​ទាហាន​ហ្វីលីពីន​ផង​។​

​ក្រៅពីនេះ​ប្រទេស​ក្នុង​តំបន់​ក៏ត្រូវ​ចូលរួម​គាំទ្រ​ហ្វីលីពីន​ផងដែរ​ក្នុងការ​ដោះស្រាយ​បញ្ហា​ភេរវកម្ម​ក្នុងស្រុក​នេះ​។ ជារួម​បើសិន​ហ្វីលីពីន​បរាជ័យ តំបន់​ទាំងមូល​ក៏​ប្រឈម​បញ្ហា​ធំ​ដូចគ្នា​។
​នេះ​ក៏ដោយ​សារ បញ្ហា​ភេរវកម្ម​និង​គ្រឿងញៀន​មិនមែន​ត្រឹមតែ​ជា​រឿង​ក្នុងស្រុក​ដែល​ប្រទេសមួយ​ត្រូវ​ដោះស្រាយ​ប៉ុណ្ណោះ​ទេ​។ វា​ជា​បញ្ហា​ដែល​បង្ក​គ្រោះថ្នាក់​ឆ្លងដែន​ពី​ប្រទេសមួយ​ទៅ​ប្រទេស​មួយទៀត​ក្នុងករណី​ដែល​គេ​មិនអាច​រក​វិធានការ​ទប់ស្កាត់បាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​៕


Tag:
 ​រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  Marawi
  Daesh
  IS
© រក្សាសិទ្ធិដោយ thmeythmey.com