អន្តរជាតិ
ការទាញយក​ថាមពល​ខ្យល់​បែប​ទំនើប នឹង​សាកល្បង​ដំណើរការ​នៅតាម​ឆ្នេរ​ស្កុ​តលែ​ន​
25, Jul 2017 , 9:02 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រទេស​ស្កុ​តលែ​ន ជា​ប្រទេស​នៅ​ទ្វីបអឺរ៉ុប​ដែលមាន​ការរីកចម្រើន​ក្នុងការ​ទាញយក​ថាមពល​បៃតង​ពី​ធម្មជាតិ​។ ស្កុ​តលែ​ន បាន​ផលិត​តួប៊ីន​ជំនាន់​ថ្មី​ម្យ៉ាងដែ​លអាច​ដាក់អោយ​ដំណើរការ​ក្នុង​ជំរៅ​ទឹក​ជ្រៅ និង​អាច​ទាញយក​ថាមពល រួមទាំង​ទ្រាំទ្រ​នឹង​កំហូច​បានល្អ​ជាង​តួប៊ីន​ជំនាន់​មុនៗ​។​



Peterhead Wind Farm ឬ Hywind មានលទ្ធភាព​ក្នុងការ​ទាញយក​ថាមពល​ពី​ខ្យល់ និង​បំភ្លឺ​ផ្ទះ​ប្រជាជន​បាន​ប្រមាណ​២​ម៉ឺន​ខ្នង​។ នេះ​បើ​យោងតាម​ការស្រាវជ្រាវរ​បស់​អ្នកជំនាញ​។ ក្រុមហ៊ុន​ដែល​ផលិត​តួប៊ីន​ខ្យល់​អគ្គីសនី​នេះ​មាន​ឈ្មោះថា Statoil ហើយ​ពួកគេ​រំពឹងថា​បច្ចេកវិទ្យា​ថ្មី​នេះ​នឹងមាន​លទ្ធភាព​ក្នុងការ​ទាញយក​អគ្គីសនី​បាន​ច្រើនជាង​ប្រភេទ​តួ​បី​ន​ជំនាន់​មុនៗ​។​

​គោលការណ៍​ចំបង​ក្នុងការ​អភិ​ឌ្ឍ និង​វិនិយោគ​ទៅលើ​កិច្ចការ​នេះ​គឺ​ដើម្បី​កាត់បន្ថយ​តម្លៃ និង​ការចំណាយ​លើ​ថាមពលអគ្គីសនី​របស់​អ្នកប្រើប្រាស់​ទូទៅ និង​ជួយ​បញ្ឈប់​ការប្រើប្រាស់​ឥន្ធន​ដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅលើ​បរិយាកាស​ដូចជា​ប្រេងកាត ឧស្ម័ន​ធម្មជាតិ​ឬ​ធ្យូងថ្ម​។​

​ក្នុង​ថ្ងៃ​អនាគត តួប៊ីន​អគ្គីសនី​ធំៗ ទាំងនេះ​អាច​នឹង​ដាក់អោយ​ដំណើរការ​តាម​បណ្តោយ​ឆ្នេរ​ជ្រៅៗ​ខាងលិច​ប្រទេស​អាមេរិក និង​ប្រទេស​ជប៉ុន​។ ការបំពាក់​តួប៊ីន​ដែលមាន​កំពស់​១៧៥​មែត្រ និង​ទំងន់​១១៥០០​តោន​ទៅលើ​ឆ្នេរសមុទ្រ​នេះ​បាន​ធ្វើឡើង​ក្រោម​ជំនួយ​របស់​ក្រុមហ៊ុន​វិនិយោគ​មួយ​ឈ្មោះថា Masdar របស់​ទីក្រុង Abu Dhabi និង​ប្រទេស​អង់គ្លេស​។
​បើ​យោងតាម​សារពត៌មាន​BBC ក្រុមហ៊ុន Statoil នឹង​ដំឡើង​តួប៊ីន​ប្រភេទ​ចុងក្រោយ​អោយបាន​៥​គ្រឿងក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ​៕

(ដោយ៖ គី ចំណារ)

Tag:
 ស្កុ​តលែ​ន​
  អគ្គីសនី
© រក្សាសិទ្ធិដោយ thmeythmey.com