ជាតិ
គណបក្ស​សម រង្ស៊ី បើក​កិច្ចប្រជុំ​នៅ​ព្រឹក​នេះ ដើម្បី​ប្តូរ​ឈ្មោះ​គណបក្ស
25, Jul 2017 , 7:39 am        
រូបភាព
លោក ទាវ វណ្ណុល ប្រធាន​គណបក្ស​សម រង្ស៊ី
លោក ទាវ វណ្ណុល ប្រធាន​គណបក្ស​សម រង្ស៊ី
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស សម រង្ស៊ី បាន​បើក​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២0១៧​នេះ ដើម្បី​ប្តូរ​ឈ្មោះ​ពី​គណបក្ស សម រង្ស៊ី ទៅ​ឈ្មោះ​ផ្សេង​វិញ​។ នេះ​ជាការ​អះអាង​របស់លោក ទាវ វ​ណ្ណុល ប្រធាន​គណបក្ស សម រង្ស៊ី​។



​លោក ទាវ វ​ណ្ណុល បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​គណបក្ស សម រង្ស៊ី បានស្នើ​ឡើង​នូវ​ឈ្មោះ​ថ្មី​ចំនួន​៦​ឯណោះ ដើម្បី​ជំនួស​ឲ្យ​ឈ្មោះ​«​គណបក្ស សម រង្ស៊ី​» ដែល​នឹងត្រូវ​លុបចេញ​។ លោក ទាវ វ​ណ្ណុល បាន​ប្រាប់​ឈ្មោះ​ថ្មី​ចំនួន​៣ ក្នុងចំណោម​ឈ្មោះ​ថ្មី​ទាំង​៦ ដែល​នឹងត្រូវ​ដាក់ជំនួស​ឲ្យ​ឈ្មោះ​គណបក្ស សម រង្ស៊ី​។ ឈ្មោះ​ទាំង​៣ ដែល​លោក ទាវ វ​ណ្ណុល បាន​ប្រាប់​នោះ គឺ គណបក្ស​ជាតិខ្មែរ គណបក្ស​រស្មី​ប្រជាធិបតេយ្យ និង​គណបក្ស​ពន្លឺ​ភ្លើងទៀន​។

​លោក ទាវ វ​ណ្ណុល បាន​បញ្ជាក់ថា គណបក្ស សម រង្ស៊ី ដូរ​តែ​ឈ្មោះ ប៉ុណ្ណោះ ចំណែកឯ​រូប​ភ្លើងទៀន ដែលជា​សញ្ញា​សម្គាល់​រប​ស់​គណបក្ស នឹងត្រូវ​រក្សាទុក​ដដែល​។ ប្រធាន​គណបក្ស សម រង្ស៊ី រូបនេះ សង្កត់ធ្ងន់ថា ការប្តូរឈ្មោះ​គណបក្ស គឺធ្វើឡើង​ទាំង​បង្ខំចិត្ត ព្រោះ​ច្បាប់​ស្តីពី​គណបក្សនយោបាយ បានកំណត់​បែបនេះ​។ លោក និយាយ​ដូច្នេះ​ថា​៖«​ឈ្មោះ [​គណបក្ស សម រង្ស៊ី​] គឺ​យើង​ត្រូវតែ​ប្តូ​រហើយ ដើម្បី​ឲ្យ​ស្រប​នឹង​មាត្រា​ថ្មី​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​គេ​ទើបនឹង​ចែង​»​។

​មាត្រា​ថ្មី​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ បាន​ចែងថា​៖«​ចំពោះ​គណបក្សនយោបាយ​ណា ដែលមាន​ឈ្មោះ ឬ​សញ្ញា​សម្គាល់​របស់​គណបក្ស​ជា​ឈ្មោះ  ឬ​រូបភាព​របស់​រូបវន្ត​បុគ្គល ត្រូវ​ផ្លាស់ប្តូរ​ឈ្មោះ  ឬ​សញ្ញា​សម្គាល់ ឲ្យ​ស្របតាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​នេះ ក្នុង​រយៈពេល ៩០ ថ្ងៃ យ៉ាងយូរ គិត​ចាប់​ពីថ្ងៃ​ដែល​ច្បាប់​នេះ​ចូល​ជា​ធរមាន​»​។

​បើតាម​លោក ទាវ វ​ណ្ណុល បន្ទាប់ពី​ជ្រើសរើស​ឈ្មោះ​ថ្មី តាមរយៈ​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រួចហើយ គណបក្ស នឹងធ្វើ​សមាជ​វិសាមញ្ញ ដើម្បី​អនុម័ត​ដាក់ឈ្មោះ​ថ្មី​នោះ​ជា​ផ្លូវការ​តែម្តង​។ ប៉ុន្តែ លោក មិនទាន់​អាច​បញ្ជាក់​បានទេ​ថា គណបក្ស នឹងធ្វើ​សមាជ​វិសាមញ្ញ នៅពេលណា​។​

​រហូតមកដល់​ពេលនេះ សេចក្តីស្នើសុំ​ឲ្យ​កែប្រែ​ច្បាប់​ស្តីពី​គណបក្សនយោបាយ បាន​ទៅដល់​ក្រុមប្រឹក្សាធម្មនុញ្ញ​ហើយ បន្ទាប់ពី​រដ្ឋសភា និង​ព្រឹទ្ធសភា បានអនុម័ត​យល់ព្រម​។ ពេល​ក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យ​ចប់សព្វគ្រប់ ហើយក៏​មិន​ជំទាស់​ផង​នោះ សេចក្តីស្នើសុំ​ឲ្យ​កែប្រែ​ច្បាប់​ស្តីពី​គណបក្សនយោបាយ នឹងត្រូវ​ថ្វាយទៅ​ព្រះមហាក្សត្រ ដើម្បី​ព្រះអង្គ​ឡាយព្រះហស្ថលេខា ប្រកាស​ឲ្យ​ប្រើប្រាស់​។  

​សូមបញ្ជាក់ថា នៅ​ដើមឆ្នាំ​២0១៧ ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រូវបាន​កែប្រែ​ម្តង​រួចទៅហើយ​។ ហើយ​ការកែប្រែ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ទាំង​២​លើក​នេះ សុទ្ធតែ​ធ្វើឡើង​តាម​សំណើ​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​៕


Tag:
 គណបក្ស​សម រង្ស៊ី​
  ដូរ​ឈ្មោះ​
  ទាវ វ​ណ្ណុល
© រក្សាសិទ្ធិដោយ thmeythmey.com