អន្តរជាតិ
​ប៉ា​ឡេ​ស្ទី​ន​ព្យួរ​ទំនាក់ទំនង​ជាមួយ​អ៊ីស្រាអែល ព្រោះ​ភាព​តានតឹង​នៅ​វិហារ al-Aqsa
24, Jul 2017 , 6:04 pm        
រូបភាព
រូបភាព៖ ទូរទស្សន៍ Al Jazeera
រូបភាព៖ ទូរទស្សន៍ Al Jazeera
ដោយ: ថ្មីៗ
​ការប្រឈមមុខគ្នា​រវាង​កងកម្លាំង​អ៊ីស្រាអែល និង​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​កាន់តែ​តាន់​តែ​តានតឹង ក្រោយ​មានការ​បិទ និង ការ​រឹតបន្តឹង​សន្តិសុខ​ត្រួតពិនិត្យ​វិហារ​ឥស្លាម al-Aqsa កាល​សប្តាហ៍​មុន​។  រដ្ឋាភិបាល​ប៉ា​ឡេ​ស្ទី​ន​បានសម្រេច​ព្យួរ​រាល់​ទំនាក់ទំនង​ដែលមាន​ជាមួយ​ភាគី​អ៊ីស្រាអែល​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ដើម្បី​ប្រឆាំង​ការអនុវត្ត​វិធានការ​សន្តិសុខ​ថ្មី​ដែរ​។



​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​បានសម្រេច​ព្យួរ​រាល់​ការទាក់ទង​ជាមួយ​រដ្ឋាភិបាល​អ៊ីស្រាអែល នៅ​ចុង​សប្តាហ៍​កន្លងទៅ​ដើម្បី​ប្រឆាំង​ការអនុវត្ត​វិធានការ​សន្តិសុខ​ថ្មី​ដូចជា​បំពាក់​កាមេរ៉ា និង​ដំឡើង​ម៉ា​ស៊ី​ចាប់​គ្រឿង​ដែក (Metal Detector) នៅ​វិហារ​ឥស្លាម al-Aqsa​។   ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន​លោក ម៉ា​មូ​ត អាបាស (Mamoud Abbas) បាន​បញ្ជាក់ថា ទំនាក់ទំនង​ដែល​ត្រូវ​ព្យួរ​នេះ​មាន​ទាំង​ទំនាក់ទំនង​ផ្នែក​សន្តិសុខ​ផងដែរ​។​

​ការ​ឈានដល់​ព្យួរ​ទំនាក់ទំនង​នេះ​បង្ហាញ​ឲ្យ​ឃើញច្បាស់​ពី​ការកើនឡើង​នៃ​ភាព​តានតឹង​រវាង​ភាគី​ទាំងពីរ​ផងដែរ​។ ភាព​តានតឹង​នេះ​កើតឡើង​ក្រោយ​មានការ​បង្ក្រាប​បាតុករ​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ដែល​នាំគ្នា​តវ៉ា​ប្រឆាំង​អាជ្ញាធរ​អ៊ីស្រាអែល​ដែល​បិទ​វិហារ និង​ដាក់​វិធាន​សន្តិសុខ​ថ្មី​នៅ​វិហារ​ឥស្លាម al-Aqsa ដែរ​កាលពី​សប្តាហ៍​មុន​។​

​តាមពិតទៅ ដើមទង​ដែល​បណ្តាល​ឲ្យ​មាន​ការបិទ​វិហារ និង​ពង្រឹង​វិធានការ​សន្តិសុខ​ថ្មី​នៅ​វិហារ​ឥស្លាម al-Aqsa នេះ​គឺ​វា​កើតឡើង​ដូចតទៅ​។ ដើមឡើយ​វា​មានការ​ប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​អ៊ីស្រាអែល និង​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​នៅ ថ្ងៃ ១៤​ខែកក្កដា ដែល​បណ្តាល​ឲ្យ​កងកម្លាំង​សន្តិសុខ​អ៊ីស្រាអែល​ពីរ​នាក់ និង​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​បីនាក់​ផ្សេងទៀត​ស្លាប់​ផង​។

​ក្រោយ​មានការ​ប៉ះទង្គិច​គ្នា​នេះ អាជ្ញាធរ​អ៊ីស្រាអែល​សម្រេច​បិទ​វិហារ​នេះ​ភ្លាម ហើយ​វិហារ​នេះ​ត្រូវបាន​គេ​បើក​ឲ្យ​មាន​ការចូល​គោរព​បួងសួង​ឡើងវិញ​ពីរ​ថ្ងៃ​បន្ទាប់​។ ទូរទស្សន៍​អារ៉ាប់ Al Jazeera ផ្សាយ​ថា ការបិទ​វិហា​ឥ​ស្លាម al-Aqsa នៅ​ក្រុង​បុរាណ​ហ្សេ​រ៊ុ​យ​សា​ឡិ​ម​នេះ​កើត​ឡើងជា​លើកដំបូង​បំផុត​តាំងបី​ឆ្នាំ ១៩៦៩​។​

​យ៉ាងណាក៏ដោយ គេ​ឃើញ​អ៊ីស្រាអែល​ពង្រឹង​ការ​យាមកាម បំពាក់​កាមេរ៉ា និង ត្រួត​ពិត​និត្យ​យ៉ាង​តឹងរ៉ឹង​ចំពោះ​អ្នក​ចូល​គោរព​និង​បួងសួង​ក្នុង​វិហារ​al-Aqsa ហើយ​វា​បាន​បង្ក​ឲ្យ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ដែល​ចេញចូល​រាល់​ថ្ងៃនោះ​ទើសទាល់​និង​មិន​ពេញចិត្ត​។ ពួកគេ​សម្រេច​ធ្វើពហិកា​ចូល​បួងសួង​ក្នុង​វិហារ ទាមទារ​ឲ្យ​អ៊ីស្រាអែល​នៅ​បញ្ឈប់​អនុវត្ត​វិធានការ​ត្រួតពិនិត្យ​នេះ​ទៀត​។​

​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ទាំងនោះ​សុខចិត្ត​អង្គុយ​នៅ​ខាង​ក្រៅរបង​វិហារ​ដើម្បី​បួងសួង​ដើម្បី​តវ៉ា​និង​បង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​អ៊ីស្រាអែល​។ នៅ​ថ្ងៃ ២១ ខែកក្កដា ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​រាប់ពាន់នាក់​បាន​ប្រមូលផ្តុំ​គ្នាច្រើន​កុះករ​ដើម្បី​នាំគ្នា​បួងសួង​នៅ​ច្រកចូល​(Lion Gate)​ទីក្រុង​បុរាណ​ហ្សេ​រ៊ុ​យ​សា​ឡិ​ម​។ ដោយសារ​ប្រជាជន​ច្រើន​ចូលរួម​បាតុកម្មអហិង្សា ភាព​តានតឹង​កើតឡើង ហើយ​កម្លាំង​សន្តិសុខ​អ៊ីស្រាអែល​ក៏​ប្រើប្រាស់​កម្លាំង​ទាំង​កម្រោល​ប្រឆាំង​បាតុករ រហូត​បណ្តាល​ឲ្យ​មនុស្ស​រាប់រយ​នាក់​រងរបួស​។ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន បួន​នាក់​ត្រូវបាន​គេ​បាញ​ស្លាប់​នៅ​ហ្សេ​រ៊ុ​យ​សា​ឡិ​ម​ខាងកើត និង​ទឹកដី West Bank​។

​ការប្រឈមមុខគ្នា​នេះ​មិនមាន​ថមថយ​ឡើយ​មកដល់ពេលនេះ ប៉ុន្តែ​សហគមន៍​អន្តរជាតិ​បាន​អំពាវនាវ​ឲ្យ​ភាគី​ព្យាយាម​រក​ដំណោះស្រាយ​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​ថែមទៀត​នោះ​។ កាលពី​ថ្ងៃ​សៅរ៍​មហាអំណាច​អាមេរិក រុស្ស៊ី អង្គការសហប្រជាជាតិ និង​សហភាព​អឺរ៉ុប​បានចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​ដើម្បី​អំពាវនាវ​ឲ្យ​ភាគី​ទាំងអស់​បន្ត​អត់ធ្មត់​តាម​ដែល​អាច​ធ្វើបាន និង​បញ្ចៀស​រាល់​សកម្មភាព​បង្ករឿង​ជាដើម​។ ចំណែក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នឹង​ជួបប្រជុំគ្នា​នៅ​ថ្ងៃ​ចន្ទ ទី ២៤ កក្កដា​នេះ​ដើម្បី​ពិភាក្សា​ពី​បញ្ហា​នេះដែរ​។​

​ដោយឡែក​សម្ព័ន្ធ​អារ៉ាប់​ក៏​នឹង​រៀបចំ​ជំនួប​បន្ទាន់​មួយ​ដែល​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ​ដើម្បី ពិភាក្សាគ្នា​ពី​ការវិវត្តន៍​នៃ​ភាព​តានតឹង​រវាង​ប៉ា​ឡេ​ស្ទី​ន និង​អ៊ីស្រាអែល​ដែរ​៕


Tag:
 ប៉ា​ឡេ​ស្ទី​ន​
  Al-Aqsa
  អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com