ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អគារ ប៊ូល​ឌិ​ង ជា​ផ្នែក​មួយ​ក្នុង​គម្រោង​«​ឆ្នេរទន្លេ​បាសាក់​» របស់​លោកតា វណ្ណ ម៉ូលីវណ្ណ​
25, Jul 2017 , 2:58 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ កើត​នៅ​ឆ្នាំ​១៩២៦ នៅក្នុង​ខេត្តកំពត ហើយ​នៅ​ឆ្នាំ​២០១៧​នេះ លោក​មាន​អាយុ​៩១​ឆ្នាំ​។ លោក វណ្ណ ម៉ូលីវណ្ណ គឺជា​សិស្ស​ទី​១​ដែល​បាន​ប្រឡង​ជាប់​បាក់​ឌុប​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​នៅ​ឆ្នាំ​១៩៤៤ ។ នៅ​ឆ្នាំ​១៩៤៧-១៩៥៦ លោក​បាន​ទៅ​សិក្សា​ផ្នែក​ស្ថាបត្យកម្ម​នៅ​ទីក្រុង​បារី​ស ប្រទេស​បារាំង​។​



​លោកតា វណ្ណ ម៉ូលីវណ្ណ បានផ្តល់​បទ​សម្ភាស​មួយ​ដល់​វិទ្យាស្ថាន​សិល្បៈ និង​វប្បធម៌​រៃ​យំ ដែល​បានចេញ​ផ្សាយ​សៀវភៅ​មួយ​ក្នុង​ឆ្នាំ​២០០១ ក្រោម​ចំណងជើង​ថា «​ខ្មែរ​ប្រឈមមុខ​នឹង​វប្បធម៌​»​។ នៅក្នុង​បទ​សម្ភាស​ដ៏​វែង អ្នកស្រាវជ្រាវ​វប្បធម៌​នៃ​វិទ្យាស្ថាន​រៃ​យំ​បាន​សួរ​អំពី​គម្រោង​តំបន់ឆ្នេរ​ទន្លេបាសាក់ ដែលមាន​អគារ​ប៊ូល​ឌិ​ង នៅក្នុង​នោះដែរ​។ សារព័ត៌មាន​ថ្មីៗ សូម​ដកស្រង់​បទ​សម្ភាស​នេះ​ត្រង់ចំណុច​ប្លង់​អគារ​ប៊ូល​ឌិ​ង យកមក​ផ្សាយ​បន្ត​ដូចខាងក្រោម​នេះ​៖


​រៃ​យំ​៖ ចាប់ផ្តើម​និយាយ​អំពី​រឿង​ការរៀបចំ​ក្រុង​។ ក្នុង​ទសវត្ស​៦០ លោកតា​បានរៀបចំ និង​សាងសង់​តំបន់​មួយ​ដែល​គេ​ហៅថា «​ឆ្នេរទន្លេ​បាសាក់​» ជា​ភាសា​បារាំង​គេ​ហៅថា «Le Front du Bassac»​។ តើ​លោកតា​អាច​និយាយ​អំពី​ការងារ​នេះ​បានទេ ?

​លោក វណ្ណ ម៉ូលី​វណ្ណ​៖ ចង់​និយាយ​អំពី​ការរៀបចំ​តំបន់​បាសាក់​ហ្នឹង គឺ​ត្រូវ​និយាយ​អំពី​ការរៀបចំ​តំបន់​ក្រុង និង​ការសាងសង់​សំណង់​ផង​។ ត្រូវ​យល់ថា​គម្រោង​រៀបចំ​តំបន់​បាសាក់​នោះ ជា​ផ្នែក​មួយ​នៃ​ផែនការ​រៀបចំ​ក្រុង​ទាំងមូល​ដែល​យើង​បានចាប់ផ្តើម​អនុវត្តន៍​នៅ​សម័យ​ទសវត្ស​៦០​នោះ​។ ម្ល៉ោះហើយ​មុននឹង​និយាយ​លម្អិត​អំពី​តំបន់​បាសាក់​នេះ គឺ​ត្រូវ​និយាយ​អំពី​បញ្ហា​ទូទៅ​បន្តិចបន្តួច​សិន​។

​រៃ​យំ​៖ តើ​មុន​រៀបចំ​កន្លែង​ទាំងនេះ មានផ្ទះ​ប្រជាជន​ដែរ​ឬ​អត់​?

​លោក វណ្ណ ម៉ូលី​វណ្ណ​៖ មាន​ខ្លះ​ដែរ​។

​រៃ​យំ​៖ ហើយ​ធ្វើ​យ៉ាងម៉េច​ទៅ លោកតា​?

​លោក វណ្ណ ម៉ូលី​វណ្ណ​៖ ពេល​សង់ផ្ទះ «​ប៊ូល​ឌិ​ង​» នេះ ជាការ​សាកល្បង​ធ្វើ​ផ្ទះ​ឲ្យ​គាត់​នៅក្នុង​ក្រុង​បាន​។ ម្ល៉ោះហើយ​ផ្ទះ​នីមួយៗ​នៅ​ប៊ូ​ឌិ​ញ​នេះ គិត​យ៉ាងម៉េច​ឲ្យ​មាន​ខ្យល់​ចេញចូល រហើយ​ដូច​ផ្ទះ​គេ​នៅតាម​ទន្លេ​អញ្ចឹង បានធ្វើ​ប​ង្អូ​ច និង​ទ្វារ​ទាំងសង់ខាង​ផ្ទះ គឺថា​មានប​ង្អូ​ច​បែរ​ទៅមុខ​មាត់ទន្លេ​ផង​ឲ្យ​ខ្យល់​ចូលមក​ពី​ខាងកើត និង​មានប​ង្អូ​ច​បែរ​ទៅខាង​ក្រុង​ដែល​ឲ្យ​ខ្យល់​ចូល​ពី​ខាងលិច​ផង​។ ប៉ុន្តែ​ត្រង់នេះ​សូមបញ្ជាក់ថា ខ្ញុំ​មិនដែល​ហ៊ាន​ធ្វើ​ផ្ទះ​បណ្តោយ​ថ្ងៃ ព្រោះ​ខាងលិច​ចំ​ថ្ងៃរសៀល​ក្តៅ​ណាស់​។ នេះ​ដោយសារ​ណ្តោ​យ​តាម​ដង​ទន្លេ បាន​ខ្ញុំ​ធ្វើ​ដូច្នេះ​។ ម្យ៉ាងទៀត ដើម្បី​កុំ​ឲ្យ​ក្តៅ​ពេក​នោះ យើង​បាន​ខំ​ដាំ​ដើម​ស្រល់​មួយ​ជួរ​នៅ​ខាងលិច​ប៊ូ​ឌិ​ង​នោះ​ដើម្បី​ឲ្យ​បាន​ម្លប់​ខ្លះ​។ រួចហើយ​ដើម្បី​ឲ្យ​ស្រឡះ និង​មាន​ទីធ្លា​ដើរលេង​បានជា​ធ្វើ​សួនច្បារ​ជុំវិញ​សំណង់​នោះ​។ ដូច្នោះ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ មាន​សួនច្បារ​មួយ ហើយ​ផ្ទះ​នេះ​បែរ​ទៅរក​មាត់ទន្លេ​ផង គឺមាន​ខ្យល់​ខ្លាំង​។ ម្យ៉ាងទៀត​បើ​គិតពី​របៀប​រស់នៅ​របស់​ខ្មែរ​គឺ​ក្នុងផ្ទះ​ប៊ូ​ឌិ​ង​នេះ យើង​បាន​សង់​បង្គន់ និង​ផ្ទះបាយ​នៅក្រៅ​ដាច់​ពី​បន្ទប់ដេក​ឬ​ទទួលភ្ញៀវ គឺ​ដាក់​នៅលើ​រានហាល ព្រោះ​ពេលធ្វើ​ម្ហូបអាហារ ខ្មែរ​ច្រើនតែ​ឆា ចៀន ដុត​អុស ហុយ​ផ្សេង មាន​ក្លិន ម្ល៉ោះហើយ​ត្រូវ​ឲ្យ​ផ្ទះបាយ​នៅក្រៅ ចំ​កន្លែង​ខ្យល់​ចេញចូល​ល្អ​។

​រៃ​យំ​៖ លោកតា​! គំនិត​សាងសង់​បែបនេះ​លោកតា​បានគិត​មុនគេ​ឬ​?

​លោក វណ្ណ ម៉ូលី​វណ្ណ​៖ អត់​ទេ​ក្មួយ​! ទ្រឹស្តី និង​គំនិត​ប្រើ​ខ្យល់​ធម្មជាតិ ពន្លឺ​អីហ្នឹង​ជា​គំនិត (model) ដែល​គេ​ធ្លាប់ប្រើ​នៅ​ស្រុក​គេ​ដទៃទៀត​រួចមកហើយ​។

​រៃ​យំ​៖ ដើម្បី​សាងសង់​គម្រោង Le Front du Bassac តើ​យើង​បាន​ថវិកា​មកពីណា​?


​លោក វណ្ណ ម៉ូលី​វណ្ណ​៖ គំនិត​របស់​រដ្ឋ គឺថា​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មានលទ្ធភាព​រស់នៅក្នុង​ផ្ទះ​ណាមួយ​ដោយ​ខ្លួនឯង​ជា​ម្ចាស់ ទោះបីជា​អ្នកក្រីក្រ​ក៏ដោយ​។ ម្ល៉ោះហើយ​រដ្ឋ​មិន​ចង់​សង់ផ្ទះ​ច្រើន​ដោយ​ខ្លួនឯង ហើយ​ជួល​ឲ្យ​គេ​នៅ​រហូត​។ បើ​ធ្វើ​ដូច​អញ្ចឹង រដ្ឋ​ជា​ម្ចាស់ផ្ទះ អ្នក​ជួល​គេ​មិន​រវល់ គេ​អត់​ថែទាំ​ផ្ទះ វា​ឆាប់​ខូច​និង​ហិនហោច​។ ដូច្នោះ​ពេលនោះ​រដ្ឋ​យើង​មានគំនិត​សាងសង់​ផ្ទះមួយ​ចំនួន​ស​ម្រា​ប់​អ្នកក្រ​ល្មមៗ​អាច​ជួល​ក្នុង​ម្លៃ​ថោក​ល្មម តែ​នៅពេល​គេ​រស់នៅ​និង​បង់ថ្លៃ​ផ្ទះ​នោះ​យូរៗ​ទៅ ឧទាហរណ៍ ក្នុង​រយៈពេល​ម្ភៃ​ឆ្នាំ ផ្ទះ​នោះ​នឹង​ក្លាយទៅជា​របស់​អ្នក​ជួល​នោះ​តែម្តង មានន័យថា​គេ​ក្លាយទៅជា​ម្ចាស់ផ្ទះ​។ ដល់​អញ្ចឹង​គេ​មានចិត្ត​ចង់​ថែទាំ និង​កែច្នៃ​រៀបចំផ្ទះ​ឲ្យ​បានល្អ​។ ម្ល៉ោះហើយ សម័យ​នោះ​មាន​លុយកាក់​មួយ​ប្រភេទ​ដែល​គេ​ហៅថា caisse de pension de retraite ។ មានន័យថា​លុយ​សន្សំ​សម្រាប់​ពេល​រ៉ឺ​ត្រែ​ត (retraite) ។ លុយ​នេះ​តម្កល់​នៅក្នុង​ធនាគារជាតិ ហើយ​មាន​ប្រាក់​ការ​។ ដូច្នោះ​រដ្ឋ​បាន​ខ្ចីប្រាក់​ការ​លុយ​ប៉ង់​ស្យុ​ង (pension) នោះមក​សាងសង់ ហើយ​ថ្លៃ​ឈ្នូ​ល​ផ្ទះ​នោះ​សង​បណ្តើរៗ​ទៅ​ឲ្យ​គេ​វិញ​។ នៅ​សម័យ​នោះ​មានស្រុក​ដូចជា​សិង្ហ​បុរី ដែល​គេ​ធ្វើ​អញ្ចឹង​ដែរ សព្វថ្ងៃនេះ​បាន​ជោគជ័យ​ល្អ​ណាស់​។

​រៃ​យំ​៖ លោកតា​! មុនដំបូង​ផ្ទះ​នោះ​អ្នកណា​មក​នៅ ?

​លោក វណ្ណ ម៉ូលី​វណ្ណ​៖ មុនដំបូង​គឺ​សង់​សម្រាប់​កីឡាករ​ដែល​មក​ចូលរួម​ក្នុង​ហ្កា​ណេ​ហ្វូ ហើយ​ក្រោយមក​មាន​គ្រូបង្រៀន និង​មន្ត្រីរាជការ​ខ្មែរ​បានចាប់ផ្តើម​ទិញ​ផ្ទះ​នោះ​ជា​ល្វែង​មួយៗ ហើយ​ល្វែង​ដែល​នៅសល់​គឺ​រដ្ឋ​យកមកប្រើ ដើម្បី​ទទួល​អ្នកឯកទេស​អន្តរជាតិ​ដែល​មក​ធ្វើការ​នៅ​ស្រុក​ខ្មែរ ដូចជា​អ្នកស្រី​ម៉ា​ឌឺ​លែ​ន ស៊ី​តូ (Madeleine Giteau) ជាដើម​។ និយាយ​បញ្ជាក់​ម្តង​ទៀតថា គំនិត​នេះ​ក្នុង​រយៈពេល​យូរអង្វែង បន្តិច​ម្តងៗ​ខ្មែរ​នឹង​កាន់តែ​មានលទ្ធភាព​មក​នៅ​ទី​នោះបាន​កាន់តែ​ច្រើនឡើងៗ​។​

រៃ​យំ​៖ មុន​មាន​អគារ​ប៊ូ​ឌិ​ង ស្រុក​ខ្មែរ​គ្មាន​សំណង់​ច្រើន​ជាន់​អញ្ចឹងទេ ?

​លោក វណ្ណ ម៉ូលី​វណ្ណ​៖ ធ្លាប់​មានផ្ទះ​ច្រើន​ជាន់ និង​ជាប់​គ្នា​ហើយ គេ​ហៅ កំ​ប៉ា​ត់ទី​ម៉​ង់ ស៊ី​ន័​រ (compartiment chinois) គឺ​សព្វថ្ងៃ​គេ​ហៅ​ផ្ទះល្វែង​របៀប​ចិន ទទឹង​៤​ម៉ែត្រ​ត្រួតៗ​លើ​គ្នា ដូចនេះ​ផ្ទះ​នីមួយៗ​ច្រើន​តែមាន​ពីរ​ជាន់ ឬ​មាន​ឡៅតឿ នៅក្រោម​ផ្ទះ​ខាងមុខ​គេ​លក់​ឥ​វ៉ាន់ ខាងក្រោម​មានផ្ទះ​បាយ មាន​កន្លែងធ្វើការ បង្កបង្កើន​ឥ​វ៉ាន់​ដើម្បី​លក់ ហើយ​គេ​នៅ​ខាងលើ ឬ​នៅលើ​ឡៅតឿ​។ ផ្ទះ​របៀបនេះ​ហប់​ខ្យល់​បន្តិច តែ​កូនចៅ​ចិន​គេ​ធ្លាប់​នៅ គេ​អាច​នៅបាន​៕


© រក្សាសិទ្ធិដោយ thmeythmey.com