ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​គេង​លក់​កាន់តែ​ស្រួល​តាមបែប​ធម្មជាតិ​ទេ​? សាក​វិធី​ទាំងនេះ​សិន​ទៅ​មើល​!!!
25, Jul 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បើ​យោងទៅតាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ (CDC) បាន​ឲ្យ​ដឹងថា ប្រជាជន​អាមេរិក​មាន មួយ​ភាគបី​ហើយ​ដែលមាន​ទម្លាប់​គេង​មិនបាន ៦​ម៉ោង​ផង​ក្នុង​មួយ​យប់​។ អ្វី​ដែលជា​ដំណឹង​អាក្រក់​ចំពោះ​រឿងនេះ​គឺថា វា​នឹង​ផ្តល់​ផលប៉ះពាល់​ដល់​សុខភាព​យ៉ាងច្រើន ព្រមទាំង​កាត់បន្ថយ​ការចងចាំ​ថែមទៀត​។​



​ដូច្នេះ​ដើម្បី​ឲ្យ​អ្វីៗ​កាន់តែ​ប្រសើរ​ឡើងវិញ យក​ល្អ​គួរតែ​គេង​ឲ្យ​បាន​គ្រប់គ្រាន់ ជាពិសេស​មនុស្ស​ធំ​គេង​ពី ៧ ទៅ​៨​ម៉ោង​ក្នុង​មួយ​យប់​។ អ្នក​អាច​បង្កើន​ការ​គេង​កាន់តែ​ល្អ​ឡើងវិញ​បាន​តាមរយៈ​វិធី​ធម្មជាតិ​ដូចខាងក្រោម​នេះ​៖

​បង្កើត​ពេលវេលា​ចូល​គេង​ឲ្យ​ទៀងទាត់​
​ទាក់ទង​នឹង​វិធី​មួយ​នេះ យក​ល្អ​គួរតែមាន​ទម្លាប់​ចូល​គេង​នៅពេល​វេលា​ដដែលៗ​ជា​ទៀងទាត់ និង​រាល់ថ្ងៃ ទោះបីជា​ថ្ងៃ​ឈប់សម្រាក និង​ថ្ងៃ​ចុង​សប្តាហ៍​ក៏ដោយ ដើម្បី​ឲ្យ​រាងកាយ​ស៊ាំ​នឹង​ទម្លាប់​នេះ ហើយ​គេង​បាន​គ្រប់​។​

​ហាត់ប្រាណ​
​សម្រាប់​អ្នក​ដែលមាន​ទម្លាប់​ធ្វើការ​ដោយ​អង្គុយ​ច្រើនជាង​ដើរ ហើយ​ចាំ​ណាយ​ពេលវេលា​ហាត់ប្រាណ​ត្រឹម ៤​ដង​ក្នុង​មួយ​សប្តាហ៍ នឹង​អាច​ពង្រឹង​ដល់​គុណភាព​នៃ​ការ​គេង​បាន​។ សម្រាប់​អ្នកធ្វើ​ស្រែចំការ​វិញ ពួកគេ​ច្រើនតែ​មិនសូវមាន​បញ្ហា​បាក់​ទឹកចិត្ត ឬ​គេង​មិនសូវ​លក់​នោះទេ នេះ​ដោយសារតែ​ពួកគេ​ធ្វើការ​រាងកាយ​ច្រើន​។​

​ផ្លាស់ប្តូរ​របប​អាហារ​
​ចូរ​កាត់បន្ថយ​ភេសជ្ជៈ និង​អាហារ​ណា​ដែលមាន​ជាតិ​កាហ្វេ​អ៊ី​ន​ដូចជា តែ កាហ្វេ ភេសជ្ជៈ​មាន​ជាតិ​ហ្គាស និង​សូកូឡា​នៅពេល​រសៀល​។ សម្រាប់​អាហារ​ពេលយប់​គួរតែ​ញ៉ាំ​ឲ្យ​បាន​មុន​ចូល​គេង​ពីរ​ទៅ​បី​ម៉ោង​។ ចូរ​តម​ការ​ញ៉ាំ​អាហារ​ហឹរ ឬ​ញ៉ាំ​អាហារ​ច្រើនៗ​មុន​ចូល​គេង​។​

​ឈប់​ជក់បារី​
​តាម​ការសិក្សា​បាន​ឲ្យ​ដឹងថា អ្នក​ជក់បារី​ទំនងជា​គេង​មិនបាន​លក់​ស្រួល​នៅពេល​យប់​ខ្លាំង​ជាង​អ្នក​មិន​ជក់បារី​រហូតដល់ ៤​ដង​ឯណោះ​។ នេះ​ដោ​សយារ​តែ​សារធាតុ Nicotine ធ្វើ​ឲ្យ​គេ​ភ្ញាក់​ជាប់​នៅពេល​យប់​។​

​ចូរ​មាន​ទម្លាប់​ល្អ​មុនពេល​ចូល​គេង​ដែល​អាច​សម្រួល​ដល់​ការ​គេង​លក់​

​ចូរ​បញ្ឈប់​ការមើល​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ទាំងអស់​ដូចជា ទូរទស្សន៍ កុំព្យូទ័រ វីដេអូ​ហ្គេម ឬ​ទូរស័ព្ទ យ៉ាងហោចណាស់​មួយ​ម៉ោង​មុន​ចូល​គេង​។ ឧបករណ៍​ទាំងអស់​នេះហើយ ជា​អ្នកធ្វើ​ឲ្យ​ខួរក្បាល​ពិបាក​នឹង​គេង​លក់​។​

​គេង​ក្នុង​ភាព​ងងឹត​
​ពន្លឺភ្លើង​គឺជា​របស់​ដែល​ជួយ​ដាស់​ខួរក្បាល​ឲ្យ​ភ្ញាក់ ដូច្នេះ​ដើម្បី​គេង​លក់បាន​កាន់តែ​ស្រួល គួរតែ​ធ្វើ​ឲ្យ​បន្ទប់​គេង​ងងឹត​បំផុត​តាមតែ​អាចធ្វើ​ទៅបាន​។​

​ដំណម​ក្នុង​កន្លែង​គេង​
​បន្ទប់​គេង​គួរតែ​ជា​កន្លែង​សម្រាប់តែ​គេង​ប៉ុណ្ណោះ ដូច្នេះ​អ្នក​មិនត្រូវ​យក​វា​សម្រាប់​ធ្វើកា​រងារ ញ៉ាំ​អាហារ ឬ​មើល​ទូរទស្សន៍​ឡើយ​។ បើសិនជា​អ្នក​ភ្ញាក់​ពី​គេង​នៅពេល​យប់ អ្នក​ពិតជា​ត្រូវ​ប្រើប្រាស់​របស់​ទាំងនោះ​ដែល​មាន​ក្នុង​បន្ទប់​គេង ហើយក៏​គេង​មិន​ងាយ​លក់​វិញ​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com