ជាតិ
លោក គង់ គាំ លាលែង​ពី​ប្រធាន និង​សមាជិកភាព បក្ស សម រង្ស៊ី ផ្លូវការ​
25, Jul 2017 , 3:55 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក គង់ គាំ បានដាក់​លិខិត​ទៅកាន់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស សម រង្ស៊ី ដើម្បី​សុំលាលែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស​នេះ ជា​ផ្លូវការ​។ លោក គង់ គាំ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ យ៉ាង​ដូច្នេះ តាម​ប្រព័ន្ធ​ទូរ​សព្ទ នៅ​ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ​២0១៧ នេះ​។



​លោក គង់ គាំ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​មិន​ត្រឹមតែ​លាលែង​ពី​តំណែង​ប្រធាន​គណបក្ស​ទេ តែ​សូម្បី​សមាជិកភាព​គណបក្ស សម រង្ស៊ី ក៏​លោក​សុំលាលែង​ដែរ​។ អ្នកនយោបាយ ដែលមាន​វ័យ​៧៦​ឆ្នាំ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​តំណែង​ជា​ប្រធាន​និង​សមាជិកភាព គឺ​ខ្ញុំ​សុំលាលែង​ទាំងពីរ​តែម្តង​។ មូលហេតុ គឺ​ដោយសារតែ​ខ្ញុំ​មាន​វ័យ​ចំណាស់​ហើយ ហើយ​សុខភាព មិនសូវ​ប​រិ​បូរ​ដូច​ពីមុន​ទេ​»​។​

​បើតាម​លោក គង់ គាំ គណបក្ស សម រង្ស៊ី នឹងធ្វើ​សមាជ​វិសាមញ្ញ ដើម្បី​ជ្រើសរើស​ប្រធាន​ថ្មី​។ យ៉ាងណា លោក មិន​បានដឹង​នោះទេ​ថា គណបក្ស នឹងធ្វើ​សមាជ​វិសាមញ្ញ​នៅពេលណា​។ ហើយ​លោក ក៏​មិនអាច​បញ្ជាក់​បានដែរ​ថា ឥស្សរជន​នយោបាយ​រូប​ណា នឹង​អាច​ក្លាយជា​ប្រធាន​គណបក្ស​ជំនួស​លោក​នោះ​។

​លោក គង់ គាំ បន្ថែមថា ថ្វី​ដ្បិត​បោះបង់​តំណែង​ពី​គណបក្ស សម រង្ស៊ី ក៏ពិតមែន តែ​លោក នៅតែ​រក្សា​តួនាទី​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ដដែល​។

​ការដាក់​លិខិត​របស់លោក គង់ គាំ ធ្វើឡើង ​ស្របពេល ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស សម រង្ស៊ី បាន​បើក​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃទី​២៥ កក្កដា​នេះ ដើម្បី​ប្តូរ​ឈ្មោះ​គណបក្ស ។ ដើម្បី​ឲ្យ​ស្របតាម​មាត្រា​ថ្មី​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​ទើបនឹង​តាក់តែងឡើង​ដោយ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស សម រង្ស៊ី ចាំបាច់​ត្រូវតែ​ប្តូរ​ឈ្មោះ​ពី​គណបក្ស សម រង្ស៊ី ទៅជា​ឈ្មោះ​អ្វី​ផ្សេង​វិញ​។  មាត្រា​ថ្មី បាន​ចែងថា គណបក្សនយោបាយ មិនអាច​យកឈ្មោះ​របស់​រូបវន្តបុគ្គល ធ្វើជា​ឈ្មោះ​គណបក្ស ហើយក៏​មិនអាច​យក​រូប​របស់​រូប​វន្ត​បុគ្គល ទៅធ្វើជា​សញ្ញា​សម្គាល់​គណ​បក្ស នោះទេ​។​

​សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបកស្រាយ​ពី​លោក ទាវ វ​ណ្ណុល ប្រធានស្តីទី​គណបក្ស សម រង្ស៊ី បានឡើយ ដោយសារ​ហៅ​ទូរ​សព្ទ​ចូល​ដែរ តែ​លោក មិនបាន​ទទួល​។ លោក ទាវ វ​ណ្ណុល បាន​ក្លាយជា​ប្រធានស្តីទី​គណបក្ស សម រង្ស៊ី បន្ទាប់ពី​លោក គង់ គាំ ប្រកាស​លាលែង​ពី​តំណែង កាលពី​កន្លងទៅ​។ ប៉ុន្តែ ការប្រកាស​របស់លោក គង់ គាំ កាលនោះ មិនទាន់មាន​លក្ខណៈ​ផ្លូវការ​ឡើយ ដោយសារ​លោក មិនបាន​ដាក់​លិខិត​ទៅកាន់​គណបក្ស​៕


Tag:
 ​គង់ គាំ​
 ​គណបក្ស សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com