ជាតិ
រយៈពេល​៦​ខែ សមត្ថកិច្ច បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​និង​ផ្លូវភេទ ជាង​៦0​ករណី​
25, Jul 2017 , 7:19 pm        
រូបភាព
របាយការណ៍ពីការជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ ត្រូវអគ្គស្នងការនគរបាលជាតិ ផ្សព្វផ្សាយក្នុងកិច្ចប្រជុំស្តីពី «ការបូកសរុបសភាពការណ៍ ការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំឆមាសទី១ និងទិសដៅការងារ ឆមាសទី២ ឆ្នាំ២០១៧»។
របាយការណ៍ពីការជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ ត្រូវអគ្គស្នងការនគរបាលជាតិ ផ្សព្វផ្សាយក្នុងកិច្ចប្រជុំស្តីពី «ការបូកសរុបសភាពការណ៍ ការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំឆមាសទី១ និងទិសដៅការងារ ឆមាសទី២ ឆ្នាំ២០១៧»។
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ចាប់តាំងពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​២0១៧​នេះ សមត្ថកិច្ច បាន​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ចំនួន​១៥​ករណី និង​អាជីវកម្ម​ផ្លូវភេទ ចំនួន​៤៨​ករណី​។ នេះ​បើតាម​របាយការណ៍​រប​ស់អគ្គ​ស្នងការ​នគរ​បាល​ជាតិ​។ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ អគ្គស្នងការ​នគរបាល​ជាតិ បាន​បើក​កិច្ចប្រជុំ ដើម្បី «​បូកសរុប​សភាពការណ៍ ការងារ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ប្រចាំឆមាស​ទី​១ និង​ទិសដៅ​ការងារ ឆមាស​ទី​២ ឆ្នាំ​២0១៧»​។​



​របាយការណ៍​របស់​អគ្គ​ស្នងការ​នគរបាលជាតិ បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិការ​នៃ​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ទាំង​១៥​ករណី សមត្ថកិច្ច បាន​ចាប់​ជនល្មើស​ចំនួន​២២​នាក់ (​ជនបរទេស ៦​នាក់​) និង​បាន​រំដោះ​ជនរងគ្រោះ​ចំនួន​៤២​នាក់​។ ផ្អែកលើ​របាយការណ៍​ដ​ដែល សមត្ថកិច្ច បាន​រំដោះ​ជនរងគ្រោះ​ចំនួន​១0២​នាក់​ទៀត ដែល​រងគ្រោះ​ដោយសារ​អាជីវកម្ម​ផ្លូវភេទ​ទាំង​៤៨​ករណី ដោយ​ចាប់បាន​ជនល្មើស​ចំនួន​៥0​នាក់ (​ជនបរទេស ១​នាក់​)​។ 

​ប្រភេទ​បទល្មើស​ថ្មី​ចំនួន​២​ទៀត ទាក់ទង​នឹង​ការជួញដូរ​មនុស្ស​និង​អាជីវកម្ម​ផ្លូវភេទ ដែល​ទើបនឹង​កើតមាន ក្នុងប្រទេស​ប្រទេស​កម្ពុជា ក៏​ត្រូវបាន​សមត្ថកិច្ច បង្ក្រាប​ដែរ​។ បទល្មើស​ទាំង​២​នោះ​គឺ ការជួល​ស្ត្រី​ឲ្យ​ពរ​ពោះ​ជំនួស ក្នុងតម្លៃ​ពី ១0​ម៉ឺន​ដុល្លារ ទៅ​១២​ម៉ឺន​ដុល្លារ និង​ការជួញដូរ​សរីរាង្គ​។​

​នៅក្នុង​របាយការណ៍ ដែល​ផ្សព្វផ្សាយ​នៅថ្ងៃនេះ អគ្គស្នងការ​នគរបាល​ជាតិ បានលើកឡើង​ដូច្នេះ​ថា​៖«​ការជួញដូរ​មនុស្ស​និង​អាជីវកម្ម​ផ្លូវភេទ គឺជា​ប្រភេទ​បទល្មើស ដែល​នៅតែ​បន្ត​កើតមាន និង​មាន​ភាពស្មុគស្មាញ ដោយ​ពិបាក​ក្នុងការ​ទប់ស្កាត់​»៕


Tag:
 ជួញដូរ​មនុស្ស​និង​ផ្លូវភេទ​
© រក្សាសិទ្ធិដោយ thmeythmey.com