អន្តរជាតិ
ប្រធានាធិបតី​តួ​ក​គី​៖ បស្ចិមប្រទេស​ឈប់​សង្ឃឹម​ដាក់​សម្ពាធ​លើ​តួ​ក​គី​បាន​ទៀត​ទៅ​
26, Jul 2017 , 2:38 pm        
រូបភាព
ប្រធានាធិបតីតួកគី រៃស៊ីប តៃយីប អ៊ែដូហ្កាន់ ថ្លែងទៅកាន់ការជួបជុំមួយក្នុងរដ្ឋធានីអង់ការ៉ា (រូបភាព Xinhua)
ប្រធានាធិបតីតួកគី រៃស៊ីប តៃយីប អ៊ែដូហ្កាន់ ថ្លែងទៅកាន់ការជួបជុំមួយក្នុងរដ្ឋធានីអង់ការ៉ា (រូបភាព Xinhua)
​រយៈពេល​ចុងក្រោយ ទំនាក់ទំនង​រវាង​តួ​ក​គី និង​បស្ចិមប្រទេស ជាពិសេស​អឺរ៉ុប មិនសូវ​ល្អ​ឡើយ និង​រួមរឹត​ដោយ​បញ្ហា​ប្រទាំង​ប្រទើស​។ ប្រធានាធិបតី​តួ​ក​គី រៃ​ស៊ី​ប តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ (Recep Tayyip Erdogan) នៅ​ថ្ងៃទី​២៥ ខែកក្កដា បាន​និយាយថា តួ​ក​គី​នឹងមិន​ធ្វើតាម​ការទាមទារ​រប​ស់​បស្ចិមប្រទេស​ទៀតឡើយ​។ លោក អ៊ែរ​ដូ​ហ្កា​ន់ និយាយ​បែបនេះ មុនពេល​មន្ត្រី​តួ​ក​គី​ជួបពិភាក្សា​ជាមួយ​មន្ត្រី​អឺរ៉ុប ដែល​បាន​រំឭក​តួ​ក​គី​ពី​រឿង​ការពារ​សិទ្ធិមនុស្ស និង​គោលការណ៍​ប្រជាធិបតេយ្យ​។​



​ចាប់ពីពេលនេះ​ទៅ លោកខាងលិច​ឈប់​រំពឹង​តួ​ក​គី​ថា​ធ្វើតាម​បញ្ជា​របស់ខ្លួន​ទៀត​ទៅ​។ នេះ​ជាការ​ប្រកាស​របស់​ប្រធានាធិបតី​តួ​ក​គី រៃ​ស៊ី​ប តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ ដោយ​ប្រើប្រាស់​ឈ្មោះ​លោកខាងលិច តែ​ចង់​សំដៅ​សហភាព​អឺរ៉ុប​។ តួ​ក​គី និង​អឺរ៉ុប កំពុង​មើលមុខ​គ្នា​មិនត្រូវ បន្ទាប់​រដ្ឋ​សមាជិក​អឺរ៉ុប​ខ្លះ ជាពិសេស​អាល្លឺម៉ង់ ហាម​រដ្ឋមន្ត្រី​តួ​ក​គី​ជួបជុំ​ជាមួយ​អ្នកគាំទ្រ ហើយ​តួ​ក​គី​ក៏​រឹតត្បិត​មន្ត្រី​អាល្លឺម៉ង់​ចូល​សួរ​ទុក្ខ​ង​ទ័ព​នៅ​មូលដ្ឋាន Incirlik ។​

​ក្នុងជំនួប​ជាមួយ​សមាជិកសភា​រប​ស់​បក្ស​លោក​នៅ​ថ្ងៃទី​២៥ ខែកក្កដា លោក អ៊ែរ​ដូ​ហ្កា​ន់ និយាយថា លោកខាងលិច​ចង់​ឲ្យ​តួ​ក​គី​ធ្វើតាម​ការទាមទារ​រប​ស់​ពួកគេ ដោយ​មិនចាំបាច់​សួរនាំ​អ្វី​ទាំងអស់ ប៉ុន្តែ​តួ​ក​គី​បែប​នោះ មិនមាន​ទៀត​ទេ​។ នេះ​ជាការ​លើកឡើង​របស់លោក អ៊ែរ​ដូ​ហ្កា​ន់ ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AP ។ លោក អ៊ែរ​ដូ​ហ្កា​ន់ ក៏​ឆ្លៀត​ពេលនោះ​រិះគន់​អ្នក​ដែល​ថ្កោលទោស​ការចាប់ខ្លួន​អ្នកការពារ​សិទ្ធិមនុស្ស​ពី​សំណាក់​អាជ្ញាធរ​តួ​ក​គី​ផងដែរ​។​

​ជាមួយ​ការព្រមាន​អឺរ៉ុប​ជុំវិញ​ការ​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​តួ​ក​គី លោក អ៊ែរ​ដូ​ហ្កា​ន់ បាន​ហៅ​សកម្មជន​សិទ្ធិមនុស្ស​ជា​ភ្នាក់ងារ​ពិសេស​ដែល​បញ្ជូន​ចូល​តួ​ក​គី​ដើម្បី​អុកឡុក​។ ដោយ​សំដៅ​ដល់​អឺរ៉ុប លោក​សង្កត់ធ្ងន់ថា​៖ «​អ្នក​រារាំង​ប្រធានាធិបតី​តួ​ក​គី និង​រដ្ឋមន្ត្រី​តួ​ក​គី​ពី​ការ​ថ្លែង​សុន្ទរកថា​ក្នុងប្រទេស​អ្នក​។ ប៉ុន្តែ​ភ្នាក់ងារ​ចារកម្ម​របស់​អ្នក ចូលក្នុង​ទឹកដី​តួ​ក​គី ហើយ​បំបែកបំបាក់​តួ​ក​គី​»​។ លោក ក៏​ប្រកាស​សងសឹក​នឹង​សកម្មភាព​ទាំងឡាយ​ដែល​បំពាន​អធិបតេយ្យ​តួ​ក​គី​ទៀតផង​។​

​សូមបញ្ជាក់ថា អាល្លឺម៉ង់ ជា​ប្រទេស​អឺរ៉ុប​ដែល​ចេញ​ប្រឆាំង​តួ​ក​គី​ជាងគេ​ក្នុងចំណោម​សមាជិក​ផ្សេងទៀត​។ ទំនាក់ទំនង​ទ្វេភាគី​រវាង​សមាជិក​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ទាំងពីរ​កាន់តែ​អាក្រក់​ឡើង ចាប់តាំងពី​ខែមីនា បន្ទាប់ពី​រដ្ឋ​ជាច្រើន​នៅ​អាល្លឺម៉ង់​ហាមប្រាម​ការរៀប​ចំការ​ជួបជុំ​គាំទ្រ​ការកែប្រែ​រដ្ឋធម្មនុញ្ញ​នៅ​តួ​ក​គី​ដែល​ផ្ដល់​អំណាច​ច្រើន​ឲ្យ​លោក អ៊ែរ​ដូ​ហ្កា​ន់ ។ ជាការ​ឆ្លើយតប តួ​ក​គី​ក៏​ហាម​សមាជិក​អាល្លឺម៉ង់​ចូល​សួរសុខទុក្ខ​ទាហាន​អាល្លឺម៉ង់​នៅ​តួ​ក​គី​វិញ​។​

​សង្គ្រាមពាក្យសម្ដី​រវាង​តួ​ក​គី និង​អាល្លឺម៉ង់ ក៏​ចេះតែ​កើត​ឡើងជា​បន្តបន្ទាប់​។ កាលពី​កិច្ចប្រជុំ G-20 នៅ​ទីក្រុង Hamburg អាល្លឺម៉ង់​ក៏​បដិសេធ​រៀបចំ​ការជួបជុំ​របស់​លោក អ៊ែរ​ដូ​ហ្កា​ន់ ជាមួយ​អ្នកគាំទ្រ​ម្ដងទៀត ដែល​ធ្វើ​ឲ្យ​តួ​ក​គី​អន់ចិត្ត​យ៉ាងខ្លាំង​។ ដោយ​ខឹង​អាល្លឺម៉ង់​ផង មិន​សប្បាយចិត្ត​ពាក្យរិះគន់​របស់​អឺរ៉ុប​ផង តួ​ក​គី​ក៏​ប្រកាន់​ជំហរ​លែង​ចង់​ក្លាយជា​សមាជិក​សហភាព​អឺរ៉ុប​ទៅទៀត ដោយ​អះអាងថា អាចរ​ស់បាន​ដោយ​ខ្លួនឯង​៕


Tag:
 តួ​ក​គី​
  រៃ​ស៊ី​ប តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់​
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com