ជាតិ
ទឹកទន្លេ​មេគង្គ​ក្រចេះ និង​ស្ទឹងត្រែង នឹង​ឡើងដល់​កម្រិត​ប្រកាស​ប្រុងប្រយ័ត្ន
26, Jul 2017 , 2:43 pm        
រូបភាព
​ភ្នំពេញ​៖ កម្ពស់​ទឹកទន្លេ​មេគង្គ ក្រចេះ និង​ស្ទឹងត្រែង នឹង​ឡើងដល់​កម្រិត​ប្រកាស​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន ចាប់ពី​ថ្ងៃទី ២៨ កក្កដា តទៅ ។ ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ នៅ​ខេត្តក្រចេះ អាច​នឹង​ឡើងដល់​កម្រិត​កម្ពស់ ២២,០០ ម៉ែត្រ និង​ទឹកទន្លេ​មេគង្គ​ស្ទឹងត្រែង អាច​នឹងមាន​កម្ពស់ ១០,៧០​ម៉ែត្រ ។



​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្ដីជូនដំណឹង ស្ដីពី​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ នៅ​ថ្ងៃទី ២៦ កក្កដា​នេះ​ថា កម្ពស់​ទឹក​ឡើង​ខ្ពស់​នេះ នឹង​ហូរ​ចូល​ទៅតាម​ព្រែក និង​តំបន់​ទំនាប​នានា នៅ​ផ្នែក​ខាងក្រោម​កាន់តែច្រើន ដែល​អាច​ឲ្យ​តំបន់​មួយចំនួន​ទទួលរង​ការ​ជន់​លិច​ផងដែរ ។​

​បន្ថែម​ពីលើ​នេះ​ក្រសួង​ធនធានទឹក បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៦ កក្កដា​នេះ ទឹក​អាង​តា​ម៉ុក ស្ថិតក្នុង​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្តបន្ទាយមានជ័យ បាន​ហក់​ឡើង​លើស​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​ហើយ​។ បើតាម​ក្រសួង ទឹក​ក្នុង​អាង​តា​ម៉ុក​នេះ មាន​កំពស់ ៣,៤០ ម៉ែត្រ ដែល​កំពុង​ជន់​ហូរ​កាត់​ពីលើ​ស្ពាន ។

​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ដែនដី ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត​។ ជាពិសេស អ្នកធ្វើដំណើរ​តាម​ជលយាន​គ្រប់​ប្រភេទ ត្រូវ​យកចិត្តទុកដាក់​បញ្ហា​នេះ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ​៕


Tag:
 អាកាសធាតុ​
  ជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com