ជាតិ
បទវិភាគ
យុទ្ធនាការរំដោះចិញ្ចើមផ្លូវជារឿងចាំបាច់ និងត្រឹមត្រូវ តែការអនុវត្តគោលការណ៍ត្រូវតែយុត្តិធម៌
× ភ្នំពេញ៖ អ្នករកស៊ី អ្នកជំនួញ ឬម្ចាស់ផ្ទះ តែងតែគិតថា ចិញ្ចើមផ្លូវជាកម្មសិទ្ធិរបស់ខ្លួន។ តាមពិត ទីតាំងចិញ្ចើមផ្លូវ គឺជាទីធ្លាសាធារណៈសម្រាប់អ្នកថ្មើជើង។ ដូច្នេះ ការយកចិញ្ចើមផ្លូវធ្វើជំនួញដើម្បីប្រយោជន៍ក្រុមហ៊ុន ឬប្រយោជន៍បុគ្គល គឺជារឿងដែលមិនត្រឹមត្រូវឡើយ ព្រោះ ចិញ្ចើមផ្លូវ គឺសម្រាប់អ្នកធ្វើដំណើរគ្រប់គ្នា។
ចិញ្ចើមផ្លូវ! រំដោះបាន ឬមិនបាន? នេះ គឺជាសំណួរដែលមហាជនជាច្រើនរង់ចាំមើលថា តើអាជ្ញាធរអាចធ្វើកិច្ចការនេះបានឬមិនបាន? នាពេលកន្លងមក អាជ្ញាធរដូចជាមិនសូវហ៊ានវះកាត់រឿងនេះឡើយដោយខ្លាចប្រតិកម្មពីមហាជន ហើយប្រតិកម្មនោះ អាចប៉ះពាល់ដល់សន្លឹកឆ្នោត។ តែពេលនេះ ដោយមើលឃើញពីផលប្រយោជន៍សម្រាប់មហាជននោះ អាជ្ញាធររាជធានីភ្នំពេញ ចាប់ផ្តើមបើកយុទ្ធនាការរំដោះចិញ្ចើមផ្លូវដែលត្រូវបានគេរំលោភអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
យុទ្ធនាការនេះអាចមិនត្រូវបានស្វាគមន៍ដោយអ្នកទទួលផលប្រយោជន៍មួយចំនួនមែន។ប៉ុន្តែ សកម្មកម្មភាពនេះ ត្រូវបានស្វាគមន៍ដោយមហាជនភាគច្រើន។ រាល់ការសម្រេចចិត្តធ្វើអ្វីមួយតែងតែមានអ្នកគាំទ្រ និងអ្នកមិនគាំទ្រ។ តែអ្នកធ្វើ(អ្នកអនុវត្តច្បាប់)គួរតែសម្រេចចិត្តធ្វើ ដោយគោរពតាមតម្រូវការមតិភាគច្រើន និងគួរតែអនុវត្តដោយគោរពទៅតាមគោលការណ៍ច្បាប់។ នរណាប្រតិកម្មនឹងការអនុវត្តគោលការណ៍ច្បាប់ អ្នកនោះ គឺជាអ្នកខុស។
នាពេលកន្លងមក ពលរដ្ឋខ្មែរ និងបរទេសជាច្រើននាក់ធ្លាប់បានរអ៊ូរទាំថា ភ្នំពេញគ្មានចិញ្ចើមផ្លូវសម្រាប់ដើរឡើយ។ បើចង់ដើរកម្សាន្ត ពួកគេត្រូវដើរលើផ្លូវ ហើយការដើរលើផ្លូវ គឺគ្រោះថ្នាក់ណាស់ ព្រោះ វាជាកន្លែងសម្រាប់អ្នកជិះកង់ ម៉ូតូ និងរថយន្តធ្វើដំណើរ។
សរុបសេចក្តីមក យុទ្ធនាការរំដោះចិញ្ចើមផ្លូវដែលត្រូវបានគេរំលោភ គឺជារឿងត្រឹមត្រូវ និងធ្វើឡើងដើម្បីផលប្រយោជន៍សមូហភាព ពោល គឺមិនមែនសម្រាប់ផលប្រយោជន៍ក្រុមណាមួយឡើយ។ តែសូមបញ្ជាក់ថា ការអនុវត្តគោលការណ៍របស់អាជ្ញាធរ ត្រូវតែធ្វើឡើងដោយតម្លាភាព និងយុត្តិធម៌បំផុត ពោល គឺចៀសវាងការអនុវត្តគោលការណ៍សម្រាប់មនុស្សមួយក្រុម រីឯមនុស្សមួយក្រុមទៀតធ្វើអ្វីក៏បាន៕
© រក្សាសិទ្ធិដោយ thmeythmey.com