ជាតិ
រឿង​«​ដំបូង​ខ្មែរក្រហម​សម្លាប់​ឪពុក​ខ្ញុំ​» នឹង​បញ្ចាំង​ជូន​ប្រជាជន​តាម​ខេត្ត​ទស្សនា​ដោយ​ឥតគិតថ្លៃ​
26, Jul 2017 , 3:01 pm        
រូបភាព
ដោយ:
​សមិទ្ធិ​ករ​ភាពយន្ត​ដ៏​ល្បី លោក ប៉ាន់ រិទ្ធី បានប្រកាស​ពី​គម្រោង​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​«​ដំបូង​ខ្មែរក្រហម សម្លាប់​ឪពុក​ខ្ញុំ​»​ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា «First they killed my father» នៅ​ទូទាំងប្រទេស​កម្ពុជា ដើម្បី​ឲ្យ​ប្រជាជន​នៅតាម​ជនបទ អាច​ទស្សនា​រឿងនេះ​បាន ដូច​ប្រជាជន​នៅ​ទីក្រុង​ដែរ​។



​លោក ប៉ាន់ រិទ្ធី ដែលជា​សមិទ្ធិ​ករ​មួយរូប បាន​ចូលរួម​ផលិត​ខ្សែភាពយន្ត​លំដាប់​អន្តរជាតិ​នេះ ថ្លែងថា គម្រោង​បញ្ចាំងខ្សែភាពយន្ត​«​ដំបូង​ខ្មែរក្រហម សម្លាប់​ឪពុក​ខ្ញុំ​» ជា​បំណង​របស់​លោកស្រី Angelina Jolie-Pitt ដែល​ចង់​ឲ្យ​ប្រជាជន​ខ្មែរ​ភាគច្រើន​បាន​ទស្សនា​។ បើតាម​លោក​សមិទ្ធិ​ករ​ដដែល រឿង​«​ដំបូង​ខ្មែរក្រហម សម្លាប់​ឪពុក​ខ្ញុំ​» នឹង​ចាប់ផ្តើម​បញ្ចាំង​ជូន​ប្រជាជន​ខ្មែរ​នៅតាម​បណ្តា​ខេត្ត​ដោយ​ឥតគិតថ្លៃ នៅពេល​ឆាប់ៗ​ខាងមុខនេះ​។ 



​ស្តាប់​ប្រសាសន៍ លោក ប៉ាន់ រិទ្ធី ដែល​ថ្លែង​នៅក្នុង​ពិធី​ចាក់​បញ្ចាំងភាពយន្តឯកសារ « ឌុ​ច គ្រូ​លត់​ដំនៅ​ឋានន​រក​» នៅ​ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៧​។





​រឿង «​ដំបូង​ខ្មែរក្រហម​សម្លាប់ ឪពុក​ខ្ញុំ​» ដែល​ដឹកនាំ​ផលិត​ដោយ​តារាភាពយន្ត​ហូលីវូដ លោកស្រី Angelina Jolie-Pitt បាន​ផលិត​ចប់ និង​បាន​ចាក់​បញ្ចាំង​លើកដំបូង​នៅ​ខេត្តសៀមរាប សម្រាប់​រយៈពេល​២​ថ្ងៃ កាលពី​ថ្ងៃទី ទី​១៨ ដល់ ១៩ ខែកុម្ភៈ ឆ្នាំ ២០១៧ ក្រោម​រាជាធិបតីភាព​ព្រះករុណា ព្រះមហាក្សត្រ និង​សម្តេច​ព្រះវររាជ​មាតា​។ បន្ទាប់មក​នៅ​ថ្ងៃទី ២១ និង ២៣ ខែកុម្ភៈ​ដដែល រឿងនេះ បាន​ចាក់​បញ្ចាំង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តបាត់ដំបង ដែលជា​កន្លែង​សំខាន់​មួយ​ក្នុង​ការថត​ភាពយន្ត​មួយ​នេះ​។

​លោកស្រី Angelina Jolie-Pitt ធ្លាប់​និយាយថា ខ្សែភាពយន្ត​«​ដំបូង​ខ្មែរក្រហម សម្លាប់​ឪពុក​ខ្ញុំ​»​ឬ​«First they killed my father» បានផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ប្រមាណ​១​ពាន់​នាក់ តាមរយៈ​ការចូលរួម​សម្ដែង និង​កាន់​ការងារ​ផ្សេងៗ​នៃ​ដំណើរ​ការថត​។​លោកស្រី​បញ្ជាក់ថា ខ្សែភាពយន្ត​«​ដំបូង​ខ្មែរក្រហម សម្លាប់​ឪពុក​ខ្ញុំ​» មិនមែន​និយាយ​តែពី​សង្គ្រាម​ទេ តែ​ជា​ភាពយន្ត​ដែល​និយាយ​ពី​ការតស៊ូ​របស់​ប្រជាជន​កម្ពុជា​៕ 

​សូម​ទស្សនា​សាច់រឿង​សង្ខេប​ខាងក្រោម​៖






Tag:
 Angelina Jolie-Pitt
 ​ ប៉ាន់ រិទ្ធី​
 ​ ដំបូង​ខ្មែរក្រហម សម្លាប់​ឪពុក​ខ្ញុំ​
© រក្សាសិទ្ធិដោយ thmeythmey.com