កីឡាអន្តរជាតិ
អន្តរជាតិ
ហ្វីលីពីន ចង់​ឲ្យ ថៃ ឬ​ឥណ្ឌូណេស៊ី ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ជំនួស​ខ្លួន​
26, Jul 2017 , 7:19 pm        
រូបភាព
​ថៃ និង​ឥណ្ឌូណេស៊ី​ជា​បេក្ខភាព​ឈានមុខ​គេ​ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម (Sea Games) លើក​ទី ៣០ ឆ្នាំ​២០១៩ ជំនួស​ហ្វីលីពីន​បន្ទាប់ពី​សម្រេចចិត្ត​បោះបង់ចោល​ការធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​នេះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន AsianCorrespondent​។



​តាមពិតទៅ​ហ្វីលីពីន​បានទទួល​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០១៩ ក្រោយ​ឈ្នះ​ការបោះឆ្នោត​កាលពី​ឆ្នាំ ២០១៥​។ ប៉ុន្តែ​ក្រោយមក​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ បានសម្រេច​មិន​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​នេះ​វិញ​ដោយសារ​បច្ចុប្បន្នកំពុង​មាន​ជម្លោះ​ជាមួយ​ក្រុម​ភេរវជន​នៅ​ទីក្រុង Marawi ដែល​ស្ថិតនៅលើ​កោះ Mindanao ប្រទេស​ហ្វីលីពីន​។

​ដោយសារ​ហេតុផល​ខាងលើ​នេះហើយ ទើប​ហ្វីលីពីន​ដកខ្លួន និង​ចង់​ឲ្យ​ថៃ ឬក៏​ឥណ្ឌូណេស៊ី​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ប្រចាំ​តំបន់​អាស៊ី ឆ្នាំ​២០១៩ ជំនួស​វិញ​។ មួយវិញទៀត​ថវិការ​ដែល​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​នេះ នឹងត្រូវ​យកទៅជួយ​ដល់​ប្រជាជន និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទីក្រុង Marawi វិញ​។​

​សម្រាប់​ភាគី​ថៃ និង​ឥណ្ឌូណេស៊ី​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​បេក្ខភាព​ល្អ​ជាងគេ​ដើម្បី​ជំនួស​តំណែង​នេះ ត្រូវបញ្ជូន​ការដេញថ្លៃ​រៀងៗ​ខ្លួន​ទៅកាន់​សហព័ន្ធ​កីឡា​ស៊ី​ហ្គេម​មុនពេល​ពិធី​បិទ​ការប្រកួត​កីឡា Sea Games លើក​ទី ២៩ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ពីថ្ងៃ​ទី ១៩ ដល់ ៣១ ខែសីហា ឆ្នាំ​២០១៧ ខាងមុខនេះ​។​

​សូមបញ្ជាក់ថា​ថៃ​បាន​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើកចុងក្រោយ​នៅ​ឆ្នាំ​២០០៧ ខណៈ​ឥណ្ឌូណេស៊ី​ធ្វើ​ម្ចាស់ផ្ទះ​លើកចុងក្រោយ​ឆ្នាំ​២០១១​។ លើសពីនេះ​ឥណ្ឌូណេស៊ី​នឹង​ត្រូវមាន​ភារកិច្ច​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​អាស៊ី Asian Games លើក​ទី​១៨ នៅ​ឆ្នាំក្រោយ​ថែម​ទៀតផង​៕


Tag:
 បាល់ទាត់​
  ស៊ី​ហ្គេម​
  ហ្វីលីពីន​
  ថៃ​
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com