អន្តរជាតិ
ថៃត្រៀមបញ្ជូនទ័ពទៅចូលរួមប្រតិបត្តិការនៅម៉ារ៉ាវី បើហ្វីលីពីនស្នើសុំ ទិដ្ឋភាពទីក្រុងម៉ារ៉ាវីជាទីប្រយុទ្ធរវាងកម្លាំងរដ្ឋាភិបាលហ្វីលីពីន និងក្រុមឧទ្ទាម Maute (រូបភាព Xinhua)
× កងទ័ពជើងគោកភូមិន្ទថៃ បានត្រៀមខ្លួនរួចហើយក្នុងការបញ្ជូនកងកម្លាំងរបស់ខ្លួនទៅចូលរួមប្រតិបត្តិការនៅទីក្រុងម៉ារ៉ាវី បើសិនជាមានសំណើពីភាគីហ្វីលីពីន។ កងទ័ពហ្វីលីពីន បានប្រើពេលបីខែហើយក្នុងការបោសសម្អាតក្រុមឧទ្ទាម Maute ដែលចូលលុកលុយទីក្រុងភាគត្បូងនេះ ប៉ុន្តែនៅមិនទាន់ទទួលជោគជ័យនៅឡើយ។ កងទ័ពថៃ អាចជួយក្នុងប្រតិបត្តិការមនុស្សធម៌ ព្រោះប្រជាជនហ្វីលីពីនច្រើនម៉ឺននាក់កំពុងជួបបញ្ហានេះ។
អស់ពេលជាច្រើនថ្ងៃហើយដែលការវាយប្រយុទ្ធរវាងកម្លាំងរដ្ឋាភិបាលហ្វីលីពីន និងឧទ្ទាម Maute នៅតែបន្តនៅទីក្រុងម៉ារ៉ាវី របស់កោះមិនដាណាវ។ ប្រទេសច្រើនដូចជាអាមេរិក អូស្ត្រាលី និងចិនជាដើម សុទ្ធតែផ្ដល់ជំនួយជាអាវុធ និងបច្ចេកទេសសម្រាប់កងទ័ពហ្វីលីពីនក្នុងការប្រយុទ្ធគ្នានេះ។ នៅអាស៊ាន គេឃើញមានសិង្ហបុរី ដែលបានផ្ដល់ជំនួយជាសម្ភារច្រើនប្រភេទទៅឲ្យហ្វីលីពីន ហើយពេលនេះថៃក៏មានបំណងជួយផងដែរ។
យោងតាមកាសែតបាងកកប៉ុស្តិ៍ ឧត្តមសេនីយ៍ឯក Chatchai Patranavik ប្រធានមជ្ឈមណ្ឌលប្រតិបត្តិការប្រឆាំងភេរវកម្មនៃកងទ័ពជើងគោកភូមិន្ទថៃ និយាយថា បើមានការស្នើសុំ កងទ័ពថៃអាចត្រូវពង្រាយនៅទីក្រុងម៉ារ៉ាវី ដើម្បីផ្ដល់ជំនួយមនុស្សធម៌សម្រាប់ប្រជាជនដែលរងគ្រោះដោយការវាយប្រយុទ្ធនេះ។ វត្តមានកងទ័ពថៃ នឹងស្ថិតក្រោមកម្មវិធីផ្ដល់ជំនួយមនុស្សធម៌ និងការដោះស្រាយគ្រោះមហន្តរាយ។ លោកសង្កត់ធ្ងន់ថា កងទ័ពថៃ មិនមែនទៅដើម្បីប្រយុទ្ធឡើយ។
ទោះជាត្រៀមខ្លួនជួយហ្វីលីពីនក្ដី មន្ត្រីកងទ័ពថៃនិយាយដែរថាខ្លួនក៏ត្រូវប្រុងប្រយ័ត្ន នៅពេលចូលរួមប្រតិបត្តិការនៅម៉ារ៉ាវី ព្រោះវាអាចនាំបញ្ហាសម្រាប់ថៃនៅពេលខាងមុខ។ នេះក៏ព្រោះតែក្រុមឧទ្ទាម Maute មានទំនាក់ទំនងជាមួយក្រុមជ្រុលនិយមរដ្ឋឥស្លាម ហើយបើមានការខុសឆ្គងអ្វីនោះ ក្រុមភេរវកម្មមួយនេះអាចបង្កបញ្ហានៅលើទឹកដីថៃវិញមិនខាន។ អ្វីត្រូវចាំមិនភ្លេច គឺនៅភាគខាងត្បូងថៃក៏មានក្រុមមូស្លីមជ្រុលនិយមប្រឆាំងរដ្ឋាភិបាលដែរ។
លោកឧត្តមសេនីយ៍ Chatchai Patranavik បានលើកឡើងរបៀបនេះក្នុងកិច្ចប្រជុំក្រុមការងារប្រឆាំងភេរវកម្មនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានក្នុងទីក្រុងបាងកក ដែលថៃ និងចិនជាសហប្រធាន។ មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការការពារជាតិមកពីប្រទេសសមាជិកអាស៊ាន ប្រទេសដៃគូពិភាក្សាអាស៊ាន និងអ្នកជំនាញសន្តិសុខ បានចូលរួមកិច្ចប្រជុំនេះ ដែលផ្ដោតសំខាន់លើប្រធានបទប្រឆាំងភេរវកម្មតែម្ដង។
ងាកទៅស្ថានភាពនៅម៉ារ៉ាវីបន្តិច មនុស្សយ៉ាងហោចណាស់ ៥០០នាក់ស្លាប់ក្នុងចំណោមនោះមានជនស៊ីវិល៤៥នាក់ និងកងកម្លាំងប្រដាប់អាវុធ១០៥នាក់ផងដែរ។ គេរំពឹងថា ការប្រយុទ្ធគ្នានេះអាចនឹងត្រូវបន្តអូសបន្លាយជាច្រើនខែទៅមុខទៀតព្រោះប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ បានដាក់បទបញ្ជាឲ្យទាហានបញ្ចៀសឲ្យបានការវាយប្រហារដែលអាចគំរាមកំហែងជីវិតជនស៊ីវិល។ ឯទាហាននៅបន្តយុទ្ធនាការបោសសម្អាតរៀងរាល់ថ្ងៃដើម្បីកម្ទេចសម្បុកក្រុមភេរវជន៕
© រក្សាសិទ្ធិដោយ thmeythmey.com