អន្តរជាតិ
ត្រាំ៖ បើ អូបាម៉ា កម្ចាត់ អាសាដ តាំងពីយូរ មេ្ល៉ះរុស្ស៊ីនិងអ៊ីរ៉ង់លូកដៃមិនកើតឡើយ
× ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយមេដឹកនាំលីបង់ថ្ងៃអង្គារទី ២៥ ខែកក្កដា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ថាលោកមិនអនុញ្ញាតឲ្យ ប្រធានាធិបតីស៊ីរី បាសា អាល់អាសាដ រួចខ្លួនឡើយ។ លោកឆ្លៀតបន្ទោសលោក បារ៉ាក់ អូបាម៉ា ផងដែរដែលបណ្តែតបណ្តោយឲ្យរុស្ស៊ីនិងអ៊ីរ៉ង់លូកដៃក្នុងជម្លោះបាន ដោយមិនព្រមកម្ចាត់អាសាដ ចេញឲ្យឆាប់។ ក្រៅពីនេះ ត្រាំ ក៏រិះគន់ក្រុមប្រដាប់អាវុធលីបង់ហេស្បូឡា (Hezbollah) ផងដែរ ព្រោះក្រុមនេះកំពុងបន្តប្រយុទ្ធគាំទ្ររបបដឹកនាំស៊ីរីដូចគ្នា។
នាយករដ្ឋមន្ត្រីលីបង់ Saad Hariri បំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកនៅសប្តាហ៍នេះ ហើយលោកបានជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែរដើម្បីពិភាក្សាពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ចំណុចស្នូលនៃការកិច្ចពិភាក្សារវាងមេដឹកនាំទាំពីរគឺ ការពួតដៃគ្នាកម្ចាត់ក្រុមភេរវជនអន្តរជាតិ និងបន្តដោះស្រាយបញ្ហាជនភៀសខ្លួនជាដើម។
ក្រោយកិច្ចពិភាក្សាទ្វេភាគី លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីលីបង់បានចូលក្នុងសន្និសីទសារព័ត៌មានរួមគ្នាដែរ។ លោក ត្រាំ បានកោតសរសើរមេដឹកនាំលីបង់ដែលមានសមត្ថភាពក្នុងការការពារព្រំដែននិងទប់ស្កាត់ក្រុមភេរវជនចូលធ្វើសកម្មភាពនិងកសាងកម្លាំងក្នុងទឹកដីរបស់ខ្លួន។
យោងតាមសារព័ត៌មាន abc News នាយករដ្ឋមន្ត្រីលីបង់បានលើកឡើងពេលឈរទន្ទឹមជាមួយលោក ត្រាំ ថា លោកសង្ឃឹមថាកិច្ចសហប្រតិបត្តិការជាមួយអាមេរិកក្នុងការប្រឆាំងភេរវកម្មនឹងបន្តទៅមុខរហូតដល់ក្រុមភេរវជនត្រូវកម្ចាត់អស់។ តបនឹងការលើកឡើងនេះ លោក ត្រាំ បានឆ្លើយថា អាមេរិកនឹងបន្តគាំទ្រនិងសហការជាមួយលីបង់ដើម្បីយកឈ្នះលើក្រុមភេរវជននៅពេលខាងមុខ។
តាមពិតទៅ ជំនួយសន្តិសុខដែលអាមេរិកផ្តល់ឲ្យទាហានលីបង់កើនឡើងដលើ មួយពាន់លានដុល្លារក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែគេបារម្ភថា ជំនួយនេះនឹងត្រូវកាត់បន្ថយស្របពេលដែល ត្រាំ ស្នើកាត់បន្ថយជំនួយបរទេសនោះ។
ដោយឡែកក្នុងវេទិកានោះដែរ លោក ត្រាំ ក៏បានសរសើរលីបង់ផងដែរដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការទទួលជនភៀសខ្លួនស៊ីរី ១,៥លាននាក់ឲ្យជ្រកកោននៅក្នុងទឹកដីខ្លួនកន្លងមក។ ជនភៀសខ្លួន ១,៥លាននាក់វាស្មើនឹង មួយភាគបួននៃប្រជាជនលីបង់ទាំងមូលផងដែរ។
ចាប់តាំងពីសង្គ្រាមស៊ីវិលស៊ីរីផ្ទុះឡើងនៅដើមឆ្នាំ ២០១៦ មក អាមេរិកបានចំណាយថវិការាប់ពាន់លានដុល្លារដើម្បីរួមចំណែកផ្គត់ផ្គង់ជំនួយមនុស្សធម៌ដល់ជនភៀសខ្លួនស៊ីរី ក្នុងនោះមានទឹកស្អាត, ជំរក និង សេវាសុខាភិបាលផងដែរ។
១. ត្រាំ ត្រៀមដាក់ទណ្ឌកម្មប្រឆាំងក្រុមប្រដាប់អាវុធលីបង់ហេស្បូឡា ?
ចំណែកទាក់ទិនក្រុមប្រដាប់អាវុធលីបង់ ហេស្បូឡា លោក ដូណាល់ បានទិតៀនក្រុមនេះខ្លាំងព្រោះក្រុមនេះបន្តលូកលាន់ក្នុងជម្លោះស៊ីរីនិងគាំទ្ររបបដឹកនាំ បាសា អាសាដ។ លោកចោទថា ក្រុមហេស្បូឡាប្រកាន់និយកាយស៊ីអ៊ីតនេះកំពុងបង្កគ្រោះមហន្តរាយមនុស្សជាតិនៅស៊ីរីដោយទទួលបានជំនួយពីអ៊ីរ៉ង់។
លោកបានថ្លែងដូច្នេះថា៖« ក្រុមហេស្បូឡានេះជាគ្រោះថ្នាក់ចំពោះប្រទេសលីបង់ ប្រជាជនលីបង់ និងតំបន់ទាំងមូលផង។ ក្រុមនេះបន្តបង្កើនកម្លាំងយោធារបស់ខ្លួនដែលគំរាមកំហែង និងអាចបង្កើតជម្លោះជាមួយអ៊ីស្រាអែលផង»។
លោក ត្រាំ បានបង្ហើបផងដែរថា រដ្ឋាភិបាលរបស់លោកនឹងពិភាក្សាជាមួយទីប្រឹក្សាយោធាថាដើម្បីសម្រេចចិត្តពាក់ព័ន្ធការដាក់ទណ្ឌកម្មក្រុមប្រដាប់អាវុធនេះ។ ថ្វីបើប្រធានាធិបតីអាមេរិករូបនេះមិនមានបង្ហាញជំហរពិតប្រាកដរឿងដាក់ទណ្ឌកម្មក្រុមហេស្បូឡាក៏ដោយ បេសកជន ពិសេសអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Nikki Haley នាថ្ងៃអង្គារទី ២៥ កក្កដា បានទទូចសុំឲ្យក្រុមប្រឹក្សាសន្តិសុខចាត់ក្រុមហេស្បូឡាជាក្រុមភេរវជនដ៏គ្រោះថ្នាក់មួយ និងជាឧបសគ្គធំបំផុតសម្រាប់សន្តិភាពនៅក្នុងតំបន់។
លោកស្រីបានបន្ថែមថា វាជាគ្រោះថ្នាក់ព្រោះក្រុមនេះមានគោលដៅសំខាន់បំផ្លាញអ៊ីស្រាអែល ហើយលោកស្រីចង់ឃើញក្រុមប្រឹក្សាសន្តិសុខមានអនុវត្តដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខឲ្យបានតឹងរ៉ឹងខ្ជាប់ខ្ជូន រួមទាំងទាមទារឲ្យក្រុមនេះរំសាយអាវុធរបស់ខ្លួនផង។
ត្រឡប់មកវិញ ក្រៅពីបញ្ហាទំនាក់ទំនងទ្វេភាគីរវាងអាមេរិក និងលីបង់ លោក ដូណាល់ ត្រាំ ក៏បានផ្តោតលើបញ្ហាជម្លោះស៊ីរីផងដែរ។ លោកឆ្លៀតឱកាសបន្ទោសលោក បារ៉ាក់ អូបាម៉ា ដែលអសមត្ថភាពដោះស្រាយបញ្ហា និងប្តេជ្ញាបង្ខំឲ្យមេដឹកនាំស៊ីរី បាសា អាល់អាសាដ ទទួលខុសត្រូវចំពោះបញ្ហាគ្រោះមហន្តរាយមនុស្សជាតិដែលកើតឡើងក្នុងទឹកដីស៊ីរីផង។
២.ត្រាំ៖ បើអូបាម៉ា កម្ចាត់អាសាដ គ្មានរុស្ស៊ី និងអ៊ីរ៉ង់លូកដៃក្នុងជម្លោះស៊ីរីដូចឥឡូវឡើយ
ប្រធានាធិបតី ត្រាំ បានបញ្ជាក់ថា លោកមិនដែលចូលចិត្តមេដឹកនាំស៊ីរី បាសា អាល់អាសាដឡើយ ហើយលោកក៏មិនអាចបណ្តែតបណ្តោយឲ្យមេដឹកនាំស៊ីរីរូបនេះរួចខ្លួនដែរ ក្នុងកាលៈទេសៈណាក៏ដោយ។
«ខ្ញុំគិតច្បាស់ណាស់ថា អ្វីដែលអាសាដ បានធ្វើចំពោះប្រទេស និងចំពោះប្រជាជនខ្លួនគឺ អាក្រក់ព្រៃផ្សៃណាស់។ ដូច្នេះហើយខ្ញុំបានជានិយាយជាយូរមកហើយថា ខ្ញុំមិនមែនជាមេដឹកនាំដែលនៅឈរមើលនិងបណ្តោយឲ្យអាសាដ រួចខ្លួនមិនទទួលខុសត្រូវចំពោះអ្វីដែលខ្លួនធ្វើឡើយ»។ នេះជាការបញ្ជាក់របស់លោក ដូណាល់ ត្រាំ ប្រាប់អ្នកសារព័ត៌មាន។
មិនត្រឹមតែគំរាម អាសាដ ប៉ុណ្ណោះទេ ប្រធានាធិបតីអាមេរិករូបនេះបានឆ្លៀតទិតៀនលោក បារ៉ាក់ អូបាម៉ា ផងដែរពាក់ព័ន្ធការដោះស្រាយជម្លោះស៊ីរី។ លោកជឿជាក់ថា បើសិនជា លោក អូបាម៉ា ប្រើកម្លាំងយោធាកម្ចាត់ អាសាដ តាំងពីយូរមកហើយនោះ ប្រហែលជារុស្ស៊ី និងអ៊ីរ៉ង់មិនអាចលូកលាន់បញ្ហាស៊ីរីបានដូចសព្វថ្ងៃទេ។
ក្រោយមានការប្រើប្រាស់អាវុធគីមី ឆ្នាំ ២០១២នៅស៊ីរី លោក បារ៉ាក់ អូបាម៉ា បានថ្លែងថា បើសិន អាសាដ ប្រើប្រាស់អាវុធគីមីមានន័យថា អាសាដ ឆ្លងបន្ទាត់ក្រហមហើយ។ ប៉ុន្តែលោកមិនបានដាក់ទណ្ឌកម្ម អាសាដ ឡើយនៅពេលដែលលោក អាសាដ ប្រើប្រាស់អាវុធគីមីនៅឆ្នាំ ២០១៣នោះ។
លោក ត្រាំ អួតអាងបន្ថែមលោក ហ៊ាននិយាយ គឺហ៊ានធ្វើ។ ត្រាំ រម្លឹកពីចំណាត់ការរបស់លោកដែលប្រើប្រាស់កន្លងមក។ នោះគឺ ការបាញ់ផ្លោងមីស៊ីលជាង ៥០គ្រាប់ចូលមូលដ្ឋានទ័ពអាកាស៊ីរីដើម្បីកំញើញរបបដឹកនាំស៊ីរី ដែលហ៊ានប្រើប្រាស់អាវុធគីមីប្រឆាំងជនស៊ីវិលនោះ។
ដោយសារចំណាត់ការរបស់លោក ស្ថានភាពជម្លោះនៅស៊ីរីកាន់តែប្រសើរឡើង ខុសពីជំនាន់លោក បារ៉ាក់ អូបាម៉ា។ ដូចឃើញស្រាប់អាមេរិកនិងរុស្ស៊ីឯកភាពគ្នាបង្កើតបទឈប់បាញ់នៅស៊ីរីដើម្បីរក្សាជីវិតជនស៊ីវិល ក្រោយជំនួបរវាងលោក វ្ល៉ាឌីមៀ ពូទីន និងលោក ដូណាល់ ត្រាំ នៅក្រៅកិច្ចប្រជុំប្រទេស២០ នៅក្រុង Hamburg ប្រទេសអាល្លឺម៉ង់ដើមខែកក្កដា។
Tag:
ដូណាល់ ត្រាំ
បាសា អាល់អាសាដ
Saad Hariri
© រក្សាសិទ្ធិដោយ thmeythmey.com