ជាតិ
តុលាការ ពន្យារពេល​ប្រកាស​ទោស លោក គឹម សុខ​
26, Jul 2017 , 5:10 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក គឹម សុខ អ្នកវិភាគ​នយោបាយ ត្រូវបាន​សមត្ថកិច្ច ដឹក​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​សវនាការ នៅ​រសៀល​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២0១៧​នេះ​។ ប៉ុន្តែ ក្រោយ​បញ្ចប់​សវនាការ ចៅក្រម​ជំនុំជម្រះ ពុំបាន​ប្រកាស​សាលក្រម​ភ្លាមៗ​នោះទេ ដោយ​លើក​ពេល​ទៅ​ប្រកាស​នៅ​ថ្ងៃទី​១0 ខែសីហា ឆ្នាំ​២0១៧ ឯណោះ​វិញ​។



​លោក គឹម សុខ បាន​រង​បទ​ចោទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​» និង​បទ «​ញុះញង់ ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម​» ដែល​ប្តឹង​ដោយ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក គឹម សុខ បាន​ជាប់ឃុំ តាំងពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២0១៧​មកម្ល៉េះ ក្រោយ​សម្តេច ហ៊ុន សែន ពឹង​មេធាវី ឲ្យ​ដាក់ពាក្យ​ប្តឹង​។

​បើតាម​លោក គី តិច ដែលជា​មេធាវី​របស់​សម្តេច ហ៊ុន សែន ការប្តឹង​នេះ គឺ​ដោយសារតែ​លោក គឹម សុខ បាន​ចោទថា​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពី​ក្រោយខ្នង​នៃ​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី ដែលជា​អ្នកវិភាគ​នយោបាយ និង​ជា​អ្នកស្រាវជ្រាវ​ខាង​ការអភិវឌ្ឍ​សង្គម​ដ៏​ល្បីល្បាញ​។ នៅក្នុង​ពាក្យបណ្តឹង​នេះ សម្តេច ហ៊ុន សែន បាន​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០​ម៉ឺន​ដុល្លារ ពី​លោក គឹម សុខ​។

​លោក គឹម សុខ នៅ​រង​ពាក្យបណ្តឹង​មួយទៀត ពីស​ម្តេច ហ៊ុន សែន​។ បណ្តឹង​លើក​ទី​ពីរ​នេះ គឺពាក់ព័ន្ធ​នឹង​ការលើកឡើង​របស់ គឹម សុខ ដែល​ចោទថា ប្រព័ន្ធ​មួយ ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន មានការ​សម្លាប់​មនុស្ស ហើយ​រក​ឃាតក​មិនឃើញ​។ សម្រាប់​បណ្តឹង​នេះ សម្តេច ហ៊ុន សែន ទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក គឹម សុខ ២៥០០​ដុល្លារ​អាមេរិក​។ ប៉ុន្តែ រហូតមកដល់​ពេលនេះ តុលាការ មិនទាន់​ចាត់វិធានការ​លើ​បណ្តឹង​ជា​លើក​ទី​ពីរ​របស់​សម្តេច ហ៊ុន សែន នៅឡើយ​ទេ​៕


Tag:
 តុលាការ​
  គឹម សុខ​
© រក្សាសិទ្ធិដោយ thmeythmey.com