ជាតិ
សេដ្ឋកិច្ច
ក្រសួង​ដាក់ចេញ​ការប្រឡង China Ready លើក​ទី​១​ដើម្បី​ត្រៀម​ទាញ​ទេសចរ​ចិន ២​លាន​នាក់​
27, Jul 2017 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងទេសចរណ៍​បានដាក់​ចេញ​ចលនា​ប្រឡងប្រណាំង China Ready លើក​ទី​១ ឆ្នាំ​២០១៧ ក្នុង​គោលបំណង​ពង្រឹង​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា​ឲ្យ​ស្របតាម​ផែនការ​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​ចំនួន ២​លាន​នាក់​នៅ​ឆ្នាំ​២០២០ ។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​នៅ​ថ្ងៃទី​២៤​ខែកក្កដា​។



​ការប្រឡងប្រណាំង China Ready ធ្វើឡើង​ដោយ​ផ្អែកលើ​ការវាយតម្លៃ​របស់​ទេស​ចរ​ជនជាតិ​ចិន​ទៅលើ​សេវាកម្ម​ទេសចរណ៍​ដែល​ផ្ដល់​ដោយ​បេក្ខភាព​។ ប្រតិបត្តិ​ករ​ទេសចរណ៍​ដែល​ក្រសួង​តម្រូវ​ឲ្យ​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធី​នេះ មានដូចជា ប្រតិបត្តិ​ករ​បម្រើ​សេវាកម្ម​ម្ហូបអាហារ​និង​ភេសជ្ជៈ សេវាកម្ម​ស្នាក់នៅ សេវាកម្ម​ដឹកជញ្ជូន​ទេសចរណ៍ រមណីយដ្ឋាន​ទេសចរណ៍ សេវាកម្ម​កម្សាន្ត ការី​ទេសចរណ៍ និង​ទីភ្នាក់ងារ​ទេសចរណ៍ ផ្សារ​ទំនើប និង​ហាង​លក់​វត្ថុ​អនុ​វស្សា​វ​រី​យ៍ ដែល​ទទួលបាន​ការទទួល​ស្គាល់​គុណភាព​សេវាកម្ម​ទេសចរណ៍​។

​ដំណាក់កាល​ដាក់ពាក្យ​ប្រឡង​នឹងត្រូវ​បិទ​បញ្ចប់​ត្រឹម​ថ្ងៃទី​២​ខែកញ្ញា មុន​ដំណាក់កាល​ត្រៀម​វាយតម្លៃ​ចាប់ផ្ដើម​នៅ​ថ្ងៃទី​៤ ដល់ទី​១០​ខែកញ្ញា​។ ដំណាក់កាល​វាយតម្លៃ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១១​ខែកញ្ញា​ដល់​ថ្ងៃទី​១១​ខែតុលា និង​ដំណាក់កាល​ចុងក្រោយ គឺ​ការប្រកាស​លទ្ធផល​ដល់​ជ័យលាភី​ចំនួន​១០​បេក្ខភាព ដែល​ធ្វើឡើង​នាឱកាស​វេទិកា China Ready លើក​ទី​២ នៅ​ថ្ងៃទី​៣០-៣១​ខែតុលា​ឆ្នាំនេះ​៕


Tag:
 China Ready
© រក្សាសិទ្ធិដោយ thmeythmey.com