កីឡាជាតិ
ជាតិ
ទូកក្តោងកម្ពុជាក្លាយជាសមាជិកសហព័ន្ធកីឡាទូកក្តោងពិភពលោកជាផ្លូវការ លោក ថោង រដ្ឋសក្តិ អនុប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា
× សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានក្លាយជាសមាជិកពេញសិទ្ធរបស់សហព័ន្ធកីឡាទូកក្តោងពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ដែលវាជាប្រវត្តិសាស្ត្រ និងជាសមិទ្ធផលថ្មីមួយទៀតសម្រាប់កម្ពុជា ។ កម្ពុជា ក៏គ្រោងដាក់ប្រភេទកីឡាទូកក្តោងដ៏កម្រនេះ បញ្ចូលក្នុងការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។
លោក ថោង រដ្ឋសក្តិ អនុប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា បាននិយាយថា មូលហេតុដែលជំរុញឲ្យសហព័ន្ធកីឡាទូកអាស៊ី និងពិភពលោកទទួលទូកក្តោកម្ពុជាជាសមាជិកពេញសិទ្ធនេះ គឺស្ដែងចេញពីសមិទ្ធផលនិងការខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាទូកកម្ពុជា។ ជាពិសេសការអំណោយផលផ្នែកទីតាំងតំបន់សមុទ្ររបស់ប្រទេសកម្ពុជា។ លោក ថោង រដ្ឋសក្តិ បានបន្ថែមថា ភាពជាសមាជិកនេះ អាចផ្ដល់ឱកាសឲ្យកម្ពុជាបញ្ជូនកីឡាករចូលរួមប្រកួតកម្រិតអាស៊ី និងពិភពលោក ជាពិសេសការបញ្ជូនកីឡាករទៅហ្វឹកហាត់នៅក្រៅប្រទេស ឬហៅគ្រូមកបង្វឹកនៅកម្ពុជាផងដែរ។
ជាមួយគ្នានេះលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា និយាយថា ការក្លាយជាសមាជិកពេញសិទ្ធនេះ វាជាសមិទ្ធផលថ្មីមួយ សម្រាប់ចលនាអូឡាំពិកកម្ពុជា។ «ការទទួលស្គាល់ជាសមាជិកពេញសិទ្ធរបស់សហព័ន្ធកីឡាទូកក្តោងពិភពលោក ជាប្រវត្តិសាស្ត្ររបស់សហព័ន្ធកីឡាទូកកម្ពុជា ព្រោះវាជាប្រភេទកីឡាអូឡាំពិក។ ហើយវាជាប្រភេទកីឡាក៏កម្រ និងលំបាកទាំងធ្វើសកម្មភាព និងហ្វឹកហាត់ ព្រោះកីឡានេះទាមទារទីតាំងហ្វឹកហាត់ស្តង់ដា ជាពិសេសសម្ភារមានតម្លៃថ្លៃ»។ នេះជាសម្តីរបស់ លោក វ៉ាត់ ចំរើន។
សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបង្កើតឡើង កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥។ ហើយសហព័ន្ធនេះ បានក្លាយជាសមាជិកភាពរបស់សហព័ន្ធកីឡាទូកក្តោងពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧។
កន្លងមកសហព័ន្ធកីឡាទូកក្តោងកម្ពុជា បានរៀបចំការប្រកួតបំផុសចលនាកីឡានេះ ក្នុងកម្មវិធីបុណ្យទន្លេ និងសមុទ្រនៅតាមបណ្តាផ្សេងៗជាច្រើននៅកម្ពុជា។ លើសពីនេះ សហព័ន្ធបានបញ្ជូនកីឡាករ៣រូបឲ្យចូលរួមការប្រកួតលំដាប់អន្តរជាតិនៅប្រទេសវៀតណាមពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧។ នៅឆ្នាំ២០១៦ សហព័ន្ធបានចូលរួមមហាសន្និបាតសហព័ន្ធកីឡាទូកក្តោងពិភពលោកនៅទីក្រុងប៉ាសេឡូណា ប្រទេសអេស្ប៉ាញ និងចូលរួមកិច្ចប្រជុំរបស់សហព័ន្ធកីឡាទូកក្តោងអាស៊ីនៅទីក្រុងប៉ាតាយ៉ាប្រទេស នៅឆ្នាំ២០១៧ ជាដើម។
សហព័ន្ធកីឡាទូកក្តោងកម្ពុជា នឹងបញ្ជូនកីឡាករ៣លើពីរវិញ្ញាសាឲ្យចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី នៅខែសីហាខាងមុខនេះ ។ កីឡាករទាំងនោះរួមមាន ឌុច ប៊ុនធឿន, សូត្រ មេសា និង ហៀង ស៊ុនហេង រួមគ្រូបង្វឹក សោម សុទ្ធរិទ្ធិពង្ស និងលោក ថោង រដ្ឋសក្តិ ថ្នាក់ដឹកនាំកីឡាទូកក្តោងកម្ពុជា។ ប្រភេទកីឡានេះ ក៏គ្រោងដាក់បញ្ចូលក្នុងការប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣ ផងដែរ៕
Tag:
ទូកក្តោង
ថោង រដ្ឋសក្តិ
វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com