ជាតិ
សេដ្ឋកិច្ច
សមាគម​មីក្រូហិរញ្ញវត្ថុ​នឹង​ពង្រឹង​ក្រម​អាជីវកម្ម​ដើម្បី​រក្សា​ស្ថិរភាព​របស់​គ្រឹះស្ថាន​ផ្តល់​ឥណទាន​
27, Jul 2017 , 7:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ ៖ ដោយ​បារម្ភ​ពី​ហានិភ័យ​នានា​ដែល​អាច​កើតឡើង​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​អំពាវនាវ​ឲ្យ​សមាជិក​របស់ខ្លួន​រក្សា​សុចរិត​ភាព និង​ការទទួលខុសត្រូវ​ក្នុង​ការផ្តល់​ប្រាក់កម្ចី​ដល់​អ្នក​ដែល​ត្រូវការ​សាច់ប្រាក់​ដើម្បី​បង្កើន​អាជីវកម្ម​។ សមាគម​ក៏​ព្រមាន​មិន​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​មន្ត្រី​ឥណទាន​ធ្វើ​សកម្មភាព​បម្រើ​ប្រយោជន៍​នយោបាយ​ផ្ទាល់ខ្លួន​ផងដែរ​។ អ្នកជំនាញ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​សាទរ​ចំណាត់ការ​នេះ តែ​បារម្ភ​ថា គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​មិនមែនជា​សមាជិក​របស់​សមាគម មិន​អនុវត្ត​ក្រមសីលធម៌​នេះ​ទេ​។​



​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ដែល​តំណាង​ឲ្យ​គ្រឹះស្ថាន​ផ្តល់​កម្ចី​ខ្នាតតូច​ចំនួន​៨៧ បានប្រកាស​បង្កើន​ការអនុវត្ត​«​ក្រម​ស្តីពី​ការផ្តល់​ឥណទាន​ប្រកបដោយ​សមធម៌​» ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​ប្រកបដោយ​ការទទួលខុសត្រូវ​រប​ស់​មន្ត្រី​ឥណទាន និង​រឹតបន្តឹង​លើ​ការផ្តល់​ប្រាក់កម្ចី ដែលជា​ផ្នែក​មួយ​នៃ​ការរក្សា​នូវ​ស្ថិរភាព​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក្នុងប្រទេស​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​តាម​ការបញ្ជាក់​របស់​ម​ន្ត្រី​សមាគម​។​

​យោងតាម​ក្រម​ស្តីពី​ការផ្តល់​ឥណទាន​ប្រកបដោយ​សមធម៌ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ក្នុងប្រទេស នឹង​ត្រូវបាន​តម្រូវ​មិន​ឲ្យ​ប្រើ​យក​ឯកសារ​រដ្ឋបាល​មួយចំនួន ដើម្បី​ទទួលបាន​ប្រាក់កម្ចី និង​មិនត្រូវ​មានការ​ពាក់ព័ន្ធ​នឹង​សកម្មភាព​ឃោសនា​នយោបាយ​ណាមួយ​។​

​លោក យុន សុ​វណ្ណា អគ្គលេខាធិការ​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា បាន​ប្រាប់ VOA នៅ​ថ្ងៃ​ពុធ​នេះ​ថា សមាគម​ប្រកាស​អនុវត្ត​ក្រម​នេះ ក្នុង​គោលបំណង​រក្សា និង​ការពារ​ការទទួលខុសត្រូវ​របស់​មន្ត្រី​ឥណទាន និង​បញ្ចៀស​ផលប៉ះពាល់​អវិជ្ជមាន​នានា​ខាង​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​ធានាបាន​និរន្តរភាព​នៃ​កំណើន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្របច្បាប់​ក្នុងប្រទេស​។​

«​យើង​ថែរក្សា​សច្ចភាព ហើយ​និង​វិជ្ជាជីវៈ ហើយ​គណនេយ្យភាព​រប​ស់​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ហ្នឹង កុំ​ឲ្យ​មាន​បញ្ហា​ឡូកឡំ ដែល​នាំ​ឲ្យ​ប៉ះពាល់​ទៅដល់​ការរីកចម្រើន ហើយ​និង​ស្ថិរភាព​របស់​វិស័យនេះ​»​។​

​សេចក្តីជូនដំណឹង​រប​ស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ដែល​លើកឡើង​ពី​ក្រម​ស្តីពី​ការផ្តល់​ឥណទាន បាន​ឲ្យ​ដឹងថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​មិនអាច​ទទួល​យក​នូវ​អត្តសញ្ញាណ​បណ្ណ សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់នៅ​សម្រាប់​ជា​វត្ថុ​ធានា​ក្នុងការ​ផ្តល់​ឥណ​ទា​នោះឡើយ​។ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​តម្រូវ​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បញ្ជាក់ថា គ្រឹះស្ថាន​ទាំងអស់​គឺជា​គ្រឹះស្ថាន​ឯកជន​សុទ្ធសាធ និង​ធ្វើ​ប្រតិបត្តិការ​សំដៅ​ទទួលបាន​ប្រាក់ចំណេញ ហើយ​អតិថិជន​ដែល​ទទួល​ប្រាក់កម្ចី​ត្រូវមាន​កាតព្វកិច្ច​សង​ត្រឡប់​តាម​កិច្ចសន្យា​កំណត់​។​



​ទាក់ទិន​នឹង​សកម្មភាព​នយោបាយ សេចក្តីជូនដំណឹង​រប​ស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ចុះ​ថ្ងៃទី​២៤ ខែកក្កដា បានបញ្ជាក់​ក្នុងន័យ​ដើម​ថា​៖

«​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជា​ស្ថាប័ន​ពាណិជ្ជកម្ម និង​មិនមែនជា​អង្គភាព​នយោបាយ​នោះទេ​។ បុគ្គលិក​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិនអាច​ប្រើប្រាស់​ស្លាក​សញ្ញា​នានា​របស់​គ្រឹះស្ថាន ឬ​ផ្នែក​ណាមួយ​នៃប្រតិបត្តិ​ការផ្តល់សេវា​ជា​មូលដ្ឋាន ក្នុងការ​ចូលរួម​សកម្មភាព ឬ​ការឃោសនា​នយោបាយ​នោះឡើយ​។ បុគ្គលិក​ដែល​ត្រូវបាន​រកឃើញថា បាន​ប្រព្រឹត្តល្មើស​គោលការណ៍​នេះ នឹង​ទទួលពិន័យ​ធ្ងន់ធ្ងរ​បំផុត​»​។​

​លោក យុន សុ​វណ្ណា អគ្គលេខាធិការ​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​បញ្ជាក់ថា សមាគម​មិនបាន​បំបិទ​សិទ្ធិ​នយោបាយ​របស់​បុគ្គលិក​នៃ​គ្រឹះស្ថាន​ឥណទាន​ទេ ប្រសិនបើ​ពួកគេ​អនុវត្ត​សិទ្ធិ​នោះ នៅក្រៅ​រង្វង់​ការងារ និង​ភារកិច្ច​របស់​ពួកគេ ដែលមាន​នៅតាម​គ្រឹះស្ថាន​នីមួយៗ​។ ក៏ប៉ុន្តែ ប្រសិន​បុគ្គលិក​ទាំងនោះ​យក​ភារកិច្ច និង​ឈ្មោះ ឬ​ស្លាក​សញ្ញា​គ្រឹះស្ថាន​របស់ខ្លួន​ទៅ​បម្រើ​ផលប្រយោជន៍​នយោបាយ​ខ្លួន​នោះ នោះ​ម្ចាស់​គ្រឹះស្ថាន​នឹងដាក់​ពិន័យ ដូចជា​ការបញ្ឈប់​ពី​ការងារ​ជាដើម​។​

«​ទោសពិន័យ​ធ្ងន់ធ្ងរ ដូចជា​សម្រាប់​បុគ្គលិក ដែល​ប្រើប្រាស់​ស្លាក​សញ្ញា ឬ​មូ​យ​ក៏​កេងចំណេញ​ផ្នែក​នយោបាយ ឬមួយ​ក៏​សេវាកម្ម​របស់ខ្លួន​ហ្នឹង បុគ្គលិក​ហ្នឹង​នឹង​ត្រូវបាន​បញ្ឈប់ ឬមួយ​ក៏​ពិន័យ​ធ្ងន់ធ្ងរ ដែល​ឈានទៅដល់​ការបញ្ឈប់​»​។​

VOA មិនអាច​ទាក់ទង​សុំ​ការអធិប្បាយ​ពី​អ្នកស្រី ជា សេរី អគ្គនាយករង​នៃ​ធនាគារជាតិ​កម្ពុជា​បានទេ នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​។​

​លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​របស់​ក្រុមហ៊ុន Emerging Markets Consulting (EMC) មានប្រសាសន៍ប្រាប់ VOA ថា សមាគម​មីក្រូហិរញ្ញវត្ថុ​កំពុង​ខិតខំ​ការពារ​មុខមាត់ និង​តម្លាភាព​ការងារ​សមាជិក​របស់​ខ្លួន តាមរយៈ​ការប្រកាស​បង្កើន​ការអនុវត្ត​ក្រម​ផ្តល់ប្រាក់​កម្ចី​នេះ​។ លោក​ពន្យល់ថា មាន​គ្រឹះស្ថាន​មួយចំនួន ដែល​មិនមែនជា​សមាជិក​របស់​សមាគម អាច​នឹងមិន​ធ្វើ​ទៅតាម​ក្រម​របស់​សមា​គម​មីក្រូហិរញ្ញវត្ថុ ព្រោះ​គ្រឹះស្ថាន​ទាំងនោះ​នឹង​នៅ​បន្ត​យក​អត្តសញ្ញាណ​បណ្ណ ឬ​សៀវភៅ​គ្រួសារ​ក្នុងការ​ផ្តល់​កម្ចី​ដល់​អ្នកមាន​តម្រូវការ​សាច់ប្រាក់​។​

«​និយាយ​ឲ្យ​ចំ គឺ​ដូច​មាន​លក្ខណៈ​ជាការ​លាងខ្លួន​មួយ ដែល​ធ្វើ​ឲ្យ​បញ្ជាក់ថា សមាជិក​របស់​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហ្នឹង គឺ​មិន​ប៉ះពាល់​ដល់​បញ្ហា​ហ្នឹង​ទេ អញ្ចឹង​ទៅណា៎​»​។​

​លោក​បានបញ្ជាក់​បន្តទៀត​ថា ក្នុងពេលដែល​សមាគម​មីក្រូហិរញ្ញវត្ថុ​ខិតខំ​ពង្រឹង​ការអនុវត្ត​ក្រម​អាជីវកម្ម​របស់ខ្លួន ប្រតិបត្តិការ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​ដំណើរការ​ទៅជា​ធម្មតា តែ​ការកើនឡើង​នៃ​កម្ចី​ខូច ឬ​សង​យឺត​ពេល ហើយនឹង​ការលំបាក​រក​ផលចំណេញ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​តូចៗ អាច​នឹងធ្វើ​ឲ្យ​ប្រតិបត្តិការ​ក្នុង​វិស័យនេះ​ចុះថមថយ​។​



​បើតាម​របាយការណ៍រ​បស់​ធនាគារកណ្ដាល​ក​ម្ពុ​ជា ប្រព័ន្ធ​ធនាគារ​បាន​រីក​ធំ​យ៉ាងខ្លាំង ក្នុងនោះ​រួមមាន ធនាគារ​ពាណិជ្ជកម្ម​ចំនួន​៣៦ ធនាគារ​ឯកទេស​ចំនួន​១១ ការិយាល័យ​តំណាង​ធនាគារ​បរទេស​ចំនួន​៨ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​៥៨ ដែល​ក្នុងនោះ​មាន​គ្រឹះស្ថាន​ដក​ប្រាក់​បញ្ញើ​ចំនួន​៨ និង​ប្រតិបត្តិ​ករ​ផ្ដល់​កម្ចី​ចំនួន​១០៤ ហើយ​ក្រុមហ៊ុន​ធ្វើ​កិច្ចសន្យាជួល​ចំនួន​៩ និង​ក្រុមហ៊ុន​ការិយាល័យ​ឥណទាន​ចំនួន​មួយ​។​

​ទំហំ​ប្រាក់កម្ចី​ដែល​បានដាក់​ឲ្យ​ដំណើរការ​ក្នុង​ប្រព័ន្ធ​ផ្ដល់​ឥណទាន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មាន​ប្រមាណ​៣៥០០​លាន​ដុល្លារ​អាមេរិក គឺ​ជាង​ពាក់កណ្ដាល​នៃ​ប្រាក់​បំណុល​ជាតិ ដែលមាន​ចំនួន ៦០០០​លាន​ដុល្លារ​អាមេរិក​។ ទំហំ​ប្រាក់កម្ចី​៣៥០០​លាន​ដុល្លារ​ត្រូវបាន​ផ្ដល់​ទៅ​អតិថិជន​ចំនួន​ជាង​២​លាន​គ្រួសារ គិត​ត្រឹម​ឆ្នាំ​២០១៦​។ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកជំនាញ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​។​

​ជា​ផ្នែក​មួយ​នៃ​ការរក្សា​លំនឹង​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ រដ្ឋាភិបាល​កម្ពុជា កាលពី​ខែមីនា បានសម្រេច​ចិត្ត​ដ៏​ភ្ញាក់ផ្អើល​មួយ ដោយបាន​បង្កើត​ពិ​ដាន​អត្រា​ការប្រាក់​ត្រឹម​១៨​ភាគរយ​ក្នុង​មួយឆ្នាំ​។ ពិ​ដាន​អត្រា​ការប្រាក់​នេះ​បាន​ទទួលរង​ការរិះគន់​ពី​អ្នកជំនាញ​ហិរញ្ញវត្ថុ​ក្នុងប្រទេស ដោយហេតុថា វា​នឹង​មិនអាច​រក្សា​និរន្ត​ភាព​របស់​វិស័យ​មីក្រូហិរញ្ញវត្ថុ​នោះទេ តែ​នឹងធ្វើ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ខ្នាតតូចៗ​ត្រូវ​បិទទ្វារ​។​

​សមាគម​មីក្រូហិរញ្ញវត្ថុ​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ មិនទាន់មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ណាមួយ​បិទទ្វារ​នោះទេ ទោះជា​គ្រឹះស្ថាន​មួយចំនួន​កំពុង​ប្រឈម​ផលវិបាក​ក្នុង​ការគោរព​តាម​ការកំណត់​ពិ​ដាន​អត្រា​ការប្រាក់​នេះ​ក៏ដោយ​។ អ្នកជំនាញ​ខាង​ហិរញ្ញវត្ថុ​ជឿថា បើ​ទោះ​មិនមាន​ការបិទទ្វារ​ក្តី ការច្របាច់បញ្ចូលគ្នារ​បស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ នឹង​អាច​កើតមានឡើង ប្រសិនបើ​ធនាគារជាតិ​នៃ​កម្ពុជា​ដាក់​សម្ពាធ​ឲ្យ​ដំឡើង​ដើមទុន​ចុះបញ្ជី​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com