ជាតិ
សុវត្តិភាព ចរាចរណ៍
អ្នក​ចូលចិត្ត​ចត​យានយន្ត​លើ​ទ្រូងផ្លូវ សូម​ប្រយ័ត្ន​!
27, Jul 2017 , 12:02 pm        
រូបភាព
ដោយ: ថ្មីៗ
នគរបាល​ចរាចរណ៍​ផ្លូវគោក​បានចាប់ផ្តើម​ពិន័យ​រាល់​យានយន្ត​ដែល​ត្រូវបាន​ចត ឬ​ឈប់​លើ​ទ្រូង​ថ្នល់​ដោយ​បំពាន​មាត្រា​២៣​នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។ យាន​ល្មើ​សនឹង​ទទួលរង​ការពិន័យ​ពី ២៥ ០០០​រៀល ទៅ ៥០ ០០០​រៀល តាម​ប្រភេទ​យាន ឬ​ត្រូវ​ឃាត់ទុក​មិនអោយ​ធ្វើ​ចរាចរណ៍​តាម​មាត្រា​៦៦​នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​ផ្លូវគោក និង​សណ្តាប់ធ្នាប់​សាធារណៈ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ដើម្បី​ចូលរួម​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍​។




​មាត្រា​២៣
​ការឈប់​និង​ការចត​នៅលើ​ផ្លូវថ្នល់ ត្រូវអនុវត្ត​ដូចខាងក្រោម​៖
១-​គ្រប់​យានជំនិះ​ដែល​ឈប់​ឬ​ចត មិនត្រូវ​បង្ក​ឲ្យ​រំខាន​ដល់​យានជំនិះ​ផ្សេងៗ​ទៀត​ដែល​កំពុង ធ្វើ​ចរាចរណ៍​។​
២-​នៅក្នុង​ទីប្រជុំជន គ្រប់​យានជំនិះ​ត្រូវ​ឈប់​ឬ​ចត​នៅតាម​ទិស​ដែល​ខ្លួន​កំពុង​ធ្វើ​ចរាចរណ៍ ដោយ​អនុវត្ដ​តាម​បទ​ប្ប​ញ្ញ​ត្ដិ​ដូចខាងក្រោម​៖
-​ចំពោះ​ទ្រូងផ្លូវ​ដែលមាន​ទិស​ចរាចរណ៍​ពីរ ត្រូវ​ចត​ឬ​ឈប់​ខាងស្ដាំ​តាម​ទិស​ចរាចរណ៍​របស់ ខ្លួន​
-​ចំពោះ​ទ្រូងផ្លូវ​ឯកទិស ត្រូវ​ចត​ឬ​ឈប់​ខាងស្ដាំ​ឬ​ខាងឆ្វេង​តាម​ទិស​ចរាចរណ៍​។​

៣-​នៅក្រៅ​ទីប្រជុំជន យានជំនិះ​ឬ​សត្វពាហនៈ​ត្រូវ​ឈប់​ឬ​ចត​នៅក្រៅ​ទ្រូងផ្លូវ​។ បើ​គ្មាន​ទីណា​ផ្សេងទៀត​ដែល​យានជំនិះ​អាច​ចត​បាន​ក្រៅពី​ទ្រូងផ្លូវ​ទេនោះ ត្រូវ​អនុវត្ដ​តាម​បទ​ប្ប​ញ្ញ​ត្ដិ​ដែល​មានចែង​ក្នុង​ចំណុច​ទី​១​ខាងលើនេះ​។​

៤-​នៅក្រៅ​ទីប្រជុំជន គ្រប់​យានជំនិះ​ដែល​ខូច​គាំង​ឬ​ត្រូវ​បង្ខំ​ឲ្យ​ឈប់​ឬ​ចត​នៅលើ​ទ្រូងផ្លូវ ត្រូវ​ប្រើ​ភ្លើង​សញ្ញា​អាសន្ន​ឬ​/​និង​ដាក់​សញ្ញា​ត្រីកោណ​ចម្ងាយ​យ៉ាងតិច​៣០(​សាមសិប​)​ម៉ែត្រ ដែល​អាច​មើលឃើញ​យ៉ាងតិច​១០០(​មួយរយ​) ម៉ែត្រ​។ ក្នុងករណី​បញ្ហា​ខាងលើនេះ​កើតឡើង​នៅ​កន្លែង​ហាម​ឈប់​ឬ​ចត ត្រូវ​ជូនដំណឹង​ដល់​សមត្ថកិច្ច ដែល​នៅ​ជិត​ដើម្បី​មាន​វិធាន​ការបន្ថែម​។

៥-​នៅក្នុង​ទីប្រជុំជន គ្រប់​យានជំនិះ​ត្រូវ​ឈប់​ឬ​ចត​ដាក់​ទំនិញ​ឬ​មនុស្ស​ឡើង​ចុះ​នៅ​ចម្ងាយ​មិន លើសពី​២៥(​ម្ភៃ​ប្រាំ​)​សង់ទីម៉ែត្រ​ពី​គែម​ចិញ្ចើមផ្លូវ និង​យ៉ាងតិច​៥(​ប្រាំ​)​ម៉ែត្រ​ពី​ផ្លូវ​ប្រសព្វ ឬ​ផ្លូវបត់ ឬ​ផ្លូវ​កោង និង​ចន្លោះ​យ៉ាងតិច​១០(​ដប់​)​ម៉ែត្រ​ពី​ផ្លូវ​ប្រសព្វ ឬ​ផ្លូវបត់ ឬ​ផ្លូវ​កោង​នៃ​មហាវិថី​។ នៅក្រៅ​ទីប្រជុំជន យាន ទាំងអស់​ត្រូវ​ឈប់​ឬ​ចត​យ៉ាងតិច​បំផុត​១០(​ដប់​)​ម៉ែត្រ​ពី​ផ្លូវ​ប្រសព្វ ឬ​ផ្លូវបត់ ឬ​ផ្លូវ​កោង​។​

៦-​ក្នុង​ការចត មុនពេល​ដើរ​ឆ្ងាយ​ពី​យានជំនិះ​របស់ខ្លួន អ្នកបើកបរ​ត្រូវ​ចាប់​ហ្វ្រាំងដៃ​ឬ​មាន​វិធាន ការ​ផ្សេងៗ ដើម្បី​ការពារ​គ្រោះថ្នាក់​ជាយថាហេតុ នៅពេលដែល​ខ្លួន​អ​វត្ដ​មាន​។​

៧-​ហាម​ឈប់​ឬ​ចត​យានជំនិះ​នៅ​ទីកន្លែង​ដូចខាងក្រោម​៖
- នៅលើ​ទ្រូងផ្លូវ ចិ​ព្ចើ​ា​ម​ផ្លូវ​ដែល​ទុក​បម្រុង​ឲ្យ​ថ្មើរជើង និង​ក្នុង​ចន្លោះ​យ៉ាងតិច​៥(​ប្រាំ​)​ម៉ែត្រ​ពីមុខ​គំនូស​ឆ្នូត​កាត់​ទទឹង​ទ្រូងផ្លូវ​សម្រាប់​ថ្មើរជើង ឬ​នៅលើ​គំនូស​នេះ​
- នៅលើ​ផ្លូវ​សម្រាប់​ថ្មើរជើង​
- លើ​កន្លែង​បម្រុង​ទុក​សម្រាប់​ការឈប់​ឬ​ចត​នៃ​យាន​ប្រភេទ​ខ្លះ​
- នៅ​ចន្លោះ​គែម​ទ្រូងផ្លូវ​និង​ខ្សែ​គំនូស​បង្ហូត ប្រសិនបើ​នៅ​ចន្លោះ​ខ្សែ​គំនូស​បង្ហូត​និង​យាន​ចត​នេះ​តិចជាង​៣(​បី​)​ម៉ែត្រ ដែល​មិនអាច​ឲ្យ​យាន​មួយ​ផ្សេងទៀត​បរបាន​ដោយ​ឥត​ឆ្លងកាត់​ឬ​ជាន់​លើ​ខ្សែ​គំនូស​បង្ហូត​
- នៅ​ជិត​បង្គោល​ភ្លើង​សញ្ញា​ចរាចរណ៍​ឬ​ផ្លាកសញ្ញា​ចរាចរណ៍ ដែល​ធ្វើ​ឲ្យ​បាំង​ភ្នែក​អ្នកប្រើប្រាស់​ផ្លូវ​មិនអាច​មើលឃើញ​សញ្ញា​ចរាចរណ៍​ទាំងនេះ​បាន​
- នៅ​គ្រប់​ទីកន្លែង​ដែល​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ច្រកចេញចូល ការចត ឬ​ការឈប់​នៃ​យាន​ដទៃទៀត​
- នៅលើ​ស្ពាន លើផ្លូវ​ក្រោម​ស្ពាន លើផ្លូវ​រូង លើផ្លូវ​ប្រសព្វ លើផ្លូវ​កាត់​ផ្លូវ​រថភ្លើង លើផ្លូវ​ក្នុង រង្វង់​មូល ផ្លូវ​កោង​ខ្លាំង ឬ​លើផ្លូវ​ចោត​ខ្លាំង ដែល​មិនអាច​មើល​យាន​ផ្សេងទៀត​ពី​ចម្ងាយ​បាន​
- នៅ​ចន្លោះ​តិចជាង​២០(​ម្ភៃ​)​ម៉ែត្រ​ពី​ផ្លូវ​រថភ្លើង​ឆ្លងកាត់​
- នៅ​ចន្លោះ​តិចជាង​១០(​ដប់​)​ម៉ែត្រ​ពីមុខ​និង​ពីក្រោយ​ទីតាំង​បូមទឹក​របស់​យាន​ពន្លត់​អគ្គិភ័យ​និង​នៅមុខ​ស្ថានីយ​ពន្លត់​អគ្គិភ័យ​
- លើ​ច្រកចេញចូល​នៃ​អគារ​សាធារណៈ​
- នៅលើ​ទ្រូងផ្លូវ​មុខ​ច្រកចេញចូល​ផ្ទះ​ឯកជន លើកលែងតែ​យាន​របស់​ម្ចាស់ផ្ទះ​ដែលជា​កម្មសិទ្ធិ​តែមួយ​
- ជា​ពីរ​ជួរ​ទន្ទឹមគ្នា​
-​នៅលើ​គែម​ទ្រូងផ្លូវ​ម្ខាង បើ​នៅ​គែម​ម្ខាង​ទៀត​ដែល​ឈមមុខ​គ្នា​ជា​កន្លែង​ទុក​សម្រាប់​ឲ្យ​យាន ជំនិះ​ចត លើកលែងតែ​ក្នុងករណី​ដែល​អាច​ចត​បាន​ទាំងសងខាង​
- នៅ​កន្លែង​ដែលមាន​សញ្ញា​ហាម​ឈប់​ឬ​ហាម​ចត​
- នៅលើ​ទ្រូង​ផ្លូវថ្នល់​លើសពី​២៤​ម៉ោង​
- នៅ​ចន្លោះ​តិចជាង​១០(​ដប់​)​ម៉ែត្រ​ពីមុខ​និង​ពីក្រោយ​ផ្លាកសញ្ញា​កន្លែង​របស់រ​ថយ​ន្ដ​ក្រុង​ឈប់​
- នៅ​ចន្លោះ​តិចជាង​១(​មួយ​)​ម៉ែត្រ​ពីមុខ​ឬ​ពីក្រោយ​រថយន្ដ​ដែល​ឈប់​ឬ​ចត​បន្ដកន្ទុយ​គ្នា​
- នៅ​ជិត​ផ្លូវ​ប្រសព្វ​ឬ​ផ្លូវបត់​។​


















© រក្សាសិទ្ធិដោយ thmeythmey.com