ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​ព្យាបាល​ការឈឺ​សន្លាក់​តាមបែប​ធ​ម្ម​ជាតិ គួរតែ​សាកល្បង​វិធី​ទាំងនេះ
28, Jul 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការឈឺចាប់ និង​គាំង​សន្លាក់ ដោយសារតែ​ការ​រលាក​សន្លាក់​អាចធ្វើ​ឲ្យ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​មានការ​លំបាក​បាន​។ ទោះបីជា​ងើប​ចេញពី​កៅអី​ក៏​ប្រហែលជា​មានការ​ឈឺចាប់​ខ្លាំង​ដែរ​។ ពេលខ្លះ ការ​គាំង​សន្លាក់​ធ្វើ​ឲ្យ​អ្នកជំងឺ​មិនអាច​ហាត់ប្រាណ​បាន​ផង​។​



​ការប្រើ​ថ្នាំ​ជាច្រើន​អាចជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន ប៉ុន្តែ​វា​ក៏មាន​ផល​រំខាន​ដែល​ប៉ះពាល់​ដល់​សុខភាព​ដែរ​។ បើសិនជា​អ្នក​កំពុងតែ​ស្វែងរក​វិធី​ធម្មជាតិ​ដើម្បី​គ្រប់គ្រង​ជំងឺ​នេះ យក​ល្អ​គួរតែ​ធ្វើ​ដូចខាងក្រោម​៖

​សម្រក​ទម្ងន់​
​ការដែល​ធាត់​ពេក​អាចធ្វើ​ឲ្យ​សន្លាក់​ដែល​ទ្រ​ទម្ងន់​នោះ​ប្រឈម​ខ្ពស់​នឹង​ការ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​បាន​។ ភាគច្រើន​សន្លាក់​ដែល​រងគ្រោះ​បញ្ហា​នេះ​គឺ ជង្គង់ កែងជើង និង​សន្លាក់​ត្រគាក​។​
​ការ​សម្រក​ទម្ងន់​តិចតួច​ក៏​អាច​បន្ថយ​សម្ពាធ​លើ​សន្លាក់​បានដែរ​។ បើសិនជា​អ្នកមាន​ជំងឺ​រលាក​សន្លាក់​ហើយ ការ​សម្រក​ទម្ងន់​អាច​បន្ថយ​ការឈឺ​ចាប់បាន​។ លើសពីនេះទៅទៀត របប​អាហារ​កួរ​តែ​សម្បូរ​គ្រាប់​ធញ្ញជាតិ ផ្លែឈើ និង​បន្លែ ព្រមទាំង​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​។​

​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​
​តាម​ការពិសោធន៍​បាន​ឲ្យ​ដឹងថា អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​អាចជួយ​បន្ថយ​អាកា​រៈ​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​បាន​។ ការសិក្សា​មួយ​ផ្សេងទៀត​បានបញ្ជាក់​ថា ការប្រើប្រាស់​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​ក្នុង​កម្រិត​ខ្ពស់​អាច​បន្ថយ​តម្រូវ​ការប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់ NSAIDs បាន​។​

​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​ក៏មាន​ប្រយោជន៍​ចំពោះ​បេះដូង ប្រព័ន្ធ​សរសៃប្រសាទ និង​បង្កើន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ក្នុង​ឈាម​បានដែរ​។ ទោះបីជា​យ៉ាងណាក៏ដោយ ការប្រើ​ខ្លាញ់​ប្រភេទ​នេះ​កម្រិត​ខ្ពស់​អាច​បណ្តាល​ឲ្យ​ហូរឈាម​បាន ដូច្នេះ​ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​មុននឹង​ទទួលទាន​ខ្លាញ់​នេះ​។​

​ហាត់ប្រាណ​
​ការហាត់​ប្រាណ​ប្រហែល​ជាមាន​ប្រយោជន៍​បំផុត​សម្រាប់​ការព្យាបាល​ការ​រលាក​សន្លាក់ ប៉ុន្តែ​វា​ពិបាក​នឹង​ចាប់ផ្តើម​តែម្តង​។ ការហាត់​ប្រាណ​ត្រឹម​កម្រិត​មធ្យម​អាចជួយ​បំបាត់​ការឈឺ​ចាប់បាន​។ ក្រៅពីនេះ វា​នឹង​ជួយ​គ្រប់គ្រង​ទម្ងន់ ពង្រឹង​ដល់​ការ​គេង និង​បង្កើន​ថាមពល​រាងកាយ​។​

​អ្នក​គ្រាន់តែ​ហាត់ប្រាណ​ត្រឹម ២០ ទៅ​៣០​នាទី​ក្នុង​មួយថ្ងៃ និង​បី​ដង​ក្នុង​មួយ​សប្តាហ៍​គឺ​គ្រប់គ្រាន់​ហើយ តាមរយៈ​ការដើរ រាំ ឬ​ហាត់​ក្បាច់​យូ​ហ្គា​ជាដើម​។​

​ចាក់​ម្ជុល​វិទ្យាសាស្ត្រ​
​ការចាក់​ម្ជុល​វិទ្យាសាស្ត្រ​ត្រូវបាន​គេ​ប្រើប្រាស់​ជា​វិធី​ព្យាបាល​បុរាណ​របស់​ប្រជាជន​ចិន​រយៈពេល​រាប់ពាន់​ឆ្នាំ​មកហើយ​។ វា​ប្រហែលជា​ឧបករណ៍​ដែល​អាច​បំបាត់​ការឈឺចាប់​លើ​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​បាន​។ យ៉ាងណាមិញ ការសិក្សា​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា ការចាក់​ម្ជុល​វិទ្យាសាស្ត្រ​នឹង​ជំរុញ​ដល់​ការបញ្ចេញ​អ័រម៉ូន Endorphin ដើម្បី​បន្ថយ​ការឈឺចាប់​។ ប៉ុន្តែ​ប្រសិទ្ធភាព​របស់​វា​នឹង​ថយចុះ​បន្តិច​ម្តងៗ​វិញ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com