បទយកការណ៍ / បទសម្ភាសន៍
ជ័យលាភី រិ​ទ្ធ សានី​តា​៖«​ប្រើ​យុទ្ធសាស្ត្រ​ឈ្នះ​-​ឈ្នះ ដើម្បី​អាច​ទទួលបាន​ទាំង​ការសិក្សា និង​សេ្ន​ហា​»
27, Jul 2017 , 4:10 pm        
រូបភាព
ដោយ:
​រវាង​«​ស្នេហា និង​ការសិក្សា​» យុវជន​ជាច្រើន​អាច​ឆ្លើយ​ដោយ​ត្រង់ ឬ​ដោយ​មិន​ត្រង់​ថា ពួកគេ​ជ្រើស​រើសយក​ការសិក្សា​។ សំណួរ​ដដែល​នេះ បើ​គេ​សួរ​ទៅ​កញ្ញា រិ​ទ្ធ សានី​តា យុវតី​រូបនេះ​នឹង​ឆ្លើយ​យក​ទាំងពីរ ដោយ​ប្រើ​យុទ្ធសាស្ត្រ ឈ្នះ​-​ឈ្នះ ពោលគឺ «​ស្របតាម​ខួរក្បាល និង​មិន​ក្បត់​បេះដូង​»​។ ប្រធានបទ​សំខាន់ សិល្បៈ​នៃ​ការនិយាយស្តី​ទៅកាន់​ទស្សនិកជន​ក៏​រស់​រវើក និង​ខ្លឹមសារ​នៃ​ការបកស្រាយ​មានន័យ ទាំងអស់នេះ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​គណៈមេប្រយោគ និង​អ្នកចូលរួម​ដែល​បានផ្តល់​ព​ន្ទុ​ឲ្យ សានី​តា ក្លាយជា​ជ័យលាភី​វោហា​សព្ទ​ឆ្នើម​ពី​កម្មវិធី The Perspectives Cambodia ២០១៧ កាលពីពេល​ថ្មីៗ​នេះ​។  បច្ចុប្បន្ន កញ្ញា រិ​ទ្ធ សានី​តា ជា​និស្សិត​ឆ្នាំ​៣ ជំនាញ​អក្ស​សាស្ត្រ​អង់គ្លេស​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ និង​ជំនាញ​រដ្ឋបាល​សាធារណៈ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។




​ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​អាន​បទ​សម្ភាស​រវាង​លោក ទីន សុខ​លីម អ្នកកាសែត​នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​កញ្ញា  រិ​ទ្ធ សានី​តា ដូចតទៅ​៖




លោក ទីន សុខ​លីម​៖ ហេតុអ្វី​បានជា​កញ្ញា​សម្រេចចិត្ត​ជ្រើសរើស​ប្រធានបទ ការសិក្សា និង​ស្នេហា​?        
កញ្ញា រិ​ទ្ធ សារី​តា ៖ ដូចដែល​ខ្ញុំ​បាន​បកស្រាយ​នៅ​វេទិកា​អ៊ីចឹង គឺ​វា​ជា​កង្វល់​របស់​យុវវ័យ​។ យុវវ័យ​នាពេល​បច្ចុប្បន្ន​កំពុងស្ថិត​នៅ​កណ្តាល​នៃ​ពាក្យ​ទាំងពីរ​នេះ គឺ​ស្នេហា និង​ការសិក្សា​។ ពួកគេ​កំពុង​គិតថា តើ​ត្រូវ​ជ្រើស​រើសយក​មួយ អត់​មួយ​? ឬ​យ៉ាងណា​?

​លោក ទីន សុខ​លីម​៖ តើ​កញ្ញា​ផ្តល់​ដំណោះស្រាយ​យ៉ាងណា នៅលើ​ឆាក​ប្រកួត​នោះ​?      
 
 កញ្ញា រិ​ទ្ធ សារី​តា​៖ ខ្ញុំ​ថា ការសិក្សា​ជា​តម្រូវការ​របស់​ខួរក្បាល​។ រីឯ​ស្នេហា វា​ជា​តម្រូវការ​របស់​បេះដូង​។ ទាំង​ខួរក្បាល និង​បេះដូង សំខាន់​ដូចគ្នា​។ ការសិក្សា​គឺ​សំខាន់ តែ​យើង​អាច​គ្រប់គ្រង​បាន​។ ប៉ុន្តែ​ជាទូទៅ យុវជន​មិនអាច​គ្រប់គ្រង​អារម្មណ៍​ដែលមាន​ស្នេហា​បានទេ​។ យើង​ត្រូវ​រក​វិធី​យ៉ាងណា​ដែល​អាចធ្វើ​ឲ្យ​ស្នេហា​ក៏​ល្អ ហើយ​ការសិក្សា​ក៏​ល្អ​។

​លោក ទីន សុខ​លីម​៖ តើ​ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​ការសិក្សា និង​ស្នេហា ដើរ​ល្អ​ទន្ទឹមគ្នា​? 
​កញ្ញា រិ​ទ្ធ សារី​តា ៖ នាង​ខ្ញុំ​បាន​លើកយក​នូវ​យុទ្ធសាស្ត្រ​ឈ្នះ​-​ឈ្នះ ពោលគឺ​ស្របតាម​ខួរក្បាល និង​មិន​ក្បត់​បេះដូង​។ យើង​ត្រូវ​ធ្វើយ៉ាងណា​ឲ្យ​ការសិក្សា​ក៏​ល្អ ហើយ​ស្នេហា​ក៏​ផ្អែមល្ហែម​។ បានន័យថា យើង​ត្រូវ​ជ្រើសរើស​មនុស្ស​ដ៏​ត្រឹមត្រូវ​មួយ​សម្រាប់​ស្នេហា​។ ជា​មនុស្ស​ត្រឹមត្រូវ​ដែល​មិន​ក្លាយជា​សម្ពាធ​ចំពោះ​ការសិក្សា​របស់​យើង តែ​គាំទ្រ​យើង និង​អនុញ្ញាត​ឲ្យ​យើង​អាច​គ្រប់គ្រង និង​ប្រើប្រាស់​ពេលវេលា​ឲ្យ​មាន​ប្រសិទ្ធភាព និង​ចំ​គោលដៅ​ទៀតផង​។​

លោក ទីន សុខ​លីម​៖ តើ​កញ្ញា​អាច​លម្អិត​ជាង​នេះ​បន្តិចទៀត​បានទេ​?
​កញ្ញា រិ​ទ្ធ សារី​តា​៖ បានន័យថា ស្នេហា និង​ការសិក្សា ត្រូវការ​ពេលវេលា​ដូចគ្នា​។ ការសិក្សា​ដើម្បី​ចេះ យើង​ត្រូវការ​ពេល​រំលឹក​មេរៀន អាន​សៀវភៅ និង​ស្វ័យ​សិក្សា​។ ចំណែក​ស្នេហា​វិញ ដើម្បី​ឲ្យ​ផ្អែមល្ហែម វា​ត្រូវការ​ពេលវេលា ដើម្បី​កសាង​អនុ​វស្សា​វ​រី​យ៍​ដូចគ្នា​ដែរ​។ ប៉ុន្តែ​ខ្ញុំ​ចង់​បញ្ជាក់ថា យើង​ស្ថិតក្នុង​វ័យ​សិក្សា​រៀនសូត្រ ដូច្នេះ​រឿង​អាទិភាព​នៅតែ​ជាការ​សិក្សា​។ មិនមែន​បានន័យថា យើង​ទុក​រឿង​បេះដូង​ចោល​ទេ​។ តែ​យុវជន​ក៏​មិនចាំបាច់​ចំណាយពេល​ច្រើន​ម៉ោង​ក្នុង​មួយថ្ងៃ នៅ​ជាមួយគ្នា​ទេ​។ តែមួយ​នាទី វា​គ្រប់គ្រាន់ និង​បង្កើត​ភាព​ផ្អែមល្ហែម ជាមួយ​ដៃគូ​រណាស់​ទៅហើយ​។​



​លោក ទីន សុខ​លីម​៖ ជ័យលាភី​វោហារ​សព្ទ​ឆ្នើម កើតចេញពី​កញ្ញា​ជ្រើសរើស​ប្រធានបទ​ត្រូវ​បរិបទ​។ ប៉ុន្តែ​ខ្ញុំ​ចង់ដឹងថា តើ​មាន​ចំណុច​អ្វី​ផ្សេងទៀត​ដែល​ធ្វើ​ឲ្យ​កញ្ញា​ទទួលបាន​ជោគជ័យ​ដែរឬទេ​?
​កញ្ញា រិ​ទ្ធ សារី​តា ៖ ប្រធាន​នេះ ពេល​ខ្ញុំ​ចង់​និយាយ​ដំបូង​នោះ ខ្ញុំ​គ្រាន់តែ​និយាយ​របៀប​លេងសើច ជាមួយ​គ្រូបង្វឹក​ខ្ញុំ​ប៉ុណ្ណោះ​។ ដល់ពេល​គិត​ចុះឡើង ប្រធានបទ​នេះ​គួរ​ឲ្យ​ចាប់អារម្មណ៍​ដែរ ហើយ​ខ្ញុំ​ក៏​សម្រេចចិត្ត​ជ្រើសរើស​ប្រធានបទ​នេះ​តែម្តង​។ តាមពិត នៅក្រោយ​ភាពជោគជ័យ​របស់ខ្ញុំ ក៏​មិនមែន​មានតែ​រឿង​ប្រធានបទ​នោះដែរ​។ មានការ​ជ្រោមជ្រែង​ពី​បុគ្គល​ជាច្រើន មាន​កញ្ញា ឡាំ សុ​វ​ណ្ណី ដែលជា​គ្រូបង្វឹក​ដ៏​ពិសេស​របស់ខ្ញុំ​ម្នាក់ និង​មាន​លោក ហួ តុលា ដែលជា​គ្រូបង្វឹក​ម្នាក់​ដែរ​។ និង​មាន​គណៈកម្មការ វោហា​សព្ទ​ឆ្នើម ដែល​នៅពេលដែល​ខ្ញុំ​ហ្វឹកហាត់ ពួកគាត់​បាន​ជួយ​ណែនាំ​ច្រើន​។ រឿង​មួយទៀត​ខ្ញុំ​ចង់​ឲ្យ​យុវវ័យ​ដឹងថា ជាទូទៅ​គឺ​គ្មាន​អ្នកណាម្នាក់​កើតមក​ពូកែ និង​និយាយ​បានល្អ​នោះទេ​។ គឺ​វា​ត្រូវការ​ហ្វឹកហាត់​ច្រើន និង​ត្រៀម​ឲ្យ​បានល្អ​។​

​លោក ទីន សុខ​លីម​៖ តើ​កញ្ញា​បាន​ចូលរៀន វគ្គ​បណ្តុះបណ្តាល​និយាយ​ជា​សាធារណៈ​ពីមុនមក​ទេ​?

​កញ្ញា រិ​ទ្ធ សារី​តា​៖ ខ្ញុំ​បាន​ចូលរៀន​វគ្គ​បណ្តុះបណ្តាល និង​ប្រកួត​ការជជែក​ពិភាក្សា​តទល់ កាលពី​ឆ្នាំ​២០១៦​។ ខ្ញុំ​មិនដែល​បាន​រៀន​អំពី​ការនិយាយ​ជា​សាធារណៈ​នោះទេ​។ ការជជែក​ពិភាក្សា​តទល់ និង​ការនិយាយ​ជា​សារ​ធារ​ណៈ គឺ​ខុសគ្នា​។ ការជជែក​ពិភាក្សា​គឺ​តម្រូវ​ឲ្យ​យើង​ត្រូវ​ឈរលើ​គោលជំហរ​មតិស្រប ឬក៏​បដិសេធ និង​ស្វែងរក​ទឡ្ហីករណ៍ អំណះអំណាង គាំទ្រ​ទៅលើ​ប្រធានបទ​។ តែ​ចំពោះ​អ្នក​និយាយ​ជា​សា​រណៈ វា​មិនមែន​ជាការ​និយាយថា​ខាង​ណា​ខុស ឬក៏​ត្រូវ​នោះទេ​។ ប៉ុន្តែ​វា​ជាការ​និយាយ​យ៉ាងណា ដែល​អាច​ទាញយក​បេះដូង​អ្នក​ស្តាប់​ឲ្យ​បាន​។

​លោក ទីន សុខ​លីម​៖ តើ​កញ្ញា​មាន​សារ​អ្វី​ទៅកាន់​យុវជន​ផ្សេងទៀត​? 
​កញ្ញា រិ​ទ្ធ សារី​តា​៖ សារ​ចុងក្រោយ​របស់​នាង​ខ្ញុំ​ទៅកាន់​យុវវ័យ គឺមាន​ការសិក្សា​ខ្វះ​ស្នេហា ធ្វើ​ឲ្យ​ជីវិត​ខ្វះ​ភាព​ផ្អែមល្ហែម តែមាន​ស្នេហា​ខ្វះ​ការសិក្សា ភាព​ផ្អែមល្ហែម ក៏​មិន​គង់វង្ស​ដែរ​៕




© រក្សាសិទ្ធិដោយ thmeythmey.com