ជាតិ
សង្គមជាតិ
ទឺកជំនន់​ទន្លេមេគង្គ បន្ត​ហក់​ឡើងដល់​កម្ពស់​ជាង ១០​ម៉ែត្រ នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា់​ត់​
27, Jul 2017 , 11:35 pm        
រូបភាព
​នៅ​ល្ងាច​ថ្ងៃទី ២៧ កក្កដា​ ទឹកជំនន់​ទន្លេមេគង្គ បាន​បន្ត​ហក់​ឡើងដល់​កម្ពស់ ១០, ៤៨ ម៉ែត្រ​។ ស្ថានភាព​បែបនេះ ធ្វើ​ឲ្យ​លិចលង់​ចូល​លំនៅដ្ឋាន ប្រជាពលរដ្ឋ​រស់នៅក្នុង​អន្លង់​ឈើទាល ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា់​ត់ (​ជាប់​ព្រំប្រទល់​ឡាវ​)  ដោយសារ​ទឹកជំនន់​ទន្លេមេគង្គ​។​



​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​ធនធាន និង​ឧតុនិយម ទឹកជំនន់​ទន្លេមេគង្គ  បាន​លិចលង់​ចូល​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង នា​ល្ងាច​ថ្ងៃទី ២៧ កក្កដា​​។ ហើយកាលពីពេល​ថ្មីៗ​នេះ រដ្ឋបាលខេត្ត​ស្ទឹងត្រែង បាន​ប្រាប់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​ទាំងអស់ ឲ្យ​ប្រុងប្រយ័ត្ន​នឹង​ជំនន់​ទន្លេមេគង្គ​ផងដែរ​។ 
 
​ជាមួយគ្នានេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹង​ថា ចាប់ពី​ថ្ងៃទី ២៨ កក្កដា តទៅ កម្ពស់​ទឹកទន្លេ​មេគង្គ​ស្ទឹងត្រែង នឹង​ឡើងដល់​កម្រិត​ប្រកាស​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន គឺ​កម្ពស់ ១០,៧០​ម៉ែត្រ​។ ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ដែនដី ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេមេគង្គ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត​។ ជាពិសេស អ្នកធ្វើដំណើរ​តាម​ជលយាន​គ្រប់​ប្រភេទ ត្រូវ​យកចិត្តទុកដាក់​បញ្ហា​នេះ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ​។
 
​សូមបញ្ជាក់ថា បច្ចុប្បន្ន​កម្ពុជា កំពុង​ទទួលរង​នូវ​ឥទ្ធិពល​ព្យុះ​ទី​៨ សុន​កា ដែល​ស្ថិតនៅ​ក្បែរ​កោះ​ហៃណាំ​ដោយមាន​កម្លាំង​ខ្យល់​៦៤​គីឡូ​ម៉ែត​ក្នុង​មួយ​ម៉ោង​។ ព្យុះ​នេះ បំបែក​ខ្លួន​ជា​ពីរ​ផ្នែក ១​ផ្នែក​នឹង​រំកិល​ខ្លួន​ទៅដល់​ឆ្នេរ​វៀតណាម​ទៅដល់​តំបន់​អាង​ទន្លេមេគង្គ និង​ផ្នែក​ទី​២​ធ្វើដំណើរ​ត្រឡប់​ទៅ​ទិសឦសាន​វិញ​។ ឥទ្ធិពល​របស់​ខ្យល់ព្យុះ​សុន​កា​នេះ​នឹងធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់​ទ​ន្លេ​មេគង្គ​ក្នុ​ង្រ​ទេស​ថៃ និង​ឡាវ  ការធ្លាក់​ភ្លៀង​នេះ​នឹង​បង្ក​ឲ្យ​ទឹកទន្លេ ហក់​ឡើង​ជាថ្មី​ម្ដងទៀត​៕

Tag:
 ទឹកជំនន់​ទន្លេមេគង្គ​
  ស្ទឹងត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com