ជាតិ
ទឹកជំនន់​៖ អាងទឹក​តា​ម៉ុក បាន​ស្រក​ផុតពី​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​
28, Jul 2017 , 11:54 am        
រូបភាព
​ស្ថានភាព​ទឹកជំនន់ ក្នុងភូមិ​សាស្ត្រ​អាងទឹក​តា​ម៉ុក ស្ថិតនៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​វិលត្រឡប់​មករក​ស្ថានភាព​ដើម​វិញ​ហើយ​។ ទឹកជំនន់​ក្នុង​អាងទឹក​តា​ម៉ុក បាន​ស្រក​ចុះមក​ត្រឹម​កម្ពស់ ២, ៧៥ ម៉ែត្រ​វិញ  ខណៈដែល​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន គឺ​កម្ពស់ ២, ៩០​ម៉ែត្រ​។​



​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី ២៨ កក្កដា​នេះ បានបង្ហាញ​ពី​ស្ថានភាព​ទឹកជំនន់ អាងទឹក​តា​ម៉ុក​។ ស្ថានភាព​ទឹកជំនន់​អាងទឹក​តា​ម៉ុក ដែល​ស្ថិតនៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​វិល​មករក​ស្ថានភាព​ដើម​វិញ ដោយ​ស្រក​ចុះមក​ត្រឹម​កម្ពស់ ២, ៧៥ ម៉ែត្រ​។ ស្ថានភាព​ទឹកជំនន់​ដែល​បាន​ស្រក​នេះ គឺ​ក្រោយពី​មានការ​អន្តរាគមន៍​ពី​អាជ្ញាធរ និង​ក្រសួង​ពាក់ព័ន្ធ  ដោយ​យក​គ្រឿងចក្រ​កាយ​ទំនប់ ដើម្បី​ការពារ និង​កាត់បន្ថយ​ផលប៉ះពាល់​ដល់​ពលរដ្ឋ​រ​សើ​នៅក្នុង​តំបន់​នោះ​។​

​ជាមួយគ្នានេះ កាលពី​ថ្ងៃទី ២៦ កក្កដា​កន្លងទៅ ទឹកជំនន់​អាងទឹក​តា​ម៉ុក បាន​ហក់​ឡើង​កម្ពស់​៤​ម៉ែត្រ លើស​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ដែល​បាន​ដៅ​ទុក​ត្រឹម​២,៩០​ម៉ែត្រ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​

​គួរ​បញ្ជាក់ថា បច្ចុប្បន្ន​កម្ពុជា កំពុង​ទទួលរង​នូវ​ឥទ្ធិពល​ព្យុះ​ទី​៨ សុន​កា ដែល​ស្ថិតនៅ​ក្បែរ​កោះ​ហៃណាំ​ដោយមាន​កម្លាំង​ខ្យល់​៦៤​គីឡូ​ម៉ែត​ក្នុង​មួយ​ម៉ោង​។ ព្យុះ​នេះ បំបែក​ខ្លួន​ជា​ពីរ​ផ្នែក ១​ផ្នែក​នឹង​រំកិល​ខ្លួន​ទៅដល់​ឆ្នេរ​វៀតណាម​ទៅដល់​តំបន់​អាង​ទន្លេមេគង្គ និង​ផ្នែក​ទី​២​ធ្វើដំណើរ​ត្រឡប់​ទៅ​ទិសឦសាន​វិញ​។ ឥទ្ធិពល​របស់​ខ្យល់ព្យុះ​នេះ នឹងធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​ទន្លេមេគង្គ​ក្នុងប្រទេស​ថៃ និង​ឡាវ​៕


Tag:
 អាងទឹក​តា​ម៉ុក​
  ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com