ជាតិ
អាជ្ញាធរ​ស្ទឹងត្រែង ប្រកាសអាសន្ន​ពី​កម្ពស់​ទឹក​ដែល​កើនឡើង​នៅ​ថ្ងៃទី ២៨ កក្កដា​នេះ
28, Jul 2017 , 2:03 pm        
រូបភាព
ស្ថានភាពទឹកជំនន់ទន្លេមេគង្គ បានបន្តកើនឡើងដល់កំពស់ ១០,៦១ ម៉ែត្រ។ រូបថត ក្រសួងធនធានទឹក
ស្ថានភាពទឹកជំនន់ទន្លេមេគង្គ បានបន្តកើនឡើងដល់កំពស់ ១០,៦១ ម៉ែត្រ។ រូបថត ក្រសួងធនធានទឹក
​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ​ខេត្តស្ទឹងត្រែង នឹង​ហក់​ឡើងដល់​កម្រិត​ប្រកាសអាសន្ន នៅ​ថ្ងៃទី ២៨ កក្កដា​នេះ​។ រដ្ឋបាលខេត្ត​ស្ទឹងត្រែង  បានប្រកាស​អាសន្ន​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ទាំងអស់ ពី​កម្ពស់​ទឹក ដែល​នឹង​កើនឡើង​ខ្ពស់​អាច​ចូលទៅ​ដល់ទី​តាំង​មូលដ្ឋាន នៅតាម​ដង​ទន្លេ និង​ដងអូរ​។​



​នៅ​ថ្ងៃទី ២៨ កក្កដា​នេះ កម្ពស់​ទឹក នៅ​ទន្លេមេគង្គ​ស្ទឹងត្រែង នឹង​កើនឡើង​ខ្ពស់​អាច​ចូលទៅ​ដល់ទី​តាំង​មូលដ្ឋាន​មួយចំនួន នៅតាម​ដង​ទន្លេ និង​ដងអូរ​។ ស្ថានភាព​កម្ពស់​ទឹក​កើនឡើង​នេះ  នឹង​ឈានដល់​កម្រិត​ប្រកាសអាសន្ន​។

​រដ្ឋបាលខេត្ត​ស្ទឹងត្រែង បានចេញ​សេចក្ដីជូនដំណឹង​ពី​ស្ថានភាព​កម្ពស់​ទឹក ដែល​ត្រូវ​ប្រកាសអាសន្ន​។ ក្នុង​សេចក្ដីជូនដំណឹង​ខាងលើ បាន​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ ដងអូរ ព្រែក បឹងបួរ ដែល​ទទួល​ឥទ្ធិពល​ពី​ទឹកទន្លេ ត្រូវ​ត្រៀមលក្ខណៈ និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​។ ម្យ៉ាងទៀត ប្រជាពលរដ្ឋ​ត្រូវ​ផ្ដល់ព័ត៌មាន​ដល់​អាជ្ញាធរ​ក្នុង​មូលដ្ឋាន ដើម្បី​ជួយ​សម្រួល និង​អន្តរាគមន៍​។​

​បន្ថែម​លើ​នេះ រដ្ឋបាលខេត្ត​ស្ទឹងត្រែង បាន​ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រៀមកម្លាំង មធ្យោបាយ សម្ភារ ឧបករណ៍​ផ្សេងៗ ដើម្បី​ជួយសង្គ្រោះ និង​កាត់បន្ថយ​ការប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​។ ទន្ទឹមនឹងនេះ គ្រប់​មន្ទីរ អង្គភាព​នានា​នៅ​ថ្នាក់​ខេត្ត និង​កាកបាទក្រហម​ខេត្ត ត្រូវ​ត្រៀម ស្បៀងអាហារ និង​សម្ភារ​ផ្សេងៗ ដើម្បី​អន្តរាគមន៍ និង​សង្គ្រោះ​បឋម​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាលខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃទី ២៦ កក្កដា​។​

​គួរ​បញ្ជាក់ថា បច្ចុប្បន្ន​កម្ពុជា កំពុង​ទទួលរង​នូវ​ឥទ្ធិពល​ព្យុះ​ទី​៨ សុន​កា ដែល​ស្ថិតនៅ​ក្បែរ​កោះ​ហៃណាំ​ដោយមាន​កម្លាំង​ខ្យល់​៦៤​គីឡូ​ម៉ែត​ក្នុង​មួយ​ម៉ោង​។ ព្យុះ​នេះ បំបែក​ខ្លួន​ជា​ពីរ​ផ្នែក ១​ផ្នែក​នឹង​រំកិល​ខ្លួន​ទៅដល់​ឆ្នេរ​វៀតណាម​ទៅដល់​តំបន់​អាង​ទន្លេមេគង្គ និង​ផ្នែក​ទី​២​ធ្វើដំណើរ​ត្រឡប់​ទៅ​ទិសឦសាន​វិញ​។ ឥទ្ធិពល​ព្យុះ​នេះ នឹងធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់​ទ​ន្លេ​មេគង្គ​ក្នុ​ង្រ​ទេស​ថៃ និង​ឡាវ​៕


Tag:
 ​ទឹកជំនន់​
  ស្ទឹងត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com