អន្តរជាតិ
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ចង់​ឲ្យ​ភាសា​ម៉ា​ឡេ​ក្លាយជា​ភាសាផ្លូវការ​របស់​អាស៊ាន​
28, Jul 2017 , 2:24 pm        
រូបភាព
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ ក្នុងកិច្ចប្រជុំអាស៊ានកន្លងមក (រូបភាព Reuters)
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ ក្នុងកិច្ចប្រជុំអាស៊ានកន្លងមក (រូបភាព Reuters)
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណា​ជីប រ៉ា​ហ្សា​ក់ (Najib Razak) បានបង្ហាញ​បំណង​ចង់​ឲ្យ​ភាសា​បា​ហា​សា​ម៉េ​ឡា​យូ (Bahasa Melayu) ក្លាយជា​ភាសាផ្លូវការ​របស់​អាស៊ាន​ជំនួស​ភាសា​អង់គ្លេស​នៅត្រឹម​ឆ្នាំ​២០៥០ ។ ភាសា​បា​ហា​សា​ម៉េ​ឡា​យូ ឬ​ម៉ា​ឡេ ជា​អម្បូរ​ភាសា​មួយ​ដែល​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅ​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ព្រុយ​ណេ និង​សិង្ហ​បុរី និង​ផ្នែក​ខ្លះ​នៅ​ភាគខាងត្បូង​ថៃ​ផងដែរ​។​



«​ខណៈ​យើង​ស្ថិតនៅ​លើផ្លូវ​ឆ្ពោះទៅកាន់​ឆ្នាំ​២០៥០ ខ្ញុំ​ចង់ឃើញ​ភាសា​ម៉ា​ឡេ ឬ​បា​ហា​សា​ម៉េ​ឡា​យូ ក្លាយជា​ភាសាផ្លូវការ និង​ចម្បង​នៅ​អាស៊ាន ក៏ដូចជា​ត្រូវបាន​ប្រើប្រាស់​ទូលំទូលាយ​លើ​ឆាក​អន្តរជាតិ​។​» នេះ​គឺជា​សម្ដី​របស់​នាយករ​ដ្ឋ​មន្ត្រី​ម៉ាឡេស៊ី ណា​ជីប រ៉ា​ហ្សា​ក់ នៅ​ថ្ងៃទី​២៥ ខែកក្កដា ដែល​ផ្សាយ​ដោយសារ​ព័ត៌មាន​ម៉ាឡេស៊ី The Star ។ លោក ណា​ជីប អះអាងថា ភាសា​ម៉ា​ឡេ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​បង្រួបបង្រួម និង​ធានា​ពី​សន្តិភាព និង​សុខដុម​រម​នីយកម្ម​នៅក្នុង​ប្រទេស​ពហុ​សាសន៍​។​

​បច្ចុប្បន្ននេះ ភាសា​ទាក់ទង​ផ្លូវការ​រវាង​សមាជិក​អាស៊ាន​ទាំង​១០ គឺ​ភាសា​អង់គ្លេស ដូច​មានចែង​ក្នុង​ធម្មនុញ្ញ​របស់​អាស៊ាន​។ ទន្ទឹមគ្នា​នោះ គេ​ឃើញ​មាន​ភាសា​យ៉ាងតិច​១០​ទៀត​ដែល​ត្រូវបាន​ប្រើប្រាស់​នៅ​រដ្ឋ​សមាជិក​ដូចជា ភាសា​ភូមា​, ភាសា​ថៃ​, ភាសា​ខ្មែរ​, ភាសា​ឡាវ​, ភាសា​វៀតណាម​, ភាសា​តា​កា​ឡុ​ក​, ភាសា​តា​មិ​ល​, ភាសា​ចិន និង​ភាសា​ម៉ា​ឡេ​។ នេះ​មិនទាន់​គិតដល់​ភាសា​តូច​ដែល​ប្រើប្រាស់​ដោយ​ជនជាតិភាគតិច​ផង​។​

​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ ភាសា​ម៉ា​ឡេ​នេះ ក៏​មិនមែនជា​ភាសា​ផ្លូវ​របស់​ម៉ាឡេស៊ី ទោះជា​ភាសា​នេះ​មាន​អ្នកប្រើប្រាស់​ច្រើន​ក៏ដោយ​។ រដ្ឋាភិបាល​ម៉ាឡេស៊ី​សម្រេច​ជ្រើសរើស​ភាសា​អង់គ្លេស​ជា​ភាសាផ្លូវការ និង​ប្រើប្រាស់​ក្នុងការ​ទំនាក់ទំនង​ផ្សេងៗ​។ ប៉ុន្តែ​ក្រុង​គូ​ឡា​ឡាំ​ពួ​បានដាក់​កំហិត​ឲ្យ​និស្សិត​បរទេស​ទាំង​រៀន​ភាសា​បា​ហា​សា​ម៉េ​ឡា​យូ​នេះ ពេល​ពួកគេ​កំពុងស្នាក់នៅ​រៀនសូត្រ​លើ​ទឹកដី​ម៉ាឡេស៊ី​។ ចំណែកឯ​ភាសា​ចិន និង​ភាសា​តា​មិ​ល ក៏ត្រូវ​បាន​ប្រើប្រាស់​ដោយ​សហគមន៍​ជនភាគតិច​ចិន និង​ឥណ្ឌា​ដែរ​។​

​ទោះជា​ភាសា​ម៉ា​ឡេ​មាន​អ្នកប្រើប្រាស់​ដល់​ទៅ​ជាង​២៩០​លាន​នាក់​មែន ប៉ុន្តែ​ភាសា​នេះ​ក៏មាន​លក្ខណៈ​ខុសគ្នា​ទៅតាម​ប្រទេស​នីមួយៗ​ទៅទៀត​។ ជាក់ស្ដែង​ភាសា​បា​ហា​សា​ឥណ្ឌូណេស៊ី និង​បា​ហា​សា​ម៉ាឡេស៊ី ដែល​សុទ្ធ​តែមាន​ប្រភព​មកពី​ភាសា​ម៉ា​ឡេ​នេះ មិនមាន​ការប្រើប្រាស់​ដូចគ្នា​ឡើយ​។ ភាពខុសគ្នា​មាន​ភាគច្រើន​លើ​ការបញ្ចេញ​សំឡេង ការប្រើប្រាស់​ពាក្យ និង​កម្ចី​ពាក្យ​គ្នា​ទៅវិញទៅមក​ជាដើម​។​

​គេ​មិនទាន់​ដឹងថា បំណង​របស់​នាយករ​ដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​រូបនេះ នឹងត្រូវ​យកទៅ​ពិភាក្សា​ជាមួយ​មេដឹកនាំ​អាស៊ាន​ទាំង​៩​ផ្សេងទៀត ឬ​យ៉ាងណា​ឡើយ​។ ប៉ុន្តែ​ការផ្លាស់ប្ដូរ​ភាសាផ្លូវការ​ដែល​ត្រូវ​បានកំណត់​រួចស្រេច​ក្នុង​ច្បាប់កំពូល​របស់​អាស៊ាន មិនមែនជា​រឿង​ងាយស្រួល​ឡើយ​។ គេ​ត្រូវ​ប្រើប្រាស់​ពេលវេលា​ច្រើន​ដើម្បី​សិក្សា​ពី​ផលប៉ះពាល់ និង​អត្ថប្រយោជន៍​សិន ដ្បិត​ភាសា​អង់គ្លេស​ត្រូវបាន​ប្រើប្រាស់​អស់​ពេល​ជា​យូរ​មកហើយ​៕


Tag:
 ​ម៉ាឡេស៊ី​
  អាស៊ាន​
  ណា​ជីប រ៉ា​ហ្សា​ក់​
© រក្សាសិទ្ធិដោយ thmeythmey.com