ជាតិ
កម្ពុជា នឹងទទួលរងនូវកូនរដូវប្រាំង ដែលធ្វើឲ្យមានភ្លៀងធ្លាក់នៅតាមរាជធានី-ខេត្តមួយចំនួន
× ភ្នំពេញ៖ ចាប់ពីថ្ងៃទី ២៩ កក្កដា ដល់ថ្ងៃទី ៩ សីហា កម្ពុជា នឹងទទួលរងនូវកូនរដូវប្រាំង។ កត្តាដែលធ្វើឲ្យកម្ពុជាទទួលរងនូវកូនរដូវប្រាំងនេះ ដោយសារតែព្យុះទី៩ នេសាទ បានកើតឡើងនៅប្រទេសហ្វីលីពីន ដែលមានឥទ្ធិពលលើកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។
បន្ទាប់ពីតាមដានស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម បង្ហាញថា ព្យុះទី៨ សុនកា បានថយឥទ្ធិពលមកជាសម្ពាធទាប ខណៈជ្រលងសម្ពាធទាបខ្សោយអូសបន្លាយលើកម្ពុជា។ ទន្ទឹមនឹងនេះ នៅថ្ងៃទី ២៦ កក្កដាកន្លងទៅ ព្យុះទី៩ នេសាទ បានកើតឡើង និងកំពុងស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិក ភាគឦសានប្រទេសហ្វីលីពីន។ ស្ថានភាពព្យុះនេះ បានធ្វើឲ្យកម្ពុជា ទទួលរងនូវកូនរដូវប្រាំង ក្នុងរយៈពេលខ្លី ចាប់ពីថ្ងៃទី ២៩ កក្កដា រហូតដល់ថ្ងៃទី ៩ សីហា។
បើតាមក្រសួងធនធានទឹក លក្ខណៈបែបនេះ ធ្វើឲ្យរាជធានី-ខេត្ត មួយចំនួនដូចជា រាជធានីភ្នំពេញ ខេត្តកំពត កែប តាកែវ កំពង់ស្ពឺ និងខេត្តកណ្ដាល នឹងមានភ្លៀងធ្លាក់តិចតួច ចាប់ពីថ្ងៃទី ២៩ កក្កដា រហូតដល់ថ្ងៃទី ៩ សីហា។ ជាមួយគ្នានេះ បណ្ដាខេត្តដទៃទៀតនៅតំបន់វាលទំនាប និងតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ពីតិច ទៅមធ្យម។ ចំណែកតំបន់មាត់សមុទ្រវិញ នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនផងដែរ។
ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវដល់ប្រជាកសិករនៅតាមរាជធានី-ខេត្ត មួយចំនួនដូចជា រាជធានីភ្នំពេញ ខេត្តកំពត កែប តាកែវ កំពង់ស្ពឺ និងខេត្តកណ្ដាល ត្រូវយកចិត្តទុកដាក់ថែរក្សាទឹកទុកឲ្យបានល្អ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយមដដែល៕
Tag:
អាកាសធាតុ
កូនរដូវប្រាំង
© រក្សាសិទ្ធិដោយ thmeythmey.com