បទវិភាគ
យុវជន​គួរ​ចៀសវាង ធ្វើ​ការងារ​ស្ម័គ្រចិត្ត តាមៗ​គ្នា ដើម្បី​តែ​សប្បាយ ភ្លេច​រៀនសូត្រ និង​ភ្លេច​គោលដៅ​
21, Sep 2017 , 6:39 pm        
រូបភាព
ដោយ:
បច្ចុប្បន្ន​យុវជន​បាន​ចាប់​អារ​ម្មរណ៍ និង​ចូលរួម​យ៉ាងសកម្ម ទៅលើ​ការងារ​ស្ម័គ្រចិត្ត​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ផ្ទាល់ខ្លួន និង​ជួយ​សង្គម​។ ពួកគេ​បាន​លះបង់​ទាំង​កម្លាំងកាយ កម្លាំងចិត្ត និង​ថវិកា​ផ្ទាល់ខ្លួន ព្រោះតែ​ស្រលាញ់​សង្គម និង​យល់​ពី​តម្លៃ​នៃ​ការចូលរួម​ជួយ​សង្គម​។ ប៉ុន្តែ​ការចូលរួម​ជ្រុល​ពេក ភ្លេច​ការសិក្សា និង​មិន​អភិវឌ្ឍន​សមត្ថភាព​ខ្លួនឯង​ឲ្យ​ប្រសើរ ដែល​ធ្វើ​ឲ្យ​ការចូលរួម​ជួយ​សង្គម​របស់​ពួកគេ​នៅមានកម្រិត និង​មិន​អាចជួយ​សង្គម​បានយូរ​អង្វែង​។ តើ​ការធ្វើការងារ​ស្ម័គ្រចិត្ត​បែបណា ទើប​យុវជន​មាន​អនាគត​ល្អ និង​ជួយ​សង្គម​បាន​វែងឆ្ងាយ​?



នាពេល​ប​ច្ចុ​ប្ប​នេះ យុវជន​ខ្មែរ ដែល​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្តបាន​កើនឡើង គួរ​ឲ្យ​កត់សម្គាល់​។ អ្នកធ្វើការងារ​ស្ម័គ្រចិត្ត​ក្រោម​ហេតុផល​ជួយ​សង្គម​ទាំងនោះ មាន​បែបផែន​ផ្សេងៗ​គ្នា​។ តែ​យ៉ាងណា គេ​អាចបែងចែក​អ្នកស្ម័គ្រចិត្ត​ទាំងនោះ​ជា​បី​ប្រភេទ​សំខាន់ៗ​ដូចតទៅ​៖

អ្នកស្ម័គ្រចិត្ត​ប្រភេទ​ទី​១ គឺ​អ្នកស្ម័គ្រចិត្ត​តាម​គ្នា និង​ដើម្បី​តែ​សប្បាយ​។ អ្នកស្ម័គ្រចិត្ត​ប្រភេទ​នេះ ពេល​ចូលរួម​ធ្វើ​សកម្មភាព​ការងារ​សង្គម​ផ្សេងៗ ពួកគេ​មិនបាន​កំណត់​ពី​ការរំពឹងទុក នូវ​អ្វីដែល​ខ្លួន​បាន​រៀនសូត្រ និង​ឈ្វេងយល់​ពី​របៀប​ធ្វើ​ការងារ​អ្វី​នោះទេ សំខាន់​ឲ្យ​តែ​ខ្លួន​មាន​ពេលទំនេរ ហើយ​មិត្តភក្តិ​ខ្លួន​ហៅចូល​រួម និង​គិតថា សប្បាយ​ទើប​ពួកគេ​ចូលរួម​។ ចំណែក​ការទទួលខុសត្រូវ​ការ​ងារ​វិញ ក៏​មិនសូវ​ធ្វើ​បានល្អ​នោះដែរ ព្រោះ​ពួកគេ យល់ថា​ការងារ​ដែល​ខ្លួន​កំពុង​ធ្វើជា​ការងារ​ស្ម័គ្រចិត្ត គ្មាន​ន​ណា​ត្រួត​ពីលើ​ទេ​។ ការចូលរួម​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​បែបនេះ ធ្វើ​ឲ្យ​ពួកគេ​ខាត​ពេលវេលា គ្មាន​គោលដៅ​ពិតប្រាកដ និង​ក្រោយពី​បញ្ចប់​ការងារ​ទៅ មិនសូវ​បាន​រៀនសូត្រ​ច្រើន​ពី​ការងារ​សង្គម​ដែល​ខ្លួន​បាន​ចូលរួម​នោះទេ​។

អ្នកស្ម័គ្រចិត្ត​ប្រភេទ​ទី​២ គឺ​អ្នកស្ម័គ្រចិត្ត​ភ្លេច​ការសិក្សា និង​គោលដៅ​របស់ខ្លួន​។ អ្នកស្ម័គ្រចិត្ត​ប្រភេទ​នេះ តែង​ព្យាយាម​ចូលរួម​ការងារ​ស្ម័គ្រចិត្ត​ជានិច្ច ស្របតាម​ចំណង់​ចំណូលចិត្ត និង​វិស័យ​ដែល​ខ្លួន​ស្រលាញ់​។ បើ​និយាយ​ពី​ធ្វើ​ការងារ​វិញ​នោះ ពួកគេ​បាន​ចូលរួម​យ៉ាងសកម្ម ដោយ​មិន​ត្រឹមតែ​ធ្វើការ​ងារ​ខ្លួនឯង​បានល្អ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ការងារ​អ្នកដទៃ​ទៀតផង​។ ការចូលរួម​បែបនេះ បានធ្វើ​ឲ្យ​រូបគេ​បាន​រៀនសូត្រ​យ៉ាងច្រើន​ពី​ការងារ និង​ធ្វើ​ឲ្យ​អ្នកធ្វើការ​ជាមួយគ្នា​ស្រលាញ់ និង​ចូលចិត្ត​។ ប៉ុន្តែ​បញ្ហា​ត្រង់​ថា ដើម្បី​ធ្វើ​ការងារ​បានល្អ ពី​ព្រោះតែ​ទឹកចិត្ត​ស្រលាញ់​សង្គម បាន​ជំរុញ​ឲ្យ​ពួកគេ​ធ្វើ​ការងារ​សង្គម ដោយ​មិនសូវ​ខ្វល់​ពី​សុខភាព ភ្លេច​ការសិក្សា និង​គោលដៅ​ជីវិត​ដែល​ខ្លួន​បានកំណត់ ព្រោះ​ស្ម័គ្រចិត្ត​ជ្រុល និង​ជាប់​ចិត្តនឹង​ការងារ​សង្គម​។ ការស្ម័គ្រចិត្ត​ដោយ​មិនសូវ​ខ្វល់​ពី​ការអភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង​បន្ថែម​បែបនេះ បានធ្វើ​ឲ្យ​ការចូលរួម​ជួយ​សង្គម​របស់​ពួកគេ​នៅមានកម្រិត និង​មិនបាន​ជួយ​សង្គម​បាន​វែងឆ្ងាយ​ទេ ព្រោះ​សមត្ថភាព​អ្នកស្ម័គ្រចិត្ត​ទាំងនោះ​នៅមានកម្រិត​។

អ្នកស្ម័គ្រចិត្ត​ស្រប​គោលដៅ និង​បន្ត​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង ដោយ​មិន​បោះបង់​។ នេះ​ជា​ភេទ​អ្នកស្ម័គ្រចិត្ត​ទី​៣​។ អ្នកស្ម័គ្រចិត្ត​ប្រភេទ​នេះ ពួកគេ​បានកំណត់​នូវ​ការរំពឹងទុក​ច្បាស់ អំពី​អ្វីដែល​ខ្លួន ចង់​ចេះ​ចង់ដឹង និង​គួរ​បំពេញបន្ថែម ក្នុង​ការងារ​ស្ម័គ្រចិត្ត​ទៅលើ​វិស័យ​ដែល​ខ្លួន​ពេញចិត្ត ស្របតាម​ជំនាញ​សិក្សា និង​គោលដៅ​ដែល​បានកំណត់​។ មួយវិញទៀត​រូបគេ​បាន​បែងចែក​ពេលវេលា​យ៉ាង​ល្អ រវាង​ការសិក្សា និង​ការងារ​សង្គម ដោយ​មិន​ឲ្យ​ប៉ះពាល់​ដល់​ការសិក្សា​រៀនសូត្រ និង​សុខភាព​នោះទេ​។ ហើយ​ថ្វីដ្បិតតែ​នេះ ជា​ការងារ​ស្ម័គ្រចិត្ត​ក្តី ប៉ុន្តែ​ពួកគេ​ធ្វើ​ការងារ​ដូចជា អ្នកទទួល​ប្រាក់ខែ​ច្រើន​អ៊ីចឹង ព្រោះ​ពួកគេ​យល់​ពី​តម្លៃ ការងារ​សង្គម ដែល​ធ្វើ​ពួកគេ​ទទួលបាន​សមត្ថភាព ទំនាក់ទំនង របៀប​ធ្វើ​ការងារ ភាពជា​អ្នកដឹកនាំ និង​ស្គាល់​សង្គម​ច្បាស់​ជាង​មុន  ដែល​ទាំងនេះ ជា​ជំហាន​ក្នុងការ​សម្រេច​គោលដៅ​ទៅ​ថ្ងៃ​អនាគត​។ អ្នក​ចិត្ត​ស្ម័គ្រ​បែបនេះ ជា​បុគ្គល​ដែលមាន​ទស្សនៈ​វែងឆ្ងាយ  និង​ជួយ​សង្គម​បាន​ច្រើន ព្រោះ​គេ​បាន​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង​ជា​បន្តបន្ទាប់ ដែល​ធ្វើ​ឲ្យ​ពួកគេ​ទទួលបាន​ឱកាសល្អ​ជាច្រើន និង​បាន​បន្តធ្វើ​សកម្មភាព​ជួយ​សង្គម​បាន​ធំ និង​វែងឆ្ងាយ​។​

ជារួម​ការចូល​រួមកា​រងារ​ស្ម័គ្រចិត្ត​សង្គម វា​មិន​ខុស​នោះទេ​។ តិច​ឬ​ច្រើន វា​តែងតែមាន​ផលប្រយោជន៍​សម្រាប់​អ្នកធ្វើ និង​សង្គម​ជាដើម​ដោយ​វា​អាស្រ័យ​លើក​ការគិត និង​ការធ្វើសកម្មភាព​របស់​ផ្ទាល់ខ្លួន​ម្នាក់ៗ ។ អ្នកស្ម័គ្រចិត្ត​សម័យថ្មី ត្រូវតែ​ជា​អ្នកស្ម័គ្រចិត្ត​ប្រភេទ​ទី​៣ ជា​មនុស្ស​ដែលមាន​ទស្សនៈវិស័យ​វែងឆ្ងាយ និង​ជួយ​សង្គម​បាន​ច្រើន​។ ផ្ទុយ​ពី​អ្នកស្ម័គ្រចិត្ត ប្រភេទ​ទី​១ និង​ទី​២ ដែល​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ព្រោះតែ​ចង់​សប្បាយ តាម​គ្នា មិន​ខ្វល់​ពី​សុខភាព ភ្លេច​ការសិក្សា វង្វេង​គោលដៅ ដែលមាន​លទ្ធភាព​ជួយ​សង្គម​តិច ពីព្រោះ​សមត្ថភាព​មាន​កម្រិត​។ ដូច្នេះ​យុវជន​ដែល​កំពុងតែ​ស្ម័គ្រ និង​គ្រោង​ធ្វើ​ការងារ​ស្ម័គ្រចិត្ត ត្រូវ​គិត​ឲ្យ​ច្បាស់​ថា ខ្លួន​ចង់​ធ្វើជា​អ្នកស្ម័គ្រចិត្ត​ប្រភេទ​ណា​?


Tag:
 ការងារស្ម័គ្រចិត្ត
 
© រក្សាសិទ្ធិដោយ thmeythmey.com