ជាតិ
ពីនេះ ពីនោះ / មិនយល់...!
ប្រាសាទ​វត្ត​អធ្វា​បង្ហាញ​ពី​សំណង់​ប្រាសាទ​ដែល​មិនទាន់​សាងសង់​រួចរាល់​
30, Jul 2017 , 10:00 am         2235
រូបភាព
សៀមរាប​៖ ប្រាសាទ​វត្ត​អធ្វា មាន​ភូមិសាស្ត្រ​ស្ថិតនៅ​ភូមិ​ក្រសាំង​រលើង ឃុំ​ពោធិ៍​បន្ទាយ​ជ័យ ស្រុក​សៀមរាប ខេត្តសៀមរាប នៅ​ខាងលិច​ស្ទឹង​សៀមរាប​។ ពាក្យ​អធ្វា មកពី​ពាក្យ​សំស្ក្រឹត អ​ធ្ធ​ន៊ (​អ​ធ្ធ័​ន​) ជា​នាម​មានន័យថា ផ្លូវ ឬ​ដងផ្លូវ​។ ប្រាសាទ​នេះ​បានបង្ហាញ​ពី​សំណង់​មិនទាន់​ធ្វើ​សម្រេច ដោយ​សង្កេត​តាមរយៈ​ផ្ទៃ​ថ្ម​ដែល​មិនទាន់​រំលីង និង​ចម្លាក់​មិនទាន់​ពេញលេញ ជារួម​បានតែ​មួយផ្នែក​តូច​តែប៉ុណ្ណោះ​។ ចំណែកឯ​គំនរ​ថ្ម​ជាច្រើន​បានរៀបចំ​ជា​រាង​ហោជាង មិនមែនជា​គំនរ​ថ្ម​បាក់បែក​នោះដែរ​។​


​ប្រាសាទ​វត្ត​អធ្វា​សង់​នៅលើ​ផ្ទៃ​រាបស្មើ មាន​ប្រាង្គ​កណ្តាល​អមដោយ​សំណង់​៤  ដាក់​ឲ្យ​បែរ​ទៅ​ទិស​ខាងលិច​ដូច​អង្គរវត្ត​ដែរ​។ ប្រាសាទ​នេះ កសាង​ក្នុង​រាជ្យ​ព្រះបាទ​សូរ្យ​វរ្ម័នទី​២ នៅ​ចុង​សតវត្សរ៍​ទី​១២​។

​ប្រាសាទ​វត្ត​អធ្វា​មាន​ក្លោងទ្វារ​ទី​២ និង​ខឿន​ត្រឡែងកែង​មួយ ដែល​បន្ត​ពី​ក្លោងទ្វារ​ទី​១ ទៅខាង​លិច​បន្ត​គ្នា ២៥​ម៉ែត្រ និង​១២២ ម៉ែត្រ បានធ្វើ​ឲ្យ​វា​មាន​ប្លង់​រាង​ទ្រវែង​ជា Axiale​។ នៅ​ភាគ​ពាយព្យ​នៃ​កំពែង​ទី​១ មាន​ស្រះ​២​ជាប់​គ្នា និង​នៅ​ខាងកើត​ក៏មាន​២​ដែរ តាម​ដំណាល​ចាស់ៗ បាន​និយាយថា ជា​ស្រះ​ដែល​គេ​ជីក​លើក​ផ្លូវ និង​ចាក់​បំពេញ​ទីធ្លា​វត្ត​ប្រហែល ៥០​ទៅ​៦០​ឆ្នាំ​មកនេះ តែ​ស្រះ​មួយ​ដែល​នៅ​ចំ​ពីមុខ​វិហារ​ជា​ស្រះ​ចាស់​។ ចំណែក​កំពែង​ធ្វើ​ពី​ថ្មបាយក្រៀម​កម្ពស់ ៣.៧៥ ម៉ែត្រ ព័ទ្ធជុំវិញ​បរិវេណ​ទី​១ ដែលមាន​ទំហំ ៥៧​ម៉ែត្រ គុណ​នឹង ៤៨​ម៉ែត្រ តែ​មិនមាន​រោងទង​ទេ​។ ហើយ​ប្រាង្គ​កណ្តាល​មាន​កម្ពស់​១៧​ម៉ែត្រ ស្ថិត​ចំ​ប្រសព្វ​អ័ក្ស​នៃ​ក្លោងទ្វា​រទាំង​៤ ហើយ​មិន​នៅ​ចំ​កណ្តាល​បរិវេណ​ប្រាសាទ​ទេ វា​រៀង​ខិត​ទៅ​ផ្នែក​ខាងកើត​បន្តិច​។​
 
​ប្រាសាទ​វត្ត​អធ្វា មាន​ប្លង់​សាមញ្ញ​ទៅតាម​ទំហំ​ប្រាសាទ តែ​ពិបាក​កំណត់​ឲ្យ​បានច្បាស់លាស់ ណាស់ ព្រោះ​វា​ធ្វើ​មិនទាន់​សម្រេច យើង​អាច​មើល​ឃើញតែ​ស្ថានភាព​បច្ចុប្បន្ន​របស់​វា​តែ ប៉ុណ្ណោះ​។ ប្លង់​របៀបនេះ​មាន​ភាគច្រើន​នៅ​សតវត្ស​ទី​១២ ក្នុង​រចនាបថ​អង្គរ មានដូចជា​ប្រាសាទ ភី​ម៉ា​យ ចៅ​សាយ ធ​ម្មាន​ន្ទ បន្ទាយសម្រែ ជាដើម​។​ល​។ នៅ​ប្រាសាទ​វត្ត​អធ្វា គ្រាន់តែ​ប្លែក​គេ​ត្រង់​ថា មាន​ទិស​បែរមុខ​ទៅខាង​លិច​ដូច​អង្គរវត្ត​ដែរ តែ​គេ​មិនអាច​សំអាង​លើ​ហេតុផល​នេះ​ដើម្បី​កំណត់​កាលបរិច្ឆេទ​ឡើយ ព្រោះ​នៅ​តំបន់​អង្គរ ក៏មាន​ប្រាសាទតូច​មួយ​នៅ​ខាងកើត​ប្រាសាទ ឃ្លាំង​ខាងជើង​ក៏​បែរ​ទៅ​ទិស​ខាងលិច​ដែរ​។​

​ស្ថានភាព​បច្ចុប្បន្ន​នៃ​ប្រាសាទ​វត្ត​អធ្វា គឺ​ស្ថិតក្នុង​សភាព​រឹងមាំ​ជាង​បណ្តា​ប្រាសាទ​ដទៃ ដោយសារ​មានការ​ជួសជុល​នាពេល​កន្លងមក តែ​ក៏​បន្សល់​ស្លាកស្នាម​របើក​ស្រទាប់​ថ្ម ដោយ​ទឹកភ្លៀង​ជ្រាបចូល​មុន​ការជួសជុល​ខ្លះៗ​ដែរ​៕

​ឯកសារយោង​៖ សា​រណា​បញ្ចប់​បរិញ្ញាបត្រ​បុរាណវិទ្យា «​បុរាណ​ដ្ឋា​ន​វត្ត​អធ្វា​» របស់​និស្សិត​បុរាណវិទ្យា​ជំនា​ន់ទី​៩  ហេង ពិភាល់ និង​កញ្ញា វ៉ា ស៊ី​ម៉ែន នៃ​មហាវិទ្យាល័យ​បុរាណវិទ្យា ឆ្នាំ​២០០២

សូម​ទស្សនា​ទិដ្ឋភាព​ខ្លះៗ នៃ​ប្រាសាទ​វត្ត​អធ្វា ដែល​ថត​នៅ​ថ្ងៃទី​២២ កក្កដា ឆ្នាំ​២០១៧ ដូចតទៅ​






































© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev12345...89next