អន្តរជាតិ
ជនជាតិជប៉ុនដែលបានលះបង់ពេលវេលាដើម្បីអភិរក្សអង្គរវត្ត ឈ្នះពានរង្វាន់ណូបែលអាស៊ី
× អតីតប្រធានសាកលវិទ្យាល័យជប៉ុន Sophia លោកYoshiaki Ishizawa ក្លាយជាម្ចាស់ជ័យលាភីពានរង្វាន់ Ramon Magsaysay Award ដែលត្រូវបានចាត់ទុកថាជាណូបែលអាស៊ី ប្រចាំឆ្នាំ២០១៧។ លោកត្រូវទទួលបានពានដោយសារលោកបានលះបង់ និងព្យាយាមក្នុងរយៈពេល៥០ឆ្នាំនៃជីវិតរបស់លោកដើម្បីចូលរួមស្តារ និងអភិរក្សប្រាសាទអង្គរវត្តដែលជាកេរ្ដិ៍ដំណែលវប្បធម៌របស់កម្ពុជា។
លោក Yoshiaki Ishizawaដែលជាអតីតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យជប៉ុន Sophia វ័យ៧៩ ឆ្នាំជាម្ចាស់ពានរង្វាន់ Magsaysay ឬហៅថាពានរង្វាន់ណូបែលអាស៊ីប្រចាំឆ្នាំ២០១៧ រួមជាមួយនឹងម្ចាស់ជ័យលាភីដទៃទៀត។ ម្ចាស់ជ័យលាភីដទៃមកពីឥណ្ឌូណេស៊ី សិង្ហបុរី ស្រីលង្កា និងហ្វីលីពីនទៀតផង។
យោងតាមសារព័ត៌មាន Bangkok Post ប្រធានមូលនិធិពានរង្វាន់ Magsaysay បាននិយាយថា ម្ចាស់ពានរង្វាន់ប្រចាំឆ្នាំ២០១៧ទាំងអស់សុទ្ធតែបានប្ដេជ្ញាចិត្តយ៉ាងខ្លាំងដើម្បីផ្លាស់ប្ដូរសង្គមរបស់ខ្លួនឲ្យកាន់តែស្រស់បំព្រងនិងអភិវឌ្ឍជាងមុនទៅទៀត។
យោងតាមមូលនិធិពានរង្វាន់ Magsaysay លោក Ishizawa បានខិតខំស្តារឡើងវិញ និងអភិរក្សប្រាសាទអង្គរវត្ត ដើម្បីធានាឲ្យបាននូវភាពយូរអង្វែងរបស់ប្រាសាទអង្គរវត្តដែលត្រូវសាងសង់លើផ្ទៃដី១៦២,២ ហិកតាក្នុងសតវត្សទី១២ ព្រមទាំងសម្បូរទៅដោយក្បូរក្បាច់រចនានិងរូបចម្លាក់។ម្យ៉ាងវិញទៀត លោកចង់ឲ្យប្រាសាទអង្គរវត្តនៅតែជាកេរ្តិ៍ដំណែលវប្បធម៌សម្រាប់ប្រជាជនខ្មែរគ្រប់ជំនាន់។
លោក Ishizawa បានចូលរួមអភិរក្សប្រាសាទអង្គរវត្តចាប់តាំងពីដំណើរទស្សនកិច្ចលើកដំបូងជាសិស្សនៅឆ្នាំ១៩៦១មកម្ល៉េះ។ក្នុងឆ្នាំ១៩៨២ លោកក៏ជាអ្នកចូលរួមរៀបចំដ៏សំខាន់ក្នុងការបង្កើតបេសកកម្មអន្តរជាតិអង្គររបស់សាកលវិទ្យាល័យSophia។
ពិធីប្រគល់រង្វាន់នឹងធ្វើឡើងនាថ្ងៃទី៣១ខែសីហាខាងមុខក្នុងទីក្រុងម៉ានីល ម្ចាស់ពាន់រង្វាន់Magsaysay ឆ្នាំ២០១៧នឹងទទួលបានវិញ្ញាបនបត្រ មេដាយមាសរូបលោក Magsaysay និងរង្វាន់ជាទឹកប្រាក់ផងដែរ។
សូមជម្រាបផងដែរថា កម្មវិធីពានរង្វាន់នេះបង្កើតឡើងចាប់ពីឆ្នាំ១៩៥៧ដែលតាងនាមឲ្យលោកអតីតប្រធានាធិបតីហ្វីលីពីនMagsaysay។លោកMagsaysayធ្លាប់ជាប្រធានាធិបតីដែលបានលះបង់ខ្ពស់ដើម្បីបម្រើប្រទេសជាតិអស់ពីចិត្ត ប៉ុន្តែជាអកុសលលោកបានស្លាប់ដោយការធ្លាក់យន្តហោះក្នុងឆ្នាំ១៩៥៧៕
© រក្សាសិទ្ធិដោយ thmeythmey.com