ជាតិ
លោក ញឹក ប៊ុនឆៃ នឹង​រៀបចំ​សមាជ​បក្ស​ខ្មែរ​រួបរួម​ជាតិ ដើម្បី​ផ្ដល់​ទំនុកចិត្ត​ដល់​ពលរដ្ឋ​វិញ​
31, Jul 2017 , 11:24 am        
រូបភាព
​ភ្នំពេញ​៖ គណបក្ស​ខ្មែរ​រួបរួម​ជាតិ នឹង​រៀបចំ​សមាជ​បក្ស នៅ​ថ្ងៃទី​១២ សីហា​ខាងមុខនេះ ដើម្បី​ពង្រឹង​ផ្ទៃក្នុង​បក្ស និង​ផ្តល់​ទំនុកចិត្ត​ដល់​ប្រជាពលរដ្ឋ​ឡើងវិញ​។​



​លោក ម៉ៅ សុ​ផា​ណា ទីប្រឹក្សា​ផ្ទាល់​របស់លោក ញឹក ប៊ុនឆៃ បាន​និយាយថា មកដល់ពេលនេះ គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​ទប់ស្កាត់​ស្ថានការណ៍​ឲ្យ​វិល​មក​ភាពប្រក្រតី​វិញ​ហើយ ក្រោយពី​មាន​បញ្ហា​ផ្ទៃក្នុង​បក្ស ដោយសារតែ​សមាជិក​មួយចំនួន បាន​ចេញទៅ​ចូលរួម​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​វិញ និង​គណបក្ស​ដទៃទៀត​។ លោក ម៉ៅ សុ​ផា​ណា បាន​បន្ថែមថា ដើម្បី​ពង្រឹង​ផ្ទៃក្នុង​បក្ស និង​ផ្តល់​ទំនុកចិត្ត​ដល់​ប្រជាពលរដ្ឋ​ឡើងវិញ​នោះ គណបក្ស​ខ្មែរ​រួបរួម​ជាតិ នឹង​រៀបចំ​សមាជ​បក្ស​មួយ ក្រោម​វត្តមាន​លោក ញឹក ប៊ុនឆៃ នៅ​ថ្ងៃទី​១២ សីហា​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ទីប្រឹក្សា​ផ្ទាល់​លោក ញឹក ប៊ុនឆៃ រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​ពង្រឹង​គណបក្ស​ឡើងវិញ ដោយ​មិន​ទុក​អ្នកគាំទ្រ​ចោល​ទេ​។ យើង​នឹងធ្វើ​ឲ្យ​អ្នកគាំទ្រ​មាន​ភាពជឿជាក់​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដើម្បី​ចូលរួម​សកម្មភាព​នយោបាយ និង​ត្រៀមលក្ខណៈ​គោលនយោបាយ ប្រកួតប្រជែង​គ្នា ដើម្បី​សំឡេង​ឆ្នោត យកឈ្នះ យក​ចាញ់គ្នា ក្នុងការ​បោះឆ្នោត​»​។​

​បន្ថែម​ពីលើ​នេះ លោក ម៉ៅ សុ​ផា​ណា បាន​ថ្លែង​អះអាងថា លោក ញឹក ប៊ុនឆៃ មិនដែល​មានបំណង​ចង់​ត្រឡប់​ចូល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​វិញ ឬ​គណបក្ស​ណាមួយ​ឡើយ បើទោះជា​គណបក្ស​ខ្មែរ​រួបរួម​ជាតិ កំពុងស្ថិត​នៅក្នុង​ស្ថានភាព​បែបនេះ​ក្តី​។​«​ទោះជា​មជ្ឈដ្ឋាន​ទូទៅ និង​មានការ​ចុះផ្សាយ​បែបណាក៏ដោយ តែ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ នៅតែ​ឈ​រឹងមាំ​ជានិច្ច​។ បើទោះជា​យើង​មាន​ធនធាន​ខ្សត់ខ្សោយ ក៏​យើង​នៅតែ​រឹងមាំ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ម៉ៅ សុ​ផា​ណា​។​

​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ ត្រូវបាន​ព្រះមហាក្សត្រ បញ្ចប់​មុខតំណែង​ពី​ទីប្រឹក្សា​រាជរដ្ឋាភិបាល ដែលមាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី តាម​សំណើ​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​៩ មិថុនា កន្លងមក​។ មូល​ហេតុដែល​សម្ដេច ហ៊ុន សែន ស្នើ​ព្រះមហាក្សត្រ​បញ្ចប់​តំណែង​លោក ញឹក ប៊ុនឆៃ ដោយសារតែ​មិន​ទុកចិត្ត​លើ​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​រូបនេះ ដែល​បាន​ទំនាក់ទំនង​ច្រឡំ​លេខ​ទៅ​លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ នេះ​បើតាម​លោក ញឹក ប៊ុនឆៃ ។

​បន្ទាប់ពី​បញ្ចប់​តំណែង​លោក ញឹក ប៊ុនឆៃ​ ហើយ ព្រះករុណា ព្រះមហាក្សត្រ ក៏​បានចេញ​ព្រះរាជក្រឹត្យ បញ្ចប់​តំណែង​មន្ត្រីជាន់ខ្ពស់​ចំនួន​១២​រូប​ពី​ទីប្រឹក្សា​រដ្ឋាភិបាល ដោយ​មន្ត្រី​ទាំងនោះ​ត្រូវបាន​គេ​មើលឃើញថា ជា​មន្ត្រី​ស្និ​ទ្ធិ​នឹង​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ផងដែរ​។

​មន្ត្រី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​និយាយថា សមាជិក​គណៈកម្មការ​នាយក​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​មួយចំនួន បាន​ចូលរួម​ជាមួយ​គណបក្ស​ខ្លួន និង​មាន​នៅតាម​មូលដ្ឋាន​មួយចំនួនទៀត​៕


Tag:
 ញឹក ប៊ុនឆៃ​
 ​ ខ្មែរ​រួបរួម​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com