កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo បង្ហាញខ្លួន​នៅ​តុលាការ ជុំវិញ​ករណី​បន្លំ​ពន្ធ​ជាង ១៧​លាន​ដុល្លារ
31, Jul 2017 , 3:58 pm        
រូបភាព
រូបភាព៖ ពីទីភ្នាក់ងារសារព័ត៌មាន AFP
រូបភាព៖ ពីទីភ្នាក់ងារសារព័ត៌មាន AFP
​Cristiano Ronaldo បង្ហាញខ្លួន​ក្នុង​តុលាការ​នៃ​ប្រទេស​អេ​ស្ប៉ា​ញ​នៅ​ថ្ងៃ​ចន្ទ ទី​៣១ ខែកក្កដា​នេះ​ក្រោម​បទ​ចោទ​គេចវេះ​ពី​ការបង់ពន្ធ​រាប់លាន​ដុល្លារ​។​



​សារព័ត៌មាន BBC បាន​ចុះផ្សាយ​ថា ព្រះរាជអាជ្ញា​ប្រទេស​អេ​ស្ប៉ា​ញ​បាន​ចោទប្រកាន់​ប្រធាន​ក្រុមបាល់ទាត់​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​ថា​អត្ត​ព​លិ​ក​ដែលមាន​ប្រាក់ខែ​ខ្ពស់​ជាងគេ​នៅលើ​ពិភពលោក​នេះ មិនបាន​បង់ពន្ធ​ចូល​រដ្ឋ​ក្នុង​ចំនួន​ទឹកប្រាក់ ១៧.៣​លាន​ដុល្លារ​អាមេរិក​គិត​ចាប់តាំងពី​ឆ្នាំ ២០១០ មក​។​

​តារា​ឆ្នើម​របស់​ក្រុម Real Madrid វ័យ ៣២​ឆ្នាំ​រូបនេះ ក៏​ធ្លាប់បាន​បដិសេធ​ការចោទប្រកាន់​នេះ​ម្តង​រួចមកហើយ ដោយ​និយាយថា "​សតិសម្បជញ្ញៈ​របស់គេ​គឺ​ច្បាស់លាស់​"​។​

​ប៉ុន្តែ​យ៉ាងណាក៏ដោយ បើ​យោងតាម​ព្រះរាជអាជ្ញា​ខាងលើ​បាន​លើកឡើងថា Ronaldo បាន​ទាញយក​ប្រយោជន៍​ពី​រចនាសម្ព័ន្ធ​ក្រុមហ៊ុន​មួយ​ដែល​បាន​បង្កើត​នៅ​ឆ្នាំ ២០១០ ដើម្បី​លាក់​ប្រាក់ចំណូល​ដែល​រកបាន​នៅ​អេ​ស្ប៉ា​ញ ដែល​នេះ​ជាការ​រំលោភបំពាន​ដោយ​ចេទនា​ពី​កាតព្វកិច្ច​សារពើពន្ធ​របស់គេ​។​

​សូមបញ្ជាក់ថា ម្ចាស់​ពាន Ballon d'Or ៤​សម័យកាល​នេះ គឺជា​កីឡាករ​បាល់ទាត់​ចុងក្រោយបង្អស់ ដែល​បន្ត​ជាប់​ពាក់ព័ន្ធ​ជាមួយ​អាជ្ញាធរ​ពន្ធដារ​អេ​ស្ប៉ា​ញ បន្ទាប់ពី Lionel Messi ត្រូវបាន​ជាប់ទោស​រយៈ​ពេល ២១​ខែ ក្រោម​បទ​ចោទ​ដូចគ្នានេះដែរ​កាលពី​ឆ្នាំមុន ក្នុង​រង្វង់​ទឹកប្រាក់​ជិត ៥​លាន​ដុល្លារ​។ តែ​ជំនួស​ឲ្យ​ការ​ជាប់ទោស តុលាការ​បានសម្រេច​ឲ្យ​ខ្សែប្រយុទ្ធ​របស់ Barcelona រូបនេះ​អាច​បង់ប្រាក់​ជិត ៣​សែន​ដុល្លារ​ដើម្បី​គេចផុត​ពី​ការជាប់​ពន្ធនាគារ​៕


Tag:
 ​បាល់ទាត់​
  Cristiano Ronaldo
  Messi
  ពន្ធដារ
© រក្សាសិទ្ធិដោយ thmeythmey.com