កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao ជា​សមាជិក​ព្រឹទ្ធសភា​ដំបូង​ដែល​ទៅ​លើកទឹកចិត្ត​ទាហាន​កំពុង​ច្បាំង​នៅ Marawi
31, Jul 2017 , 5:56 pm        
រូបភាព
Manny Pacquiao បានធ្វើ​ដំណើរ​ទៅ​លើកទឹកចិត្ត​កងទ័ព ដែល​កំពុង​ធ្វើសង្គ្រាម​ប្រឆាំង​ភេរវកម្ម​នៅ​ទីក្រុង Marawi ដោយផ្ទាល់​កាលពី​ថ្ងៃ​សៅរ៍ ទី​២៩ ខែកក្កដា​។ នេះ​បើតាម​ការចុះផ្សាយ​របស់ Rappler​។​



​កំពូល​អ្នក​ប្រដាល់ និង​ជា​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន Pacquiao បានធ្វើ​ទស្សនកិច្ច​ទៅកាន់​ក្រុង​ម៉ា​រ៉ាវី ដែល​ស្ថិតនៅលើ​កោះ​មិន​ដា​ណាវ ប្រទេស​ហ្វីលីពីន ដើម្បី​ជំរុញ​ក៏ដូចជា​លើកទឹកចិត្ត​ដល់​កងកម្លាំង​នៅ​ទីនោះ ដែល​កំពុង​ថមថយ​កំលាំង​ប្រយុទ្ធ​ជាមួយ​ក្រុម​ភេរវជន​។​

​អ្នក​ប្រដាល់ វ័យ​៣៨​ឆ្នាំ​រូបនេះ​បាន​ចំណាយពេល​ផ្ទាល់ខ្លួន និង​ប្រគល់​អំណោយ​ប​ន្តិ​បន្តួច​ដល់​ទាហាន​ដែល​កំពុង​ឈរជើង​នៅ​ទីនោះ ហើយ​និង​ចែករំលែក​សារ​របស់គេ​ដោយ​ភ្ជាប់​ខ្លួន​ជាមួយ​ក្រុម​កងទ័ព​ថែម​ទៀតផង​។​



Pacquiao គឺជា​សមាជិក​ព្រឹទ្ធសភា​ទីមួយ​ហើយ​ដែល​បានមក​កាន់​ក្រុង​ម៉ា​រ៉ា​វី ចាប់តាំងពី​មានការ​ប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​រដ្ឋា​ភិ​បាល​និង​ភេរ​វករ​អស់​រយៈពេល ៣​ខែ​មក ពោលគឺ​តាំងពី​ថ្ងៃទី ២៣ ខែឧសភា​មក​ម្លេះ​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​២៣ ខែឧសភា ក្រុម​ភេរវជន Maute ដែលមាន​ភក្តីភាព​ចំពោះ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ បាន​វាយប្រហារ​និង​ដណ្តើម​កាន់កាប់​ទីក្រុង​ម៉ា​រ៉ាវី​នេះ​។ បើ​គិត​មកដល់​ឥឡូវនេះ សមរភូមិ​ប្រយុទ្ធ​នេះ​មាន​អាយុកាល ៣​ខែ​មកហើយ​។ ប៉ុន្តែ​កងកម្លាំង​សន្តិសុខ​ហ្វីលីពីន​នៅ​បន្ត​ហ៊ុមព័ទ្ធ និង​ប្រយុទ្ធ​សស្រាក់សស្រាំ​ដើម្បី​កម្ចាត់​ក្រុម​ភេរវជន​នៅឡើយ​។ ទាហាន​នៅ​បន្ត​ប្រើប្រាស់​ការបាញ់​ផ្លោង​កាំភ្លើង​ធំ និង​វាយប្រហារ​តាមផ្លូវ​អាកាស​រៀងរាល់​ថ្ងៃ​ដើម្បី​កម្ទេច​សម្បុក​ក្រុម​ភេរវជន​។​



​តាំងពី​មានការ​ប្រយុទ្ធ​គ្នា​មក មនុស្ស​យ៉ាងហោចណាស់ ៥០០​នាក់​បាន​ស្លាប់​ក្នុងចំណោម​នោះ​មាន​ជន​ស៊ីវិល​៤៥​នាក់ និង​កងកម្លាំងប្រដាប់អាវុធ​១០៥​នាក់​ផងដែរ​។ គេ​រំពឹងថា ការប្រយុទ្ធ​គ្នា​នេះ​អាច​នឹងត្រូវ​បន្ត​អូសបន្លាយ​ជាច្រើន​ខែ​ទៅមុខទៀត​ព្រោះ​ប្រធានាធិបតី​ហ្វីលីពីន​បានដាក់​បទបញ្ជា​ឲ្យ​ទាហាន​បញ្ចៀស​ឲ្យ​បានការ​វាយប្រហារ​ដែល​អាច​គំរាមកំហែង​ជីវិត​ជន​ស៊ីវិល​៕


Tag:
 ​ប្រដាល់​
  Marawi
  Manny Pacquiao
© រក្សាសិទ្ធិដោយ thmeythmey.com