កីឡាអន្តរជាតិ
អន្តរជាតិ
Matic ទៅ Man Utd ព្រោះ​ចង់​លេង​ក្រោម​ការដឹកនាំ​របស់ Mourinho
01, Aug 2017 , 11:10 am        
រូបភាព
​ក្រុម​បិសាច​ក្រហម Manchester United បានបញ្ចប់​ការផ្ទេរ​យក Nemanja Matic ពី Chelsea រួចរាល់​ហើយ​ក្នុងតម្លៃ​ខ្លួន ៤០ លាន​ផោន ប្រមាណ ៥២​លាន​ដុល្លារ​ក្នុង​កិច្ចសន្យា​រយៈពេល ៣ ឆ្នាំ​។ នេះ​បើតាម​វេ​ប​សាយ​ផ្លូវការ​របស់ Manchester United ចុះផ្សាយ ថ្ងៃ​៣១ ខែកក្កដា​។​



«​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​បាន​ចូលរួម​ជាមួយ​ក្រុម Manchester United និង​ធ្វើការ​ជាមួយ​អ្នកចាត់ការ​ទូទៅ Jose Mourinho ជាថ្មី​ម្តងទៀត ហើយ​នេះ​គឺជា​ឱកាស​មួយ​ដែល​ខ្ញុំ​មិនអាច​បដិសេធ​បាន​។​» នេះ​ជាការ​លើកឡើង​របស់ Matic​។​



​ខ្សែបម្រើ​សញ្ជាតិ​ស៊ែ​ប វ័យ​២៩​ឆ្នាំ ជា​សមាជិក​ទី​៣ ហើយ​ដែល​លោក Mourinho យកមក​កាន់​ទឹកដី Old Trafford រដូវ​កាល​នេះ បន្ទាប់ពី​យកបាន Victor Lindelof ពី Benfica និង​ខ្សែប្រយុទ្ធ Romelu Lukaku ពី​ក្លឹប Everton​។​

Matic ធ្លាប់ជា​កូនក្រុម​របស់​អ្នកចាត់ការ​រហស្សនាម The Special One កាលពី​នៅ Chelsea ក្រោយ​ផ្ទេរ​ពី Benfica មកកាន់​ទឹកដី Stamford Bridge កាលពី​ឆ្នាំ​២០១៤​។ រយៈពេល ៣​រដូវ​កាល រូបគេ​បង្ហាញខ្លួន​ឲ្យ​ក្រុម​ម្ចាស់​ជើងឯក Premier League រដូវ​កាល ២០១៦-២០១៧ បាន​១២១ ប្រកួត​និង​រកបាន​៤​គ្រាប់ ក្នុងនាម​ជា​ខ្សែបម្រើ​ការពារ​កណ្តាល​។​
​ក្រោយ​ការមកដល់​របស់ Matic អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៥៤​ឆ្នាំ បាន​សរសើរ​កីឡាករ​នេះ​ថា ជា​កីឡាករ​បាល់ទាត់​ដែលមាន​ភាពស្មោះត្រង់ និង​មាន​មហិច្ឆតា​៕



Tag:
 បាល់ទាត់​
  Manchester United
  Nemanja Matic
  Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com