ជាតិ
ពីនេះ ពីនោះ
តើពាក្យងារជា «សម្តេច» មានន័យដូចម្តេច? 
×![]()
ងារជា «សម្តេច» មិនមែនមន្ត្រីគ្រប់រូបដែលបម្រើប្រទេសជាតិ ចេះតែទទួលបានដោយងាយៗនោះទេ។ ពាក្យថា «សម្តេច» នេះ ត្រូវបានសាធារណជនគោរព និងឱ្យតម្លៃទៅលើមន្ត្រីរូបណាដែលបានលះបង់បូជាកម្លាំងកាយ កម្លាំងចិត្ត បម្រើប្រទេសជាតិពិតប្រាកដ ឬបានកសាងស្នាដៃអ្វីមួយដែលជាប្រយោជន៍ធំធេងសម្រាប់មាតុភូមិ។ តើពាក្យ«សម្តេច»នេះមានអត្ថន័យយ៉ាងដូចម្តេច?
ពាក្យ «សម្តេច» ដែលជានាមសព្ទមានន័យថា លោកអ្នកមានតេជះច្រើន, លោកអ្នកមានបុណ្យមានអំណាចធំ ។ បើជាគុណសព្ទមានន័យថា ខ្ពង់ខ្ពស់, ឧដុង្គឧត្ដម, ថ្កើងស័ក្ដិ ថ្កើងអំណាច, ថ្កើងថ្កាន។ (សមតែនឹងយល់ថាក្លាយមកពី បា. សំ + តេជ ឬ សំ. សំតេជស៑ "ដែលមានតេជះខ្លាំង" ព្រោះខ្មែរបុរាណសរសេរជា សម្ដេជ ក៏មាន) ។ នេះបើតាមសេចក្តីពន្យល់នៅក្នុងវចនានុក្រមខ្មែរសម្តេច ជួន ណាត។
ម្យ៉ាងទៀតពាក្យនេះ សម្រាប់ប្រើបន្ថែមលើព្រះនាម ឬលើឋានន្ដរក្សត្រិយ៍ មន្ត្រីស័ក្តិខ្ពស់។ ឧទាហរណ៍៖ ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី..., សម្ដេចព្រះមហាក្សត្រិយានី; សម្ដេចព្រះឧបយុវរាជ; សម្ដេចព្រះឧភយោរាជ; សម្ដេចព្រះវររាជជននី; សម្ដេចព្រះមហាឧបរាជ; សម្ដេចព្រះសង្ឃរាជ; សម្ដេចព្រះរៀម; សម្ដេចព្រះអនុជ ។ ល ។ សម្ដេចចៅពញា ឋានន្ដរសេនាបតីទី ១ សម្រាប់ទោ ( មានតែពីក្នុងបុរាណ ) ។ ល៕
© រក្សាសិទ្ធិដោយ thmeythmey.com