ជាតិ
រកឃើញ​សត្វ​ត្រ​យ៉ង​យក្ស​ជិត​ផុត​ពូជ ១៩​សំបុក នៅ​ខេត្តព្រះវិហារ​
02, Aug 2017 , 7:19 pm        
រូបភាព
​ភ្នំពេញ​៖ សត្វ​ត្រ​យ៉ង​យក្ស ដែល​កំពុង​ជិត​ផុត​ពូជ ចំនួន​១៩​សំបុក ត្រូវបាន​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) និង​ក្រសួងបរិស្ថាន រកឃើញ​នៅក្នុង​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​។



​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) បាន​ឲ្យ​ដឹងថា សំបុក​សត្វ​ត្រ​យ៉ង​យក្ស ដែល​បាន​រកឃើញ​នេះ ត្រូវបាន​ក្រុម​សមាជិក​សហគមន៍ និង​ក្រុម​អភិរក្ស កំពុង​ការពារ និង​ត្រួតពិនិត្យ​ទីតាំង​សំបុក​ទាំងនោះ ដើម្បី​បញ្ចៀស​ការរំខាន​ពី​មនុស្ស សត្វ និង​កត្តា​គំរាមកំហែង​ផ្សេងៗ​ទៀត ។ សំបុក​សត្វ​ត្រ​យ៉ង​យក្ស​ចំនួន​១៩​នេះ ត្រូវបាន​គេ​រកឃើញ​ទីតាំង​ស្ថិតនៅ​ដែនជម្រកសត្វព្រៃ​ឆែប ចំនួន​១៤​សំបុក និង ចំនួន​៥​សំបុក​ទៀត នៅក្នុង​ដែនជម្រកសត្វព្រៃ​គូលែន ព្រហ្ម​ទេព ក្នុង​ខេត្តព្រះវិហារ​។​



​បន្ថែម​ពីនេះ ប្រធាន​ក្រុម​ស្រាវជ្រាវ​សត្វព្រៃ​ប្រចាំ​ដែនជម្រកសត្វព្រៃ​ឆែប​នៃ​ក្រសួងបរិស្ថាន និង​អង្គការ WCS លោក ថោង សុខា បាន​និយាយថា​៖«​ក្រុម​ស្រាវជ្រាវ​កំពុងធ្វើការ​ជាមួយ​សមាជិក​សហគម​ន៍ ដើម្បី​ត្រួតពិនិត្យ និង​ការ​សំបុក​ដែល​បាន​រកឃើញ​នេះ ហើយ​យើង​ក៏​កំពុងតែបន្ត​ស្វែងរក​សំបុក​សត្វ​ត្រ​យ៉ង​យក្ស​ថ្មីៗ​ទៀត នៅក្នុង​ដែនជម្រកសត្វព្រៃ​ទាំងពីរ​នេះ​។ យើង​រំពឹងថា នឹងមាន​សំបុក​សត្វ​ត្រ​យ៉ង​យក្ស​ថ្មី​បន្ថែមទៀត​នៅក្នុង​ដែនជម្រកសត្វព្រៃ​ទាំងពីរ​នេះ ពីព្រោះ​រដូវ​ការបន្ត​ពូជ​របស់​ពួកវា ចាប់ពី​ខែមិថុនា ដល់​ខែកញ្ញា​ខាងមុខ​»​។​

​សត្វ​ត្រ​យ៉ង​យក្ស ដែលជា​សត្វ​ស្លាប​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ស្ថិតនៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​សត្វ​រងគ្រោះ​ជិត​ផុត​ពូជ​បំផុត​នៅលើ​សាកលលោក​។ សត្វ​ត្រ​យ៉ង​យក្ស មាន​វត្តមាន​រស់នៅ​តែ​ក្នុងប្រទេស​កម្ពុជា និង​ឡាវ ប៉ុណ្ណោះ នៅលើ​សាកលលោក​។ សត្វ​ត្រ​យ៉ង​យក្ស​ពេញវ័យ​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា មាន​ចំនួន​តែ​១៩៤​ក្បាល​ប៉ុណ្ណោះ នៅលើ​ពិភពលោក ក្នុងចំណោម​សត្វ​ទាំង​១៩៤​ក្បាល​នេះ គេ​ប៉ាន់ប្រមាណ​ថា សត្វ​ត្រ​យ៉ង​យក្ស ៩៩​ភាគរយ មាន​វត្ត​មាននៅ​កម្ពុជា ដែល​ធ្វើ​ឲ្យ​កម្ពុជា ក្លាយជា​ប្រទេស ដែលមាន​តួនាទី​សំខាន់​ជាងគេ ក្នុងការ​អភិរក្ស​ប្រភេទ​កម្រ​នេះ កុំ​ឲ្យ​បាត់បង់​ពី​ផែនដី​៕

សូមទស្សនាវីដេអូ៖










Tag:
 សត្វ​ត្រ​យ៉ង​យក្ស​
  WCS
© រក្សាសិទ្ធិដោយ thmeythmey.com