Ronaldo៖ «​ភាព​លេចធ្លោ​របស់ខ្ញុំ ធ្វើ​ឲ្យ​រំខាន​ដល់​អ្នកដទៃ​»
កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo៖ «​ភាព​លេចធ្លោ​របស់ខ្ញុំ ធ្វើ​ឲ្យ​រំខាន​ដល់​អ្នកដទៃ​»
02, Aug 2017 , 7:39 pm        
រូបភាព
​ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម Real Madrid កីឡាករ Cristiano Ronaldo បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១ ខែសីហា ក្រោយពី​ចូលខ្លួន​នៅ​តុលាការ​ជុំវិញ​ករណី​ពន្ធដារ​ថា "​ភាពលេច​ធ្លោ​" របស់គេ បានធ្វើ​ឲ្យ​រំខាន និង​មានការ​ច្រណែន​ពី​មនុស្ស​មួយចំនួន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Rappler​។​



​មួយថ្ងៃ​បន្ទាប់ពី​ចូលខ្លួន​នៅក្នុង​សវនាការ និង​ត្រូវ​ចៅក្រម​អេ​ស្ប៉ា​ញ​សួរចម្លើយ ក្រោម​បទ​ចោទ​គេចវេះ​បង់ពន្ធ​ក្នុង​រង្វង់​ទឹកប្រាក់​ជាង ១៧​លាន​ដុល្លារ​នោះ ប្រធាន​ក្រុមបាល់ទាត់​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​បាន​បង្ហោះ​សារ​មួយ​លើ​បណ្តាញ​សង្គម Instagram ជា​ភាសា​ព័រ​ទុយ​ហ្គា​ល់​ថា​ភាពល្បីល្បាញ​របស់ខ្លួន បានធ្វើ​ឲ្យ​រំខាន​ដល់​អ្នក​ដ៏​ទៃ និង​មានការ​ច្រណែន​មកលើ​រូបគេ​។

​ក្នុង​សំណេរ​ខ្លី​នោះ Ronaldo បាន​ប្រៀបធៀប​ខ្លួន​ទៅនឹង​ចង្កៀង​ដែល​កំពុង​ភ្លឺ ហើយ​មាន​សត្វល្អិតៗ​ជាច្រើន​ចោមរោម​ចង្កៀង​នោះ ប្រៀបបាន​នឹង​មនុស្ស​ដែល​កំពុង​គិត​ទៅលើ​រូបគេ​អ៊ីចឹង​ដែរ​។​
 
O que incomoda as pessoas é o meu brilho, insetos só atacam lâmpadas que brilham!!!! A post shared by Cristiano Ronaldo (@cristiano) on Aug 1, 2017 at 7:31am PDT

​អតីត​សមាជិក​ក្រុម​បិសាច​ក្រហម វ័យ​៣២​ឆ្នាំ​រូបនេះ បាន​ចំណាយពេល ៩០​នាទី​ដើម្បី​ផ្តល់​ចំលើយ​នៅ​តុលា ដោយ​មានការ​ស៊ើបសួរ​ពី​ចៅក្រម​ក្នុង​សវនាការ នាទី​ក្រុង Pozuelo de Alarcon ប្រទេស​អេ​ស្ប៉ា​ញ​។​

​ព្រះរាជអាជ្ញា​បាន​ចោទ Ronaldo ថា​មិនបាន​បង់ពន្ធ​ចូល​រដ្ឋ ក្នុង​ចំនួន​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដោយ​ទាញយក​ប្រយោជន៍​ពី​រចនាសម្ព័ន្ធ​ក្រុមហ៊ុន​មួយ​ដែល​បាន​បង្កើត​នៅ​ឆ្នាំ ២០១០ ដើម្បី​លាក់​ប្រាក់ចំណូល​ដែល​រកបាន​នៅ​អេ​ស្ប៉ា​ញ ដែល​នេះ​ជាការ​រំលោភបំពាន​ដោយ​ចេទនា​ពី​កាតព្វកិច្ច​សារពើពន្ធ​របស់គេ​។​

តែ​យ៉ាងណាក៏ដោយ​ជុំវិញ​ករណី​ខាងលើ ម្ចាស់​ពាន Ballon d'Or ៤​សម័យកាល បាន​ច្រាល​ចោលការ​ចោទប្រកាន់​នេះ ដោយ​ប្រាប់​តុលាការ​វិញ​ថា គេ​មិនដែល​លាក់បាំង​អ្វី​ទាំងអស់ ហើយក៏​មិនមាន​ចេតនា​គេចវេះ​ពី​ការបង់ពន្ធ​នេះដែរ​៕


Tag:
 ​បាល់ទាត់​
  Cristiano Ronaldo
  ពន្ធដារ
© រក្សាសិទ្ធិដោយ thmeythmey.com