កីឡាអន្តរជាតិ
អន្តរជាតិ
​អាជ្ញាកណ្តាល​ដែល​ធ្លាប់​កាត់ក្តី​នៅ​កម្ពុជា រង​ការរើសអើង​ជាតិ​សាសន៍​ក្រោយ​ជំនួប Chelsea-Inter Milan
02, Aug 2017 , 4:06 pm        
រូបភាព
លោកអាជ្ញាកណ្តាល Sukhbir Singh ពេលកាត់ក្តីនាជំនួប កម្ពុជា​-ជប៉ុន វគ្គជម្រុះ AFC U23
លោកអាជ្ញាកណ្តាល Sukhbir Singh ពេលកាត់ក្តីនាជំនួប កម្ពុជា​-ជប៉ុន វគ្គជម្រុះ AFC U23
​លោក​អាជ្ញាកណ្តាល Sukhbir Singh ត្រូវបាន​រិះគន់ និង​រើសអើង​ពូជសាសន៍​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ក្រោយ​កាត់ក្តី​ការប្រកួត​រវាង Chelsea និង Inter Milan ពាន ICC កំដៅ​សាច់ដុំ​មុន​បើក​រដូវ​កាល​ថ្មី​ក្នុងប្រទេស​សិង្ហ​បុរី កាលពី​ថ្ងៃ​២៩ ខែកក្កដា​កន្លងទៅ​។ អាជ្ញាកណ្តាល​ជនជាតិ​សិង្ហ​បុរី​រូបនេះ ក៏​ធ្លាប់​មក​កាត់សេចក្តី​ការប្រកួត​រវាង​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា និង​ជប៉ុន នៃ​វគ្គ​ជម្រុះ​ពាន AFC ក្រោម​អាយុ​២៣​ឆ្នាំ​ផងដែរ​។​



 ​បើតាមការចុះផ្សាយរបស់ Sky Sports អង្គភាព​ប្រឆាំង​ការរើសអើង​ជាតិ​សាសន៍ Kick It Out ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស កំពុង​ស៊ើបអង្កេត​រកមុខ​អ្នក​ដែល​រំលោភសិទ្ធិ និង​រើសអើង​ជាតិ​សាសន៍​ចំពោះ​អាជ្ញាកណ្តាល​សិង្ហ​បុរី​លោក Sukhbir Singh នៅលើ​អ៊ីនធឺណិត​។​



Singh ត្រូវបាន​រិះគន់​ជុំវិញ​ការ​កាត់សេចក្តី​ដោយ​ផ្តល់​បាល់​ពិន័យ​១១​ម៉ែត្រ​ទៅ​ឲ្យ​ខ្សែប្រយុទ្ធ Stefan Jovetic របស់​ក្រុម Inter Milan ដែល​រារាំង​ដោយ​ខ្សែការពារ Cesar Azpilicueta របស់ Chelsea និង​មួយ​គ្រាប់​ទៀត​ដែលជា​បាល់ offside របស់ Michy Batshuayi ក្នុងការ​ប្រកួត​ដែល Inter Milan យកឈ្នះ​ក្រុម​លោក Antonio Conte ២-១​។​



​អាជ្ញាកណ្តាល​ដែលមាន​សញ្ជាតិ​ដើម​ឥណ្ឌា វ័យ​៣៣​ឆ្នាំ​រូបនេះ ក៏​ធ្លាប់​មក​កម្ពុជា​ដើម្បី​កាត់ក្តី​ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​ពូ​ល J ដែល​ក្រុម​កម្ពុជា ចាញ់ ជប៉ុន ២-០ នៃ​ព្រឹត្តិការណ៍ AFC U23 Championship 2018 នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក កាលពី​ថ្ងៃទី ២១ ខែកក្កដា កន្លងទៅ​ផងដែរ​៕





Tag:
 បាល់ទាត់​
  Sukhbir Singh
  ICC
© រក្សាសិទ្ធិដោយ thmeythmey.com