ជាតិ
សេដ្ឋកិច្ច
មជ្ឈមណ្ឌល​ផ្ដល់ព័ត៌មាន​អាជីវកម្ម លើកដំបូង​នៅ​កម្ពុជា ត្រូវបាន​សម្ពោធ​
03, Aug 2017 , 10:39 pm        
រូបភាព
មជ្ឈមណ្ឌលសេវាអាជីវកម្ម
មជ្ឈមណ្ឌលសេវាអាជីវកម្ម
ដោយ:
​ភ្នំពេញ​៖ «​មជ្ឈមណ្ឌល​សេវាកម្ម​អាជីវកម្ម​» ដែល​ត្រូវបាន​បង្កើតឡើង​ដំបូង​គេ​នៅ​កម្ពុជា ត្រូវបាន​សម្ពោធ​ឲ្យ​ប្រើប្រាស់ នៅ​ថ្ងៃទី​៣​ខែសីហា​នេះ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ព័ត៌មាន និង​សេវាកម្ម​ផ្សេង​ទាក់ទង​នឹង​ដំណើរការ​អាជីវកម្ម​នៅ​កម្ពុជា​។



​ការបង្កើត​មជ្ឈមណ្ឌល​នេះ​ឡើង ត្រូវបាន​ផ្ដួចផ្ដើម​ដោយ​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា (YEAC) រួមទាំង​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង​រដ្ឋាភិបាល​អូស្ត្រាលី ដែលជា​អ្នកផ្ដល់​មូលនិធិ និង​ជំនួយ​បច្ចេកទេស តាមរយៈ​គម្រោង​អភិវឌ្ឍន៍​អាជីវកម្ម​ប្រចាំ​តំបន់​ទន្លេមេគង្គ (MBI) ។ ប៉ុន្តែ​ចាប់ពី​ពេល​ដាក់​សម្ពោធ​តទៅ មជ្ឈមណ្ឌល​សេវាកម្ម​អាជីវកម្ម (BIC)  នឹងត្រូវ​ស្វែង​មូលនិធិ​ដោយ​ខ្លួនឯង ដើម្បី​និរន្តរភាព​របស់ខ្លួន​។

BIC ជា​មជ្ឈមណ្ឌល​ប្រមូលផ្ដុំ​ទិន្នន័យ និង​ចែកចាយ​តាមរយៈ​វេ​ប​សៃយ៍ ពាក់ព័ន្ធ​នឹង​ដំណើរការ អាជីវកម្ម​។ មជ្ឈមណ្ឌល​នេះ​ក៏​ផ្ដល់ព័ត៌មាន​អំពី​តម្រូវការ និង​ឱកាស​ទីផ្សារ ព្រមទាំង​ចែកចាយ​ព័ត៌មាន​ព្រឹ​ត្ត​ការណ៍​ពាណិជ្ជកម្ម​ផ្សេងៗ​។ វេ​ប​សៃយ៍​របស់​មជ្ឈមណ្ឌល (www.bizinfo.center) ដែល​បើក​ជា​សាធារណ​ដោយ​ឥតគិតថ្លៃ​នេះ នឹង​ដំណើរការ​ពេញលេញ​នៅ​ខែតុលា​ខាងមុខនេះ​។

​នៅ​ដើម​ឆ្នាំក្រោយ មជ្ឈមណ្ឌល​នេះ​នឹង​បង្កើត​ផ្នែក​មួយទៀត​សម្រាប់​ផ្ដល់ព័ត៌មាន​សេវាកម្ម ដែល​មជ្ឈមណ្ឌល​នឹង​ដើរតួ​ជា​អ្នក​ត​ភ្ជាប់​រវាង​សហគ្រាស​ដែល​ត្រូវការ​សេវា និង​ក្រុមហ៊ុន​ផ្ដល់​សេវា​ផ្សេង ដូចជា សេវា​ផ្នែក​ពន្ធ ច្បាប់ គណនេយ្យ ធនធានមនុស្ស​ជាដើម​។ នេះ​បើតាម​លោក ស៊ឹម ចាន់​គី​រី​រ័ត្ន ប្រធាន​គណៈកម្មាការ​ស​ហ​គ្រាស​ធុន​តូច និង​មធ្យម​នៃ​សមាគម YEAC ។ លោក​បញ្ជាក់ថា ចំពោះ​សេវា​នេះ មជ្ឈមណ្ឌល​នឹង​គិត​ប្រាក់​ពី​អតិថិជន​។ មជ្ឈមណ្ឌល​ក៏​នឹងមាន​ផ្ដល់​សេវា​ត្រួតពិនិត្យ​លើ​ការបំពេញ​បែ​បទ​របស់​សហគ្រាស​ផងដែរ​៕


Tag:
 មជ្ឈមណ្ឌល​សេវាកម្ម​អាជីវកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com