កីឡាអន្តរជាតិ
អន្តរជាតិ
១​វិនាទី Neymar រកបាន​ចំណូល​ជាង​១​ដុល្លារ​អាមេរិក​នៅ PSG សម្រាប់​រយៈពេល​៥​ឆ្នាំ​
04, Aug 2017 , 10:32 am        
រូបភាព
ដោយ: រួបរួម
​ទីបំផុត Neymar បាន​ក្លាយជា​កីឡាករ​ផ្លូវការ​របស់​ក្លិប​បារាំង Paris Saint Germain ក្នុងតម្លៃ​ខ្លួន​ដ៏​ខ្ពស់កប់ពពក ពោលគឺ​២២២​លាន​អឺរ៉ូ (​ជាង​២៦០​លាន​ដុល្លារ​អាមេរិក​) ពី​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Barcelona​។ ក្លិប​ដែលមាន​មូលដ្ឋាន​នៅ​ក្រុងប៉ារីស បានប្រកាសថា ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល​រូបនេះ បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល​៥​ឆ្នាំ កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​



Neymar អាយុ​២៥​ឆ្នាំ បាន​បំបែក​កំណត់ត្រា​របស់​ខ្សែបម្រើ​បារាំង Paul Pogba ដែល​ផ្ទេរ​ពី Juventus ទៅ Manchester United វិញ​ក្នុងតម្លៃ​ខ្លួន​៨៩​លាន​ផោន (​ជាង​១១៧​លាន​ដុល្លារ​អាមេរិក​) កាលពី​ខែសីហា ឆ្នាំ​២០១៦ ។

​បើតាម​ការ​គណនា​សមាគម​សារព័ត៌មាន Press Association (PA) ដែល​ប្រតិបត្តិការ​នៅ​អង់គ្លេស និង​អៀរ​ឡង់ បន្ទាប់ពី​ការបង់ពន្ធ​រួច ក្នុងនាម​ជា​កីឡាករ PSG, Neymar អាច​បាន​ចំណូល ១.១៦​ដុល្លារ​ក្នុង​១​វិនាទី ៧០​ដុល្លារ​ក្នុង​១​នាទី ៤២០០.៣២​ដុល្លារ​ក្នុង​១​ម៉ោង ១០០ ៨០៧.៦២​ដុល្លារ​ក្នុង​១​ថ្ងៃ ៧០៥ ៦៥៣.៣៧​ដុល្លារ​ក្នុង​១​សប្តាហ៍ ៣ ០៥៧ ៨៣០.៤០ ដុល្លារ​ក្នុង​១​ខែ និង​៣៦ ៦៩៣ ៩៧៥.២៧​ក្នុង​១​ឆ្នាំ​។​

Neymar នឹង​នៅ​ជាមួយ PSG រហូតដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ ។ Neymar បាន​និយាយ​ឃ្លា​ដំបូង​ក្នុងនាម​ជា​កីឡាករ PSG ថា «PSG ជា​ក្លិប​ដ៏​មាន​មហិច្ឆតា​ខ្ពស់​ជាងគេ​នៅ​អឺរ៉ុប​»​។ ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល ត្រូវ​នៅ​ជាមួយ​ក្លិប​ដែលមាន​មូលដ្ឋាន​នៅ​ក្រុងប៉ារីស រហូតដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ ។​

​ជា​រឿង​ដែល​គួរ​ឲ្យ​ហួសចិត្ត​បំផុត​ដែល​អាជីវកម្ម​មួយ​មានតម្លៃ​រហូតដល់​ទៅ​២២២​លាន​អឺរ៉ូ (​ជាង​២៦០​លាន​ដុល្លារ​អាមេរិក​) លើ​ការផ្ទេរ​កីឡាករ​ម្នាក់​។ នៅមុន​ការផ្ទេរ​ដ៏​ចម្រូងចម្រាស់​នេះ ថ្នាក់ដឹកនាំ​នៃ​ក្របខណ្ឌ La Liga អេ​ស្ប៉ា​ញ បាន​ចោទប្រកាន់ PSG ថា បាន​រំលោភ​គោលការណ៍​ហិរញ្ញវត្ថុ Financial Fair Play (FFP) របស់​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប​។​

​ទោះបីជា​យ៉ាងណាក៏ដោយ នៅ​អេ​ស្ប៉ា​ញ ករណី​មួយ​ដែល​មិនអាច​ចង​កីឡាករ​ក្នុង​កិច្ចសន្យា​បាន​នោះ គឺ Release Clause [​ការផ្តាច់​កិច្ចសន្យា​] ដោយសា​ម៉ី​កីឡាករ​ផ្ទាល់​។ របាយការណ៍​បាន​បង្ហាញថា Neymar បាន​បង់ប្រាក់​ចំនួន​២២២​លាន​អឺរ៉ូ (​ជាង​២៦០​លាន​ដុល្លារ​អាមេរិក​) ទៅ​ក្លិប Barcelona ដើម្បី​ផ្តាច់​កិច្ចសន្យា មុននឹង​ទៅ​ចូលរួម​ជាមួយ PSG​។​

​តើ Neymar បាន​លុយ​នោះ​ពី​ណា​? ក្របខណ្ឌ La Liga នៅតែ​ចោទប្រកាន់ PSG ពីបទ​រំលោភ​គោលការណ៍ Fair Play លើ​ផ្នែក​ហិរញ្ញវត្ថុ ខណៈ​ក្លិប PSG របស់​មហាសេដ្ឋី​កាតា Nasser Al-Khelaifi រួមទាំង​សហព័ន្ធ​កីឡាបាល់ទាត់​បារាំង បាន​អះអាងថា ពួកគេ​មិនបាន​រំលោភបំពាន​ច្បាប់ UEFA នោះឡើយ​៕


Tag:
 Neymar
  Barcelona
  PSG
© រក្សាសិទ្ធិដោយ thmeythmey.com