កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ចង់ត្រឡប់ទៅអង់គ្លេសវិញ ព្រោះធុញទ្រាន់បញ្ហាពន្ធនៅអេស្ប៉ាញ
×
ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានបង្ហាញថារូបគេចង់វិលត្រឡប់មកអង់គ្លេសវិញ ស្របពេលដែលកំពុងមានបញ្ហាជុំវិញករណីចោទប្រកាន់ពីការគេចពន្ធនៅអេស្ប៉ាញ។
សារព័ត៌មាន DailyMail បានផ្សាយថា ប្រធានក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ បានសារភាពថារូបគេចង់ចាកចេញពី Real Madrid ហើយត្រលប់ទៅប្រទេសអង់គ្លេសវិញ នៅប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលត្រូវជួបក្រុមចាស់របស់គេ Manchester United ក្នុងការប្រកួតដណ្តើមពាន UEFA Super Cup នៅថ្ងៃទី៨ ខែសីហាខាងមុខនេះ។
មូលហេតុដែល Ronaldo ចង់ចាកចេញក្រុមស្តេចសរ ទៅកាន់ក្រុមនៅអង់គ្លេសវិញនោះ ដោយសារ ព្រះរាជអាជ្ញានៃប្រទេសអេស្ប៉ាញបានចោទប្រកាន់រូបគេម្តងជាពីរដងថា មិនបានបង់ពន្ធចូលរដ្ឋក្នុងចំនួនទឹកប្រាក់ ១៧.៣លានដុល្លារ គិតចាប់តាំងពីឆ្នាំ ២០១០ មក។
វិទ្យុអេស្ប៉ាញ Cadena Ser បានផ្សាយសម្តីរបស់ខ្សែប្រយុទ្ធ វ័យ៣២ឆ្នាំនេះ ដែលបានប្រាប់តុលាការ នៅក្នុងសវនាការថា៖«ខ្ញុំមិនដែលលាក់បាំងអ្វីទាំងអស់ហើយខ្ញុំក៏មិនមានចេតនាគេចវេះពីការបង់ពន្ធនេះដែរ។ ខ្ញុំតែងតែបង់ពន្ធតាមប្រាក់ចំណូលរបស់ខ្ញុំជានិច្ច ព្រោះខ្ញុំមិនចង់មានបញ្ហានោះទេ»។
អតីតសមាជិកក្រុមបិសាចក្រហមបានបន្ថែមទៀតថា៖«ខ្ញុំមិនដែលមានបញ្ហានៅអង់គ្លេសទេ…នេះហើយជាមូលហេតុដែលខ្ញុំចង់ត្រឡប់ទៅប្រទេសអង់គ្លេសវិញ»។
យ៉ាងណាក៏ដោយ ស្របពេលការចង់ចាកចេញរបស់ម្ចាស់ពាន Ballon d'Or ៤សម័យនេះ អ្នកចាត់ការទូទៅក្រុមម្ចាស់ជើងឯក Champion League រដូវកាលមុនលោក Zinedine Zidane ក៏មានបំណងចង់លក់ខ្សែប្រយុទ្ធ Karim Benzema, Ronaldo នេះ និង Gareth Bale នៅរដូវក្តៅនេះផងដែរ ដើម្បីបានប្រាក់ទិញខ្សែប្រុយ្ធវ័យក្មេង Kylian Mbappe ពី Monaco ក្នុងតម្លៃ១៨០ លានអឺរ៉ូ (ប្រហែល ២១១លានដុល្លារអាមេរិក)៕
Tag:
បាល់ទាត់
Cristiano Ronaldo
ព័ន្ធដារ
© រក្សាសិទ្ធិដោយ thmeythmey.com