កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ចង់​ត្រឡប់ទៅ​អង់គ្លេស​វិញ ព្រោះ​ធុញទ្រាន់​បញ្ហា​ពន្ធ​នៅ​អេ​ស្ប៉ា​ញ​
05, Aug 2017 , 12:24 pm        
រូបភាព
 
​ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo បាន​បង្ហាញថា​រូបគេ​ចង់​វិល​ត្រឡប់មក​អង់គ្លេស​វិញ ស្រប​ពេលដែល​កំពុងមាន​បញ្ហា​ជុំវិញ​ករណី​ចោទប្រកាន់​ពី​ការ​គេចពន្ធ​នៅ​អេ​ស្ប៉ា​ញ​។​


​សារព័ត៌មាន DailyMail បាន​ផ្សាយ​ថា ប្រធាន​ក្រុមបាល់ទាត់​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ បាន​សារភាពថា​រូបគេ​ចង់​ចាក​ចេញពី Real Madrid ហើយ​ត្រលប់​ទៅ​ប្រទេស​អង់គ្លេស​វិញ នៅ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុនពេល​ត្រូវ​ជួប​ក្រុម​ចាស់​របស់គេ Manchester United ក្នុង​ការប្រកួត​ដណ្តើមពាន UEFA Super Cup នៅ​ថ្ងៃទី​៨ ខែសីហា​ខាងមុខនេះ​។​
 
​មូលហេតុ​ដែល Ronaldo ចង់​ចាកចេញ​ក្រុម​ស្តេច​សរ ទៅកាន់​ក្រុម​នៅ​អង់គ្លេស​វិញ​នោះ ដោយសារ ព្រះរាជអាជ្ញា​នៃ​ប្រទេស​អេ​ស្ប៉ា​ញ​បាន​ចោទប្រកាន់​រូបគេ​ម្តង​ជា​ពីរដង​ថា មិនបាន​បង់ពន្ធ​ចូល​រដ្ឋ​ក្នុង​ចំនួន​ទឹកប្រាក់ ១៧.៣​លាន​ដុល្លារ គិត​ចាប់តាំងពី​ឆ្នាំ ២០១០ មក​។​
 
​វិទ្យុ​អេ​ស្ប៉ា​ញ Cadena Ser បាន​ផ្សាយ​សម្តី​របស់​ខ្សែប្រយុទ្ធ វ័យ​៣២​ឆ្នាំនេះ ដែល​បាន​ប្រាប់​តុលាការ នៅក្នុង​សវនាការ​ថា​៖«​ខ្ញុំ​មិនដែល​លាក់បាំង​អ្វី​ទាំង​អស់ហើយ​ខ្ញុំ​ក៏​មិនមាន​ចេតនា​គេចវេះ​ពី​ការបង់ពន្ធ​នេះដែរ​។ ខ្ញុំ​តែងតែ​បង់ពន្ធ​តាម​ប្រាក់ចំណូល​របស់ខ្ញុំ​ជានិច្ច ព្រោះ​ខ្ញុំ​មិន​ចង់​មាន​បញ្ហា​នោះទេ​»​។ 
​អតីត​សមាជិក​ក្រុម​បិសាច​ក្រហម​បាន​បន្ថែមទៀតថា​៖«​ខ្ញុំ​មិនដែល​មាន​បញ្ហា​នៅ​អង់គ្លេស​ទេ​…​នេះហើយ​ជា​មូលហេតុ​ដែល​ខ្ញុំ​ចង់​ត្រឡប់​ទៅ​ប្រទេស​អង់គ្លេស​វិញ​»​។​
 
​យ៉ាងណាក៏ដោយ ស្របពេល​ការចង់​ចាកចេញ​របស់​ម្ចាស់​ពាន Ballon d'Or ៤​សម័យនេះ អ្នកចាត់ការ​ទូទៅ​ក្រុម​ម្ចាស់​ជើងឯក Champion League រដូវ​កាល​មុន​លោក Zinedine Zidane ក៏មាន​បំណង​ចង់​លក់​ខ្សែប្រយុទ្ធ Karim Benzema, Ronaldo នេះ និង Gareth Bale នៅ​រដូវក្តៅ​នេះ​ផងដែរ ដើម្បី​បាន​ប្រាក់​ទិញ​ខ្សែ​ប្រុ​យ្ធ​វ័យក្មេង Kylian Mbappe ពី Monaco ក្នុងតម្លៃ​១៨០ លាន​អឺរ៉ូ (​ប្រហែល ២១១​លាន​ដុល្លារ​អាមេរិក​)៕
 

 

Tag:
 បាល់ទាត់​
  Cristiano Ronaldo
  ព័ន្ធ​ដារ
© រក្សាសិទ្ធិដោយ thmeythmey.com