ជាតិ
តារាល្បីៗ
ក្រសួង​វប្បធម៌ សម្រេច​ប្រគល់​ចម្រៀង ៤១ បទ ទៅ​ភរិយា​លោក គ​ង្គ ប៊ុន​ឈឿន គ្រប់គ្រង​ជា​ផ្លូវការ​
05, Aug 2017 , 2:52 pm        
រូបភាព
 
​ភ្នំពេញ​៖ ចម្រៀង ៤១ បទ ដែលជា​ស្នាដៃ​តែង​និពន្ធ​របស់លោក គ​ង្គ ប៊ុន​ឈឿន ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​លោកស្រី គាត គឹម​លន ភរិយា​របស់លោក គ​ង្គ ប៊ុន​ឈឿន គ្រប់គ្រង​ជា​មរតកសាសន៍​ជា​ផ្លូវការ​។ នេះ​បើតាម​សេចក្តីសម្រេច​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កាលពី​ថ្ងៃទី​២៥ កក្កដា ហើយ​ទើបតែ​ប្រកាស​នៅពេល​ថ្មីៗ​នេះ​។​



​ការសម្រេច​របស់​ក្រសួង​វប្បធម៌ ធ្វើឡើង​ក្រោយពី​ក្រសួង​បាន​ស្រាវជ្រាវ និង​ពិនិត្យឃើញថា បទ​ចម្រៀង​ចំនួន​៤១​បទ ជា​ស្នាដៃ​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ដោយ លោក គ​ង្គ ប៊ុន​ឈឿន ។ តែ​យ៉ាងណា​ក្រសួង​វប្បធម៌ ក៏​នៅតែ​បើកឱកាស​ឲ្យ​មានការ​ប្ដឹង​ជំទាស់​ដែរ ប្រសិន​ជាមាន​បុគ្គល​ណា អាច​បញ្ជាក់​ពី​ភស្តុតាង​ផ្សេងៗ ផ្ទុយ​ពី​ក្រសួង​។ 
 
«​ក្នុងករណី​មានការ​ប្ដឹង​ជំទាស់​ដោយមាន​ភស្តុតាង​ពី​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នឹង​ត្រួតពិនិត្យ និង​សម្របសម្រួល​លើ​ការប្រគល់​សិទ្ធ​គ្រប់គ្រង​បទ​ចម្រៀង ៤១ បទ​ខាងលើ​ឡើងវិញ​»​។ នេះ​បើតាម​សេចក្តីសម្រេច​របស់លោក​ស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ។ 
 
​លោក គ​ង្គ ប៊ុន​ឈឿន ដែលជា​អ្នកនិពន្ធ​ប្រលោមលោក និង​អ្នកនិពន្ធ​បទ​ចម្រៀង​ល្បីៗ​ជាច្រើន​នៅក្នុង​ទស្សវត្សរ៍​១៩៦០​នោះ បានទទួល​មរណភាព​នៅ​ថ្ងៃទី​១៧​មេសា​ឆ្នាំ​២០១៦​នៅក្នុង​ប្រទេស​ន័​រវេ​ស​។​
 
​ស្នាដៃ​ចម្រៀង​របស់លោក គ​ង្គ ប៊ុន​ឈឿន ត្រូវបាន​គេ​ជឿថា មាន​ចំនួន​ច្រើនជាង​៤០​បទ​នេះ​។ ក៏ប៉ុន្តែ បើ​យោងតាម​នីតិវិធី ដើម្បី​ទាមទារ​គ្រប់គ្រង​ស្នាដៃ​នេះ ក្រុមគ្រួសារ​ត្រូវបាន​មាន​ឯកសារ​ច្បាស់លាស់​ដែល​បញ្ជាក់​អំពី​កម្មសិទ្ធិបញ្ញា​របស់​ម្ចាស់​បទ មុននឹង​ក្រសួង​ទទួល​ត្រួតពិនិត្យ​បន្ថែម និង​សម្រេច​នោះ​៕
 




Tag:
 គ​ង្គ ប៊ុន​ឈឿន​
  ​វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com