ជាតិ
សង្គមជាតិ
ប្រធាន​គណៈមេធាវី​លោក សួន វិសាល ថា នឹង​តាមដាន​ជម្លោះ​រវាង​មន្ត្រី​ពន្ធដារ និង​ក្រុម​មេធាវី​ដោយ​យកចិត្តទុកដាក់
06, Aug 2017 , 11:59 am        
រូបភាព
​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​៤​ខែសីហា​កន្លងមក មេធាវី​ចំនួន​ជាង​៦០​នាក់​បានដាក់​ពាក្យបណ្តឹង​ប្តឹង​លោក វ៉ាន់ ពុទ្ធិ​ពល អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ពីបទ «​ជេរប្រមាថ​ជា​សាធារណៈ​»​លើ​សមាជិក​-​សមាជិការ​គណៈមេធាវី បន្ទាប់ពី​លោក វ៉ាន់ ពុទ្ធិ​ពល តាម​គណនី​យ​ហ្វេ​ស​ប៊ុ​ក បាន​សរសេរ​ក្នុងន័យ​ប្រមាថមើលងាយ​ប្រៀបប្រដូច​សមាជិក​គណៈ​មេធាវី​ទៅនឹង​សត្វ​គោ​ដែល​ពិបាក​ដេញ​ចូល​ក្រោល​។ ទាក់ទង​ទៅនឹង​ជម្លោះ​នេះ លោក សួន វិសាល ប្រធាន​គណៈមេធាវី បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​នៅ​ថ្ងៃអាទិត្យ​នេះ​ថា លោក​នឹង​តាមដាន​ជម្លោះ​នេះ​ដោយ​យកចិត្តទុកដាក់​បំផុត​។ តែ​លោក​មិនទាន់​ដឹងថា តើ​ភាគី​ណា​ជា​ភាគី​ត្រូវ ឬ​ខុស​នៅឡើយ​ទេ​។

 
​ជម្លោះ​ពាក្យសម្តី​បាន​កើតឡើង​កាលពី​ថ្ងៃទី​៣​ខែសីហា​នៅក្នុង​អង្គសិក្ខាសាលា​ស្តីពី​«​កាតព្វកិច្ច​បង់ពន្ធ​»​របស់​សមាជិក​គណៈមេធាវី​ដោយមាន​វត្តមាន​តំណាង​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, វត្តមាន​តំណាង​ក្រសួងយុត្តិធម៌ និង​សមាជិក​គណៈមេធាវី​ជាង​២០០​នាក់​។ 
 
​នាពេល​កន្លងមក សមាជិក​គណៈមេធាវី ដែលមាន Law Firm មិនទាន់​តម្រូវ​ឲ្យ​បង់ពន្ធ​ជូន​រដ្ឋ​នៅឡើយ​ទេ​ដោយ​ច្បាប់​មិនទាន់​បានកំណត់​ឲ្យ​ច្បាស់លាស់​ទាក់ទង​ទៅនឹង​វិជ្ជាជីវៈ​សេរី​មួយ​នេះ​។ ការដែល​ច្បាប់​មិនបាន​កំណត់​ឲ្យ​មេធាវី​បង់ពន្ធ​ដោយ​យល់ឃើញថា អាជីព​មួយ​នេះ​បាន​ជួយ​ជ្រោមជ្រែង និង​ការពារ​ក្តី​ជូន​ពលរដ្ឋ​ក្រីក្រ​ជាច្រើន​នាក់​ក្នុង​មួយឆ្នាំៗ​។ នៅក្នុង​សិក្ខាសាលា​ដដែល​នោះ លោក វ៉ាន់ ពុទ្ធិ​ពល អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវបាន​គេ​អញ្ជើញ​ឲ្យ​ធ្វើ​បទ​បង្ហាញ​ស្តីពី​កាតព្វកិច្ច​បង់ពន្ធ​ជូន​សមាជិក​គណៈមេធាវី​។ ក្រោយ​ការធ្វើ​បទ​បង្ហាញ​រួច​រួល​ហើយ ក៏​ចូលដល់​វគ្គ​សំណួរ និង​ចម្លើយ​។ គឺ​នៅក្នុង​វគ្គ​នេះហើយ​ដែល​ការជជែក​គ្នា​ឡើង​តឹង​ស​សៃ​ករ​កាន់តែខ្លាំង ដោយ​ភាគី​មេធាវី បាន​ចោទប្រកាន់​លោក វ៉ាន់ ពុទ្ធិ​ពល ថា បាន​ប្រើប្រាស់​ពាក្យសម្តី​មិន​សមរម្យ​។  
 
​អ្វីដែល​កាន់តែ​ធ្វើ​ឲ្យ​ស្ថានភាព​ធ្ងន់ធ្ងរ​បន្ថែមទៀត​នោះ គឺ​ក្រោយ​សិក្ខាសាលា​បានបញ្ចប់​ទៅហើយនោះ លោក វ៉ាន់ ពុទ្ធិ​ពល បាន​សរសេរ​ឃ្លា​មួយចំនួន​នៅលើ​គណនី​យ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ក្នុង​ខ្លឹមសារ​ថា​៖«​ថ្ងៃនេះ​ថ្នាក់លើ​បាន​ប្រើ​ឲ្យ​ទៅ​ប្រមូល​គោ​បញ្ចូល​ក្រោល​ដើម្បី​ថែរក្សា​ឲ្យ​គត់មត់​។ គោ​មួយចំនួនធំ​បាន​ចូល​ក្រោល​ត្រឹមត្រូវ វៀរលែងតែ​អា​ពាល អា​ត្នោត និង​អា​ទែ​ក វា​ធ្លាប់តែ​នៅ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​នៅ​ខាងក្រៅ ដើរ​ជាន់​ដំណាំ ស៊ី​ដំណាំ​អ្នកស្រុក កៀច​មិន​ព្រម​ចូល​ក្រោល​។ មិន​ត្រឹមតែ​កៀច វា​ចង់​ជល់​ហើយ​ធាក់​ខ្ញុំ​ទៀត​។ សុំ​សួរ​ប្រិយមិត្ត តើ​អា ៣ ក្បាល​ហ្នឹង សម​នឹង​ចាក់​កន្លុះ​ឲ្យ​តឹង ហើ​សំពង​នឹង​ទំ​ពក់​រនាស់​ឲ្យ​បាក់​លោង​ទេ​? 
 
​ពាក្យពេចន៍ និង​ឃ្លាឃ្លោង​ខាងលើនេះ​ត្រូវបាន​មេធាវី​ជាង​៦០​នាក់ ចាត់ទុកថា ជាការ​ជេ​ប្រមាថ​ជា​សាធារណៈ​។ ដូច្នេះ ពួកគេ​បានដាក់​ពាក្យបណ្តឹង​ប្តឹង​លោក លោក វ៉ាន់ ពុទ្ធិ​ពល ពីបទ​ជេ​ប្រមាថ​ជា​សាធារណៈ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​០៤​ខែសីហា​កន្ល​មក​។ នៅក្នុង​ពាក្យបណ្តឹង​ដែលមាន​លោក​មេធាវី​លោក លី ច័ន្ទ​តុលា ជា​តំណាង បានទាមទារ​ជំងឺ​ចិត្ត​ម្នាក់ៗ ៤០ លាន​រៀល​ពី​លោក វ៉ាន់ ពុទ្ធិ​ពល ហើយ​មេធាវី​ប្តឹង​មាន​ចំនួន​ជាង​៦០​នាក់​។ 
 
​ទាក់ទង​ទៅនឹង​ជម្លោះ​នេះ លោក សួន វិសាល ប្រធាន​គណៈមេធាវី បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​នៅ​ថ្ងៃអាទិត្យ​នេះ​ថា លោក​នឹង​តាមដាន​ជម្លោះ​នេះ​ដោយ​យកចិត្តទុកដាក់​។ តែ​លោក​មិនទាន់​ដឹងថា តើ​ភាគី​ណា​ជា​ភាគី​ត្រូវ ឬ​ខុស​នៅឡើយ​ទេ​។ លោក វិសាល បាន​បញ្ជាក់ថា​៖«​យើង​កំពុង​សិក្សា​សម្តី​របស់​មន្ត្រី​ពន្ធដារ​ថា តើ​វា​ប៉ះពាល់​ដល់​ផ្លូវច្បាប់​កម្រិតណា​? យើង​ក៏​មិនទាន់​ហ៊ាន​និយាយថា ការប្តឹង​របស់​សមាជិក​គណៈមេធាវី ត្រូវ ឬក៏​ខុស​ដែរ​។ គណៈមេធាវី​បន្ត​តាមដាន​ដោយ​យកចិត្តទុកដាក់ បំផុត​ចំពោះ​ករណីនេះ​។ ខ្ញុំ​អាច​និយាយ​ជារួម​ថា រាល់​ការរំលោភ ឬ​មើលងាយ​វិជ្ជា ជីវៈ​មេធាវី គណៈមេធាវី​នឹង​ចាត់ការ​…»​។ លោក សួន វិសាល បានបញ្ជាក់​យ៉ាងច្បាស់​ថា ជម្លោះ​នេះ គឺជា​ជម្លោះ​រវាង​បុគ្គល​មេធាវី និង​បុគ្គល​មន្ត្រី​ពន្ធដារ ពោល គឺ​មិនមែនជា​ជម្លោះ​រវាង​គណៈមេធាវី និង​មន្ត្រី​ពន្ធដារ​ទេ​។ តែ​គណៈមេធាវី​ត្រូវតែ​តាមដាន និង​យកចិត្តទុកដាក់​ចំពោះ​រឿងនេះ​ទៅតាម​និតិ​វិធី​ផ្លូវច្បាប់​។ 
 
​រហូតមកដល់​ពេលនេះ លោក វ៉ាន់ ពុទ្ធិ​ពល អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិនទាន់បាន​បង្ហាញខ្លួន​ជា​សាធារណៈ​ដើម្បី​បំភ្លឺ​ការចោទប្រកាន់​នានា​នៅឡើយ​ទេ​៕ 
 
 
 

Tag:
 ​មេធាវី​
  សួន វិសាល
© រក្សាសិទ្ធិដោយ thmeythmey.com